យន្តហោះ​មួយ​គ្រឿង​ ​ជ្រុល​ទៅបុក​ឃ្លាំង បណ្ដាលឱ្យ​មនុស្ស​​ជាង​ដប់​នាក់​​ស្លាប់ និង​រង​របួស​

(ប៉ូឡូញ) – យន្តហោះ Cessna 208 មួយ​គ្រឿង​ បាន​ជ្រុល​ចង្កូត​ទៅបុក​នឹង​រោង​ដាក់​យន្តហោះ​នៅក្បែរ​រដ្ឋធានី​វ៉ា​សូវី បណ្ដាលឱ្យ​មនុស្ស​ចំនួន 5 នាក់​បាត់​បង់ជីវិត និង 8 នាក់​ផ្សេងទៀត​រងរបួស។

គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​ថ្ងៃទី 17 កក្កដា នៅឯ​ព្រលានយន្តហោះ​ក្បែរ​ភូមិ Chrcynno ដែល​មាន​ចម្ងាយ​ពី​រដ្ឋធានី​វ៉ា​សូវី​ប្រហែល 45 គីឡូម៉ែត្រ​ទៅ​ទិស​ពាយព្យ នៅពេល​យន្តហោះ Cessna 208 ជ្រុល​ទៅបុក​ឃ្លាំង​ដាក់​យន្តហោះ ជាទី​ដែលមាន​មនុស្ស​ចំនួន 13 នាក់​កំពុង​ជ្រក​ព្យុះភ្លៀង។

យោងតាម​ក្រុមមន្ត្រី​ប៉ូឡូញ ជនរងគ្រោះ 5 នាក់​ដែល​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​ខាងលើ រួមមាន អ្នកបើកបរ​យន្តហោះ Cessna 208 ម្នាក់ និង 4 នាក់​ទៀត​ដែល​កំពុង​ជ្រក​ភ្លៀង។ ក្នុងចំណោម​មនុស្ស 8 នាក់​រងរបួស ក៏មាន​ក្មេង​ម្នាក់​ផងដែរ។

សមត្ថកិច្ច​កំពុងតែ​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​គ្រោះថ្នាក់ ខណៈ​ក្រុម​ពន្លត់​អគ្គិភ័យ និង​ក្រុម​ជំនួយ​កំពុង​បន្ត​ស្វែងរក​ជនរងគ្រោះ។

Cessna 208 Caravan គឺជា​ស៊េរី​យន្តហោះ​ពហុមុខ​ងារ ដែល​ផលិតឡើង​ដោយ​ក្រុមហ៊ុន Cessna របស់​សហរដ្ឋ​អាម៉េរិក។ Cessna 208 Caravan ចំនួន​ប្រហែល 3,000 គ្រឿង​ត្រូវបាន​ផលិត និង​តែងតែ​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការហ្វឹកហាត់ ការ​ដឹក​អ្នកដំណើរ និង​ចូលរួម​ធ្វើ​សកម្មភាព​មនុស្ស​ធ៌។ យន្តហោះ​នេះ​អាចមាន​ពី​ឡុ​តម្នាក់ ឬ​ពីរ​នាក់ និង​អាច​ដឹក​មនុស្ស​បាន​ពី 9 ទៅ 13 នាក់។ Cessna 208 Caravan អាច​​ហោះ​ហើរ​​​ក្នុង​ល្បឿន​អតិបរមា 344 គីឡូម៉ែត្រ/ម៉ោង ហើយ​អាច​ហោះ​បាន​ចម្ងាយ 1,980 គីឡូម៉ែត្រ៕

Advertisement