Tag: គ្រោះថ្នាក់

  • Messi បន្ត​រកបាន​ច្រើន​គ្រាប់ ជួយ​ឱ្យ Inter Miami រឹងមាំ​មិន​ងាយ​ដួល​នៅ​ Leagues Cup

    Messi បន្ត​រកបាន​ច្រើន​គ្រាប់ ជួយ​ឱ្យ Inter Miami រឹងមាំ​មិន​ងាយ​ដួល​នៅ​ Leagues Cup

    កំពូល​តារាបាល់ទាត់ Messi បាន​ចូលរួម​លេង​ក្នុង​ការប្រកួត​លើក​ទី​បី​ក្នុង​ឈុតសម្លៀក​បំពាក់​របស់​ Inter Miami ហើយ​នៅតែ​លេចធ្លោ​ជាងគេ ដោយបាន​ជួយ​ឱ្យ​ក្លឹប​នេះ​ដណ្ដើមបាន​ជ័យជម្នះ។

    ទស្សនិកជន​មានឱកាស​ទះដៃ​ជាថ្មី​សម្រាប់​ក្លឹប Inter Miami របស់​អតីត​កំពូល​កីឡាករ David Beckham នា​​ថ្ងៃទី 03 សីហា 2023 ពេល​ប្រកួត​ជាមួយ Orlando City SC នៅក្នុង​ក្របខ​ណ្ដ Leagues Cup។ បន្ទាប់ពី​បាល់​​រមៀល​បាន 7 នាទី Messi បាន​ជួយ​ឱ្យ Inter Miami នាំមុខ​គូប្រកួត។ ពេល​ទទួលបាន​បាល់​ពី Robert Taylor ភ្លាម Messi ក៏​គ្រប់គ្រង​បាល់​នៅក្នុង​តំបន់​គ្រោះថ្នាក់ មុនពេល​ទាត់​ផ្ដាច់ ផ្ដួល​អ្នកចាំទី​បានសម្រេច។ នេះ​គឺជា​គ្រាប់​ទី 4 ដែល Messi រកបាន​ បន្ទាប់ពី​ចូល​ទាត់​ឱ្យ Inter Miami បាន 3 ប្រកួត។

    នាទី​ទី 16 Orlando រកបាន​គ្រាប់​បាល់​ស្មើ ដោយ​ថ្វី​ជើង​របស់ Cesar Araujo។ ក្រោយមក ដោយសារតែ​លេង​រហ័ស Messi ក៏ត្រូវ​ទទួល​កាត​លឿង​ដំបូង ក្រោយពី​ប៉ះទង្គិច​ជាមួយ Wilder Cartagena។ តង់​ទីមួយ​បញ្ចប់​ដោយ​លទ្ធផល 0-0។

    ចូលដល់​តង់​ទី​ពីរ Inter Miami ក៏​ចាប់ផ្ដើម​វាយ​សម្រុក​ខ្លាំង ហើយ​ក៏បាន​នាំមុខ 2-1 ដោយ​ការទា​ត់បាល់​ពិន័យ​នៅ​នាទី​ទី 51 របស់ Josef Martinez។

    នៅ​នាទី​ទី 71 Taylor បញ្ជូន​បាល់​ឱ្យ Martinez ហើយ​កីឡា​ករលេខ 17 នេះ​ក៏បាន​បញ្ជូន​ឱ្យ Messi។ M10 ក៏​ទាត់​ចូល​ទី​បាន​មួយ​គ្រាប់​ទៀត។ ចប់​ការប្រកួត Inter Miami ឈ្នះ Orlando City 3-1 នាំឱ្យ​ក្រុម​របស់ David Beckham ឡើងដល់​វគ្គ 16 ក្រុម​នៅ Leagues Cup។

    បច្ចុប្បន្ន Messi រកបាន 5 គ្រាប់ បើ​ទោះ​ទើបតែ​ចូល​ប្រកួត​ឱ្យ​ក្លឹប​ថ្មី​មិនទាន់បាន​មួយខែ។ Messi កំពុងតែ​ជួយ​ឱ្យ​ក្លឹប​អន់​មួយ​របស់​ពានរង្វាន់​បាល់ទាត់​អាជីព​អាម៉េរិក ក្លាយជា​គូប្រកួត​ដ៏​ខ្លាំងក្លា​សម្រាប់​ក្រុម​ដទៃ។ នៅក្នុង​ការប្រកួត​បន្ទា​ប់​ដែល​នឹង​ធ្វើឡើង​នៅ​បី​ថ្ងៃ​ខាងមុខ Inter Miami នឹងត្រូវ​ជួប FC Dallas៕

  • អាចម៍ផ្កាយ​ប្រវែង 180 ម៉ែត្រ​ហោះ​ក្បែរ​ផែនដី «លាក់ខ្លួន» ពេញ​មួយឆ្នាំ

    អាចម៍ផ្កាយ​ប្រវែង 180 ម៉ែត្រ​ហោះ​ក្បែរ​ផែនដី «លាក់ខ្លួន» ពេញ​មួយឆ្នាំ

    បច្ចេកវិទ្យា និង​បច្ចេកទេស​ថ្មី​បាន​ជួយ​ឱ្យ​អ្នកវិទ្យាសាស្ត្រ​​រក​ឃើញ​​អាចម៍ផ្កាយ​មួយ​ដុំ​ដែលមាន​លទ្ធភាព​បង្ក​គ្រោះថ្នាក់ ធ្លាប់​ហោះ​ក្បែរ​ផែនដី​ដោយ​មិន​ត្រូវបាន​គេ​មើលឃើញ​នា​ពេល​កន្លង។

    ទំព័រ Live Science នា​ថ្ងៃទី 02 សីហា បាន​ចុះផ្សាយ​ថា ក្រុម​អ្នកវិទ្យាសាស្ត្រ​ទើបតែ​បាន​រកឃើញ​អាចម៍ផ្កាយ​មួយ​ដុំ​​ប៉ុន​អគារ​​ខ្ពស់​កប់​ពពក លាក់ខ្លួន​នៅក្បែរ​ផែនដី ដោយ​ប្រើប្រាស់​រូបមន្ត​ និង​បច្ចេក​ទេស​នៃ​ការ​គណនា​ថ្មី​ដែល​ត្រូវបាន​អភិវឌ្ឍ​ឡើង​ដើម្បី​ស្វែងរក​អាចម៍​ផ្កាយ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ផែនដី។ អាចម៍ផ្កាយ​ដែលមាន​ប្រវែង 180 ម៉ែត្រ និង​មាន​ឈ្មោះថា 2022 SF289 នេះ មាន​ទំហំ​ធំ និង​គោចរ​ជិត​ផែនដី ល្មម​អាច​ត្រូវបាន​ចាត់​ចូលក្នុង​ក្រុម​អាចម៍ផ្កាយ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ទ្រង់ទ្រាយ​ធំ​ដល់​ផែនដី បើសិនជា​ប៉ះទង្គិច។

    យោងតាម​ណា​សា 2022 SF289 បាន​ហោះ​កាត់មុខ​ផែនដី​កាលពី​ខែកញ្ញា 2022 ក្នុង​គម្លាត 7.2 លាន​គីឡូ​ម៉ែត្រ។ ក៏ប៉ុន្តែ កន្លងមក ក្រុម​តារាវិទូ​អន្តរជាតិដែល​ប្រើ​ប្រាស់​បច្ចេក​ទេស​ចាស់​ ​មិនបាន​រកឃើញ​អាចម៍ផ្កាយ​នេះ ដោយសារតែ​វា​ត្រូវបាន​បិទបាំង​ដោយ​ពន្លឺ​ពី​កាឡាក់ស៊ី​មី​ល​គី​វ៉េ។

    បច្ចុប្បន្ន ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញ 2022 SF289 នៅពេល​ធ្វើការ​សាកល្បង​ប្រើប្រាស់​បច្ចេកទេស​ថ្មី ដែលមាន​ឈ្មោះថា HelioLinc3D នៅ​ក្នុងការ​ពិនិត្យមើល​ទិន្នន័យ​ចាស់៕

  • អាម៉េរិក​ជិត​បាញ់​បង្ហោះ​យានអវកាស​ដែលមាន​បច្ចេកវិទ្យា​ទំនើប​បំផុត​លើ​ពិភពលោក

    អាម៉េរិក​ជិត​បាញ់​បង្ហោះ​យានអវកាស​ដែលមាន​បច្ចេកវិទ្យា​ទំនើប​បំផុត​លើ​ពិភពលោក

    យានអវកាស​ទំនើប​បំផុត​របស់​សហរដ្ឋ​អាម៉េរិក​នេះ អាច​ត្រូវបាន​ប្រើប្រាស់​ក្នុង​រយៈពេល​ប្រហែល 300 ឆ្នាំ នៅលើ​គន្លង​តារាវិថី​ផែនដី។

    បច្ចុប្បន្ន នៅ​ចំពោះមុខ​ការប្រកួតប្រជែង​គ្នា​ក្នុងការ​គ្រប់គ្រង​ទី​អវកាស គ្រា​ដែល​បច្ចេកវិទ្យាទំនើបៗកំពុង​ត្រូវបាន​បង្កើត​ឡើងជា​បន្ត​បន្ទាប់ បណ្ដា​ប្រទេសរីក​ចម្រើន​​​ក៏​ចាប់ផ្ដើម​អភិវឌ្ឍ​យានអវកាស​ដែល​អាច​ប្រើប្រាស់​ម៉ាស៊ីន​ដំណើរការ​ដោយ​ថាមពល​នុយ​ក្លេ​អែរ។

    កាលពី​ថ្ងៃទី 26 កក្កដា 2023 សហរដ្ឋ​អាម៉េរិក​បានប្រកាសថា កំពុង​រៀប​គម្រោង​បាញ់​បង្ហោះ​យានអវកាស​ដែល​ប្រើប្រាស់​ម៉ាស៊ីន​នុយ​ក្លេ​អែរ​ដំបូង​លើ​ពិភពលោក ឡើងទៅ​កាន់​គន្លង​តារាវិថី​ផែនដី នៅ​ឆ្នាំ 2027។

    យោងតាម​កិច្ចព្រមព្រៀង ​​ណា​សា និង​ទីភ្នាក់ងារ​គម្រោង​ស្រាវជ្រាវ​ទំនើប​សម្រាប់​ការពារជាតិ (DARPA) ដែលជា​ស្ថាប័ន​របស់​ក្រសួងការពារជាតិ​អាម៉េរិក កំពុងតែ​រក​វិធី​អភិវឌ្ឍ​ម៉ាស៊ីន​រ៉ុក្កែត​ដែល​ប្រើ​ថាមពល​នុយ​ក្លេ​អែរ ដែល​អាច​បង្កើន​លឿន​នៃ​ដំណើរ​ផ្សងព្រេង​ក្នុង​ទី​អវកាស និង​ជួយ​ឱ្យ​មនុស្ស​ឡើងទៅ​កាន់​ភព​អង្គារ​បាន​ឆាប់រហ័ស។ នេះ​បើតាម​ការចុះផ្សាយ​របស់ Washington Post។

    ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី 26 កក្កដា ណា​សា និង DARPA ក៏បាន​ប្រកាសថា ពួកគេ​សម្រេចបាន​កិច្ចព្រមព្រៀង​ជាមួយនឹង Lockheed Martin ក្នុងការ​អភិវឌ្ឍ ផលិត និង​សាកល្បង​ដំណើរការ​រ៉ុក្កែត​ប្រើ​ថាមពល​នុយ​ក្លេ​អែរ​នេះហើយ។ បើសិន​គ្រប់យ៉ាង​ដំណើរ​ការល្អ Lockheed Martin នឹង​ទទួលបាន​ប្រាក់​ជិត 500 លាន​ដុល្លារ ក្នុងនោះ​មាន​ពាក់កណ្ដាល​បាន​ពី​ណា​សា និង​ពាក់កណ្ដាលទៀត​​បាន​ពី DARPA។

    បន្ទាប់ពី​យានអវកាស​ត្រូវបាន​ដំឡើង​ម៉ាស៊ីន​រ៉ុក្កែតនុយក្លេអែរ​​របស់ Lockheed Martin វា​នឹង​ត្រូវបាន​នាំ​ឡើង​ទៅកាន់​កម្ពស់​ពី 700 ទៅ 2,000 គីឡូម៉ែត្រ។ យានអវកាស​នេះ​នឹង​ស្ថិតនៅលើ​គន្លង​តារាវិថី​ផែនដី​ប្រហែល 300 ឆ្នាំ គ្រប់គ្រាន់​ដើម្បីឱ្យ​វិទ្យុសកម្ម​ដ៏​គ្រោះថ្នាក់​របស់​វា រលាយ​ដល់​កម្រិត​សុវត្ថិភាព៕

  • បាញ់​ចរន្តអគ្គិសនី​មួយ​លាន​វ៉ុលឱ្យ​​រត់​ឆ្លងកាត់​មនុស្ស​ដើម្បី​ឃោសនា​​ឡាន​អគ្គិសនី

    បាញ់​ចរន្តអគ្គិសនី​មួយ​លាន​វ៉ុលឱ្យ​​រត់​ឆ្លងកាត់​មនុស្ស​ដើម្បី​ឃោសនា​​ឡាន​អគ្គិសនី

    អ្នក​បង្ហាញ​ម៉ូដ​ត្រូវបាន​គេ​ឱ្យ​ស្លៀកពាក់​ឈុត​ពិសេស រួច​បាញ់​​ចរន្តអគ្គិសនី​មួយ​លាន​វ៉ុល​​ឱ្យ​រត់​ឆ្លងកាត់​រាងកាយ ដើម្បី​ផ្សព្វផ្សាយ​រថយន្ត​អគ្គិសនីថ្មី​របស់​ក្រុម​ហ៊ុន Kia។

    តារា​ម៉ូ​ដែល Jodie Kidd ដែលជា​អ្នក​ចូលចិត្ត​រថយន្ត​ទំនើប ហើយក៏​ជា​ពិធី​ការិនី​ទូរទស្សន៍​ដែរនោះ បាន​យល់​ព្រម​ឱ្យ​គេ​​ឆក់ខ្សែ​ភ្លើង ប៉ុន្តែ​នាង​នៅតែមាន​សុវត្ថិភាព បើ​ទោះ​ចរន្តអគ្គិសនី​កម្លាំង​មួយ​លាន​វ៉ុល​រត់​ឆ្លងកាត់​រាងកាយ។

    តាម​ការពិត នេះ​គឺជា​ការផ្សាយពាណិជ្ជកម្ម​ឱ្យ​រថយន្ត SUV អគ្គិសនី Kia EV9 ថ្មី។ ដើម្បី​អះអាងថា EV9 គឺជា​រថយន្ត SUV ដ៏​ល្អ​សម្រាប់​គ្រួសារ Kidd បាន​ប្រើប្រាស់​ឈុត​សម្លៀកបំពាក់​ពិសេស​ដែលមាន​មុខងារ​ដូច​ទៅនឹង​អង់​តែ​ន​ការពារ​រន្ទះ ដែល​ការពារ​នាង​ពី​ចរន្តអគ្គិសនី​ដ៏​គ្រោះថ្នាក់ នៅពេល​អនុញ្ញាតឱ្យ​អគ្គិសនី​បាញ់​ចេញពី​ម្រាមដៃ។

    ឈុត​សម្លៀកបំពាក់​នោះ​គឺជា​ប្រភេទ​ក្រណាត់​ពិសេស​​ម្យ៉ាង​ដែលមាន​ពណ៌​ប្រផេះ ហើយ​ Kidd ត្រូវ​ពាក់​គ្រប​ជិត​រាងកាយ ដូច​នៅក្នុង​រូបភាព​ខាងលើ។

    បន្ទាប់ពី​បាន​ថតរូប​ខាងលើ​រួច Kidd ក៏​ត្រូវបាន​តម្រូវឱ្យ​ស្លៀក​រ៉ូ​ប​ទៅតាម​ស្ដង់ដា​អ្នក​បង្ហាញ​ម៉ូដ។ រូបភាព​ថ្មី​នេះ​នឹង​ត្រូវបាន​កាត់ត​ដើម្បី​បង្កើតបានជា​រូប​ចុងក្រោយ​សម្រាប់​ការផ្សាយពាណិជ្ជកម្ម។

    និយាយ​ឱ្យ​ងាយ​យល់ តារា​ម៉ូ​ដែល​នេះ​ត្រូវ​ចរន្តអគ្គិសនី​មួយ​លាន​វ៉ុល​រត់​ឆ្លងកាត់​រាងកាយ​គឺជា​រឿង​ពិត ប៉ុន្តែ​មិនមែន​នៅក្នុង​រ៉ូ​ប​ធម្មតា​នៅក្នុង​រូបថត​ផ្សាយពាណិជ្ជកម្ម​នោះ​ទេ។

    «ឈុត​ឆាក​ផ្សងព្រេង​នេះ​គឺ​ដើម្បី​លើកកម្ពស់​តម្លៃ​របស់​ថាមពល​អគ្គិសនី និង​អនាគត​របស់​រថយន្ត​អគ្គិសនី នៅក្នុង​ឱកាស​បង្ហាញរ​ថ​យន្ត​អគ្គិសនី​ម៉ូ​ដែល​ថ្មី Kia EV9» Kidd បកស្រាយ​ដូច្នេះ។

    តារា​ម៉ូ​ដែល Jodie Kidd

    ចំណែក​ក្រុមហ៊ុន Kia វិញ និយាយថា គោលដៅ​នៃ​ការឃោសនា​នេះ ​គឺ​ដើម្បី​បញ្ជាក់ថា EV9 គឺជា​ម៉ូ​ដែល​រថយន្ត​អគ្គិសនី​ដ៏​សមស្រប​សម្រាប់​គ្រួសារ​ដែលមាន​សមាជិក​ច្រើន។

    Kia EV9 អាច​បើក​បរក្នុង​​ចម្ងាយ​ផ្លូវ 483 គីឡូម៉ែត្រ និង​អាចដាក់​បាន​មនុស្ស 7 នាក់។ រថយន្ត​នេះ​មានតម្លៃ​ចាប់ពី 64,995 ផោន​អង់គ្លេស (ប្រហែល 63,000 ដុល្លារ​អាម៉េរិក)​៕

  • លិច​កប៉ាល់​នៅ​ហ្វ៊ី​លី​ពី​ន មនុស្ស​យ៉ាងតិច 26 នាក់​បានបាត់បង់​ជីវិត

    លិច​កប៉ាល់​នៅ​ហ្វ៊ី​លី​ពី​ន មនុស្ស​យ៉ាងតិច 26 នាក់​បានបាត់បង់​ជីវិត

    ប៉ូលិស​ល្បាត​សមុទ្រ​ហ្វ៊ី​លី​ពី​ន (PCG) បានឱ្យដឹងថា កប៉ាល់​មួយគ្រឿង​បាន​ប្រ​ឡាប់​នៅក្បែរ​រដ្ឋធានី​ម៉ា​នីល ដោយសារ​តែមាន​ខ្យល់​ខ្លាំង បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច 26 នាក់ត្រូវ​​បាត់​បង់ជីវិត។

    យោងតាម​សមត្ថកិច្ច​ប្រទេស​ហ្វ៊ី​លី​ពី​ន ខ្យល់​បក់បោក​ខ្លាំង​បណ្ដាលឱ្យ​កប៉ាល់​មួយគ្រឿង​លិច​នៅវេលា​ម៉ោង​ប្រហែល 13 ថ្ងៃទី 27 កក្កដា ពេល​ស្ថិតនៅ​តំបន់​ដែលមាន​ចម្ងាយ​ប្រហែល 45 គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​របស់​ទីរួមស្រុក Binangonan នៃ​ខេត្ត Rizal។ ហេតុការណ៍​នេះ​កើតឡើង​បន្ទាប់ពី​ព្យុះ Doksuri បោកបក់​ឆ្លងកាត់​ភាគ​ខាងជើង​ប្រទេសហ្វ៊ីលីពីន។

    «អ្នកដំណើរ​មានការ​ភ័យខ្លាច​នៅពេល​កប៉ាល់​ជួបនឹង​ខ្យល់​ខ្លាំង។ ពួកគេ​រត់​ទៅកាន់​ចំហៀង​ខាងឆ្វេង ធ្វើឱ្យ​កប៉ាល់​ក្រឡាប់» ឧត្ដមនាវីទោ Armando Balilo នៃ PCG ឱ្យដឹង​ដូច្នេះ។

    យោងតាម​សមត្ថកិច្ច​ទទួលបន្ទុក​ការសង្គ្រោះ កប៉ាល់​នេះ​ជួប​គ្រោះថ្នាក់​នៅពេល​ដឹក​អ្នកដំណើរ​ពី​ទីរួមស្រុក Binangonan ទៅកាន់​កោះ Talim។ លោក​បន្ថែមថា កម្លាំង​សង្គ្រោះបាន​ស្រង់​សាកសព​ចំនួន 23 នាក់ និង​សង្គ្រោះបាន 40 នាក់ ប៉ុន្តែ​នៅមាន​អ្នកដំណើរ 6 នាក់​ផ្សេងទៀត​កំពុង​បាត់​ខ្លួន។

    គិត​មក​ដល់​ពេល​នេះ តួលេខ​ខាង​លើបាន​កើន​ឡើង​មួយ​កម្រិត​ទៀត​ ក្នុង​នោះ​តួលេខ​អ្នក​​ស្លាប់​បាន​កើន​ដល់ 26 នាក់។

  • ទៅរស់ក្នុង​ព្រៃ​ដើម្បី​គេច​ពី​ពិភពលោក​ដ៏​គ្រោះថ្នាក់ តែ​ត្រូវស្លាប់​ដោយកង្វះ​​បទពិសោធន៍

    ទៅរស់ក្នុង​ព្រៃ​ដើម្បី​គេច​ពី​ពិភពលោក​ដ៏​គ្រោះថ្នាក់ តែ​ត្រូវស្លាប់​ដោយកង្វះ​​បទពិសោធន៍

    (សហរដ្ឋ​អាម៉េរិក) – ស្ត្រី​ពីរ​នាក់ និង​ក្មេងប្រុស​ម្នាក់​បាន​ស្លាប់​នៅក្នុង​តំបន់​ដាច់ស្រយាល​​មួយ​នៅ Colorado ក្រោយពី​បាន​នាំគ្នា​ចូល​ព្រៃ​ដើម្បី​គេច​ពី «ពិភព​ទំនើប» បើទោះជា​មិនមាន​បទពិសោធន៍​ច្រើន​ក្នុងការ​ចិញ្ចឹមជីវិត​ពេល​នៅក្នុង​ព្រៃ ហើយក៏​បាន​ស្លាប់បាត់​បង់ជីវិត។

    អាជ្ញាធរ​តំបន់ Gunnison របស់​រដ្ឋ Colorado កាលពី​ថ្ងៃទី 26 កក្កដា ឆ្នាំ 2023 បានឱ្យដឹងថា សាកសព​មនុស្ស​បីនាក់​ត្រូវបាន​រកឃើញ​នៅក្នុង និង​ជុំវិញ​តង់​នៅក្បែរ​ជំរំ​ក្នុងព្រៃ Gunnison។

    ជនរងគ្រោះ​ខាងលើ​រួមមាន ស្ត្រី​ពីរ​នាក់​ជា​បងប្អូន អាយុ 41 និង 42 ឆ្នាំ រួម​នឹង​កូនប្រុស​អាយុ 14 ឆ្នាំ។ អ្នកផ្ទះ​របស់​ជនរងគ្រោះ​និយាយថា ជនរងគ្រោះ​ចូល​ព្រៃ​តាំងពី​រដូវក្ដៅ​ឆ្នាំមុន ដើម្បី​គេចចេញ​ពី​ពិភព​ទំនើប បើ​ទោះ​មានការ​រារាំង ហើយ​ពួកគេ​ក៏​មិនមាន​បទពិសោធន៍​ក្នុង​ការរស់នៅ​ក្នុងព្រៃ ដោយ​គ្រាន់តែ​បាន​មើល​វីដេអូ​លើ YouTube ប៉ុណ្ណោះ។

    កាលពី​ដើមខែ​នេះ អ្នក​ឡើង​ភ្នំ​ម្នាក់​បាន​ប្រទះឃើញ​សាកសព​របស់​ពួកគេ​នៅ​ជុំវិញ​ខ្ទម​បណ្ដោះអាសន្ន។ បន្ទាប់ពី​បាន​ស្រាវជ្រាវ សមត្ថកិច្ច​ឱ្យដឹងថា ពួកគេ​រស់​ដោយសារតែ​អាហារ​កំប៉ុង។ រាងកាយ​របស់​ជនរ​ង​គ្រោះ​មាន​សញ្ញា​ខ្វះ​ជីវជាតិ។

    ក្រុម​គ្រួសារ​ជនរង​គ្រោះ

    បច្ចុប្បន្ន ប៉ូលិស​កំពុង​រង់ចាំ​លទ្ធផល​នៃ​ការពិនិត្យ​រក​ជាតិពុល និង​មិនទាន់​រកឃើញ​មូលហេតុ​នៃ​ការស្លាប់​នៅ​ឡើយ។ ប៉ុន្តែ​សមត្ថកិច្ច​សង្ស័យថា ជនរងគ្រោះ​ទំនងជា​បាន​ស្លាប់​ដោយសារ​អត់​អាហារ រងា ឬ​ដោយសារ​ពុល​នឹង​ផ្សែង​ដែល​ពួកគេ​ដុត​ដើម្បី​កម្ដៅ​រាងកាយ។

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ប្រហែលជា​បាន​ស្លាប់​នៅក្នុង​រដូវរងា ដោយសារតែ​ជម្រក​ស្នាក់នៅ​របស់​ពួកគេ​មិនទាន់​ធ្វើ​រួចរាល់ ក៏​ស្រាប់តែ​រដូវរងា​មកដល់។

    អ្នកផ្ទះ​បានឱ្យដឹងថា ស្ត្រី​ពីរ​នាក់​បងប្អូន​ដែល​រងគ្រោះ កន្លងមក​មានការ​ព្រួយ​ភ័យខ្លាំង​​ចំពោះ​ស្ថានការណ៍​​របស់​ពិភពលោក ក្នុងនោះ​មាន​ទាំង​វិបត្តិ​សុខភាព​ដែល​បង្កឡើង​ដោយ​កូ​វីដ-19 ជាដើម។ ដូច្នេះ ពួកគេ​ក៏​នាំគ្នា​ចាក​ចេញពីផ្ទះ ទៅ​រស់នៅ​ក្នុងព្រៃ។ ការសម្រេចចិត្ត​របស់​ពួកគេ​ជា​រឿង​ត្រឹមត្រូវ គ្រាន់តែ​ថា ពួកគេ​មិនបាន​ត្រៀមខ្លួន​ឱ្យបាន​គ្រប់គ្រាន់​ប៉ុណ្ណោះ៕

  • Messi រកបាន​ច្រើន​​គ្រាប់​ឱ្យ​ Inter Miami បន្ទាប់​ពី​លេង​បាន​ពីរ​ប្រកួត​

    Messi រកបាន​ច្រើន​​គ្រាប់​ឱ្យ​ Inter Miami បន្ទាប់​ពី​លេង​បាន​ពីរ​ប្រកួត​

    (សហរដ្ឋ​អាម៉េរិក) – សមាជិក​ថ្មី Lionel Messi បានរួម​ចំណែក​ពីរ​គ្រាប់ និង​បង្ក​ឱកាស​បាន​មួយ​គ្រាប់​ក្នុងការ​ប្រកួត​មួយ​ដែល Inter Miami ឈ្នះ Atlanta United 4-0 នៅក្នុង​ពូ​ល J នៃ Leagues Cup កាលពី​ព្រឹក​មិញ (26 កក្កដា 2023)។

    បួន​ថ្ងៃ​បន្ទាប់ពី​បាន​ចូល​ទីលាន​ប្រកួត​ក្នុងនាម​ជា​កីឡាករ​បម្រុង និង​រកបាន​គ្រាប់​បាល់ ជួយ​ឱ្យ Inter Miami ផ្ដួល Cruz Azul កំពូល​កីឡាករ Messi ក៏បាន​ក្លាយជា​កីឡាករ​ជម្រើស​ដំបូង​នៅពេល Inter Miami ប្រកួត​ជាមួយ​ក្រុម​ភ្ញៀវ Atlanta United។

    ក្នុងការ​ប្រកួត​កាលពី​ព្រឹក​ថ្ងៃទី 26 កក្កដា 2023 ក្រុម​ម្ចាស់ផ្ទះ (Inter Miami) ហាក់​មាន​សភាព​យឺតយ៉ាវ និង​ត្រូវ​រង​ការវាយលុក​ច្រើនលើកនៅ​ក្នុង​ប៉ុន្មាន​នាទី​ដំបូង​។ ប៉ុន្តែ ក្រោយ​ការ​រួច​ផុតពី​គ្រោះថ្នាក់​បាន​ពីរលើក Inter Miami ក៏​ចាប់ផ្ដើម​លេង​ល្អ​ឡើងវិញ។ Messi គឺជា​អ្នក​ដែល​បានធ្វើឱ្យ​មានការ​ប្រែ​ប្រួល​ច្បាស់​។ បន្ទាប់ពី​ទាត់​បញ្ឆិត​ចំ​បង្គោល​ទី​នៅ​នាទី​ទី 8 ខ្សែប្រយុទ្ធ​ជនជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​បាន​ស៊ុត​ម្ដងទៀត ហើយក៏​រកបាន​មួយ​គ្រាប់​ដំបូង​ជូន Inter Miami។

    ចាប់ពី​នាទី​នោះមក Inter Miami ក៏​គ្រប់គ្រង​បាល់​បាន​កាន់តែច្រើន។ មកដល់​នាទី​ទី 22 ក្រុម​របស់​អតីត​តារាបាល់ទាត់ David Beckham ក៏​រកបាន​គ្រាប់​ទី​ពីរ ហើយ​អ្នក​ទាត់​ចូល​គឺ M10 ដដែល។ Inter Miami រកបាន​គ្រាប់​បាល់​ទី​បី​ដោយ​កីឡាករ Taylor នៅ​នាទី​ទី 44។

    ចូលដល់​តង់​ទី​ពីរ Inter Miami នៅតែ​វាយ​សម្រុក។ នាទី​ទី 54 Messi បញ្ជូន​បាល់​កាត់​តាម​ចន្លោះ​កីឡាករ​គូប្រកួត ទៅឱ្យ Taylor។ កីឡាករ​ជនជាតិ​ហ្វាំ​ង​ឡង់​រូបនេះ​ក៏​កែ​បាល់​មួយ​ចង្វាក់ ហើយ​ស៊ុត​ផ្ដាច់​បានសម្រេច ជួយ​ឱ្យ Inter Miami នាំមុខ Atlanta United 4-0។

    ក្រោយពី​បាន​នាំមុខ​ដោយ​តួលេខ​ខាងលើ Busquets និង Messi ក៏ត្រូវ​ប្ដូរ​ចេញ​ជា​បន្តបន្ទាប់​នៅ​នាទី​ទី 72 និង 78។ លទ្ធផល​នេះ​ត្រូវបាន​រក្សា​រហូតដល់​ចប់​ការប្រកួត។

    ជ័យជម្នះ​នេះ​បាន​ជួយ​ឱ្យ Inter Miami កែប្រែ​តំណែង​នាំមុខ​ពូ​ល J នៅ​ Leagues Cup។ M10 និង​ក្រុម Inter Miami បច្ចុប្បន្ន​មាន 6 ពិន្ទុ​ក្នុង​ដៃ បន្ទាប់ពី​លេង​បាន​ពីរ​ប្រកួត ដែល​នេះ​គឺ​គ្រប់គ្រាន់​ដើម្បី​ឡើងទៅ​កាន់​វគ្គ 1/6 ខណៈដែល Cruz Azul និង Atlanta United នឹង​ប៉ះគ្នា​នៅ​ថ្ងៃទី 29 កក្កដា ដើម្បី​ដណ្ដើមយក​តំណែង​ដែល​នៅសល់។

    នៅលើ​តារាង​ភាគ​ខាងកើត​របស់ MLS ក្រុម Atlanta United ឈរ​លំដាប់​ទី 7 ដោយមាន 35 ពិន្ទុ។ ចំណែក Inter Miami ស្ថិតនៅ​បាត​តារាង ដោយមាន 18 ពិន្ទុ។ ក៏ប៉ុន្តែ វត្តមាន​របស់ Messi និង Busquets អាច​នឹង​ជួយ​កែប្រែស្ថាន​ការណ៍​​​របស់ Inter Miami នាពេលខាងមុខ។ នៅក្នុង​ពីរ​ប្រកួត​ដែល​បាន​លេង​ឱ្យ Inter Miami កំពូល​តារាបាល់ទាត់​ជនជាតិ​អា​ហ្ស​ង់​ទីន រកបាន​បី​គ្រាប់​ទៅហើយ៕

  • អាចម៍ផ្កាយ​ធំ​ប៉ុន​អគារ 20 ជាន់ ហោះ​កាត់​មុខ​ផែនដី​ «រំលង​ភ្នែក» ​អ្នកវិទ្យាសាស្ត្រ

    អាចម៍ផ្កាយ​ធំ​ប៉ុន​អគារ 20 ជាន់ ហោះ​កាត់​មុខ​ផែនដី​ «រំលង​ភ្នែក» ​អ្នកវិទ្យាសាស្ត្រ

    ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ 2023 NT1 ដែលជា​អាចម៍ផ្កាយ​មាន​បណ្ដោយ​ប្រហែល 60 ម៉ែត្រ កាលពី​ថ្ងៃទី 15 កក្កដា 2023 ពីរ​ថ្ងៃ​បន្ទាប់ពី​វា​បាន​ហោះ​កាត់​ពីមុខ​ផែនដី ដែល​នេះ​ត្រូវបាន​ចាត់ទុកថា បាន «រំលង​ភ្នែក» របស់​អ្នកវិទ្យាសាស្ត្រ។

    យោង​តា​មណា​សា អាចម៍ផ្កាយ 2023 NT1 កាលពី​ថ្ងៃទី 13 កក្កដា ស្ថិតក្នុង​ចម្ងាយ​ពី​ផែនដី​ប្រហែល ¼ នៃ​ចម្ងាយ​ពី​ព្រះ​ចន្ទ​មកកាន់​ផែនដី។ នេះ​មានន័យថា វា​ស្ថិតនៅ​យ៉ាង​ជិត នៅពេល​គេ​និយាយ​ដល់ទី​អវកាស​ដ៏​ធំធេង។ 2023 NT1 ធ្វើដំណើរ​ក្នុង​ល្បឿន 86,000 គីឡូម៉ែត្រ/ម៉ោង។

    ក៏ប៉ុន្តែ ដោយសារតែ 2023 NT1 ហោះ​សំដៅមក​​ពី​ទិស​របស់​ព្រះអាទិត្យ ដូច្នេះ​ពន្លឺ​របស់​ផ្កាយ​នេះ​ក៏​ធ្វើឱ្យ​កែវ​យឺត​អវកាស​មិនអាច​មើលឃើញ​បាន​ឆាប់រហ័ស​ដូច​ធម្មតា។

    មកដល់​ថ្ងៃទី 15 កក្កដា តេ​ឡេ​ស្កុប​នៅ​អាហ្វ្រិក​ខាងត្បូង​របស់​ប្រព័ន្ធ​តេ​ឡេ​ស្កុប ATLAS ដែលមាន​តួនាទី​ស្វែងរក​អាចម៍ផ្កាយ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ផែនដី​មុនពេល​កើតហេតុ​ការណ៍​ច្រើន​ថ្ងៃ ក៏​បាន​រកឃើញថា 2023 NT1 កំពុង​គោចរ​ចាក​ចេញទៅ​ឆ្ងាយ​ពី​ផែនដី។ តេ​ឡេ​ស្កុប​ជាង 10 ផ្សេងទៀត ក្រោយមក​ក៏បាន​មើលឃើញ​អាចម៍ផ្កាយ​នេះ។

    បើទោះជា​បង្ក​ការភ្ញាក់ផ្អើល ប៉ុន្តែ 2023 NT1 មាន​ទំហំ​មិន​គ្រប់គ្រាន់​ដើម្បី​ត្រូវបាន​ចាត់ទុកជា​វត្ថុ​អវកាស​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ផែនដី។ យោងតាម​ការសិក្សា​ស្រាវជ្រាវ​នាពេលថ្មីៗនេះ ផែនដី​របស់​មនុស្ស​នៅតែមាន​សុវត្ថិភាព​ក្នុង​រង្វង់ 1,000 ឆ្នាំ​ទៀត នៅ​ចំពោះមុខ​បណ្ដា​អាចម៍ផ្កាយធំៗ។ ក៏ប៉ុន្តែ ក្រុម​តារាវិទូ​នៅតែ​តាមដាន​វត្ថុ​អវកាស​ជាង 31,000 ដុំ ដែល​កំពុង​ហោះហើរ​ក្បែរ​ផែនដី៕

  • យន្តហោះ​ធ្លា​ក់នៅ​កូ​ឡុំ​ប៊ី បណ្ដាល​ឱ្យ​អ្នកនយោបាយ​ប្រាំ​នាក់​បាត់​បង់ជីវិត

    យន្តហោះ​ធ្លា​ក់នៅ​កូ​ឡុំ​ប៊ី បណ្ដាល​ឱ្យ​អ្នកនយោបាយ​ប្រាំ​នាក់​បាត់​បង់ជីវិត

    អ្នកនយោបាយ និង​អ្នកបើកបរ​យន្តហោះ​កូ​ឡុំ​ប៊ី បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​ធុន​ស្រាល​មួយគ្រឿង​នៅ​ភាគ​កណ្ដាល​ប្រទេស​កូឡុំប៊ី។

    យន្តហោះ Cessna T210N ដឹក​មនុស្ស 6 នាក់ បាន​ធ្លាក់​នៅក្នុង​ទីក្រុង San Luis de Gaceno នៃ​ខេត្ត Boyaca នៅពេល​កំពុង​ហោះ​ពី​ទីក្រុង Villavicencio ទៅកាន់​រដ្ឋធានី Bogota ដើម្បី​ចូលរួម​ពិធីជប់លៀង កាលពី​ថ្ងៃទី 19 កក្កដា ឆ្នាំ 2023។

    អ្នកនយោបាយ​ទាំង​ប្រាំ​រូប​ដែល​បាន​ស្លាប់ សុទ្ធតែជា​សមាជិក​រប​ស់​បក្ស​ស្ដាំនិយម ឈ្មោះ មជ្ឈមណ្ឌល​ប្រជាធិបតេយ្យ របស់​អតីត​ប្រធានាធិបតី Alvaro Uribe។

    យោងតាម​ការ​បង្ហោះ​សារ​នៅលើ Twitter របស់​បក្ស​នេះ អ្នកនយោបាយ​ដែល​បាន​ស្លាប់​រួមមាន អតីត​សមាជិកសភា​ជាន់ខ្ពស់ តំណាងរាស្ត្រ បេក្ខភាព​អភិបាលខេត្ត​ សមាជិក​ក្រុមប្រឹក្សា​ក្រុង និង​អ្នកបើកបរ​យន្តហោះ។

    ស្ថាប័ន​គ្រប់គ្រង​អាកាសចរណ៍​ស៊ីវិល​របស់​ប្រទេស​កូ​ឡុំ​ប៊ី កំពុងធ្វើការ​ស៊ើបអង្កេត​រក​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ។

    យោងតាម​ប្រកាស​របស់​នាយកដ្ឋាន​ប​ច្ចេកទេស​ស៊ើបអង្កេត​គ្រោះថ្នាក់​អាកាសចរណ៍​ស៊ីវិល ក្នុង​ឆ្នាំ 2022 កូ​ឡុំ​ប៊ី​ធ្លាប់​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​អាកាសចរណ៍ 17 ករណី បណ្ដាលឱ្យ​មនុស្ស 14 នាក់​បាត់​បង់ជីវិត។

  • យន្តហោះ​មួយ​គ្រឿង​ ​ជ្រុល​ទៅបុក​ឃ្លាំង បណ្ដាលឱ្យ​មនុស្ស​​ជាង​ដប់​នាក់​​ស្លាប់ និង​រង​របួស​

    យន្តហោះ​មួយ​គ្រឿង​ ​ជ្រុល​ទៅបុក​ឃ្លាំង បណ្ដាលឱ្យ​មនុស្ស​​ជាង​ដប់​នាក់​​ស្លាប់ និង​រង​របួស​

    (ប៉ូឡូញ) – យន្តហោះ Cessna 208 មួយ​គ្រឿង​ បាន​ជ្រុល​ចង្កូត​ទៅបុក​នឹង​រោង​ដាក់​យន្តហោះ​នៅក្បែរ​រដ្ឋធានី​វ៉ា​សូវី បណ្ដាលឱ្យ​មនុស្ស​ចំនួន 5 នាក់​បាត់​បង់ជីវិត និង 8 នាក់​ផ្សេងទៀត​រងរបួស។

    គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​ថ្ងៃទី 17 កក្កដា នៅឯ​ព្រលានយន្តហោះ​ក្បែរ​ភូមិ Chrcynno ដែល​មាន​ចម្ងាយ​ពី​រដ្ឋធានី​វ៉ា​សូវី​ប្រហែល 45 គីឡូម៉ែត្រ​ទៅ​ទិស​ពាយព្យ នៅពេល​យន្តហោះ Cessna 208 ជ្រុល​ទៅបុក​ឃ្លាំង​ដាក់​យន្តហោះ ជាទី​ដែលមាន​មនុស្ស​ចំនួន 13 នាក់​កំពុង​ជ្រក​ព្យុះភ្លៀង។

    យោងតាម​ក្រុមមន្ត្រី​ប៉ូឡូញ ជនរងគ្រោះ 5 នាក់​ដែល​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​ខាងលើ រួមមាន អ្នកបើកបរ​យន្តហោះ Cessna 208 ម្នាក់ និង 4 នាក់​ទៀត​ដែល​កំពុង​ជ្រក​ភ្លៀង។ ក្នុងចំណោម​មនុស្ស 8 នាក់​រងរបួស ក៏មាន​ក្មេង​ម្នាក់​ផងដែរ។

    សមត្ថកិច្ច​កំពុងតែ​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​គ្រោះថ្នាក់ ខណៈ​ក្រុម​ពន្លត់​អគ្គិភ័យ និង​ក្រុម​ជំនួយ​កំពុង​បន្ត​ស្វែងរក​ជនរងគ្រោះ។

    Cessna 208 Caravan គឺជា​ស៊េរី​យន្តហោះ​ពហុមុខ​ងារ ដែល​ផលិតឡើង​ដោយ​ក្រុមហ៊ុន Cessna របស់​សហរដ្ឋ​អាម៉េរិក។ Cessna 208 Caravan ចំនួន​ប្រហែល 3,000 គ្រឿង​ត្រូវបាន​ផលិត និង​តែងតែ​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការហ្វឹកហាត់ ការ​ដឹក​អ្នកដំណើរ និង​ចូលរួម​ធ្វើ​សកម្មភាព​មនុស្ស​ធ៌។ យន្តហោះ​នេះ​អាចមាន​ពី​ឡុ​តម្នាក់ ឬ​ពីរ​នាក់ និង​អាច​ដឹក​មនុស្ស​បាន​ពី 9 ទៅ 13 នាក់។ Cessna 208 Caravan អាច​​ហោះ​ហើរ​​​ក្នុង​ល្បឿន​អតិបរមា 344 គីឡូម៉ែត្រ/ម៉ោង ហើយ​អាច​ហោះ​បាន​ចម្ងាយ 1,980 គីឡូម៉ែត្រ៕