ទៅរស់ក្នុង​ព្រៃ​ដើម្បី​គេច​ពី​ពិភពលោក​ដ៏​គ្រោះថ្នាក់ តែ​ត្រូវស្លាប់​ដោយកង្វះ​​បទពិសោធន៍

(សហរដ្ឋ​អាម៉េរិក) – ស្ត្រី​ពីរ​នាក់ និង​ក្មេងប្រុស​ម្នាក់​បាន​ស្លាប់​នៅក្នុង​តំបន់​ដាច់ស្រយាល​​មួយ​នៅ Colorado ក្រោយពី​បាន​នាំគ្នា​ចូល​ព្រៃ​ដើម្បី​គេច​ពី «ពិភព​ទំនើប» បើទោះជា​មិនមាន​បទពិសោធន៍​ច្រើន​ក្នុងការ​ចិញ្ចឹមជីវិត​ពេល​នៅក្នុង​ព្រៃ ហើយក៏​បាន​ស្លាប់បាត់​បង់ជីវិត។

អាជ្ញាធរ​តំបន់ Gunnison របស់​រដ្ឋ Colorado កាលពី​ថ្ងៃទី 26 កក្កដា ឆ្នាំ 2023 បានឱ្យដឹងថា សាកសព​មនុស្ស​បីនាក់​ត្រូវបាន​រកឃើញ​នៅក្នុង និង​ជុំវិញ​តង់​នៅក្បែរ​ជំរំ​ក្នុងព្រៃ Gunnison។

ជនរងគ្រោះ​ខាងលើ​រួមមាន ស្ត្រី​ពីរ​នាក់​ជា​បងប្អូន អាយុ 41 និង 42 ឆ្នាំ រួម​នឹង​កូនប្រុស​អាយុ 14 ឆ្នាំ។ អ្នកផ្ទះ​របស់​ជនរងគ្រោះ​និយាយថា ជនរងគ្រោះ​ចូល​ព្រៃ​តាំងពី​រដូវក្ដៅ​ឆ្នាំមុន ដើម្បី​គេចចេញ​ពី​ពិភព​ទំនើប បើ​ទោះ​មានការ​រារាំង ហើយ​ពួកគេ​ក៏​មិនមាន​បទពិសោធន៍​ក្នុង​ការរស់នៅ​ក្នុងព្រៃ ដោយ​គ្រាន់តែ​បាន​មើល​វីដេអូ​លើ YouTube ប៉ុណ្ណោះ។

កាលពី​ដើមខែ​នេះ អ្នក​ឡើង​ភ្នំ​ម្នាក់​បាន​ប្រទះឃើញ​សាកសព​របស់​ពួកគេ​នៅ​ជុំវិញ​ខ្ទម​បណ្ដោះអាសន្ន។ បន្ទាប់ពី​បាន​ស្រាវជ្រាវ សមត្ថកិច្ច​ឱ្យដឹងថា ពួកគេ​រស់​ដោយសារតែ​អាហារ​កំប៉ុង។ រាងកាយ​របស់​ជនរ​ង​គ្រោះ​មាន​សញ្ញា​ខ្វះ​ជីវជាតិ។

ក្រុម​គ្រួសារ​ជនរង​គ្រោះ

បច្ចុប្បន្ន ប៉ូលិស​កំពុង​រង់ចាំ​លទ្ធផល​នៃ​ការពិនិត្យ​រក​ជាតិពុល និង​មិនទាន់​រកឃើញ​មូលហេតុ​នៃ​ការស្លាប់​នៅ​ឡើយ។ ប៉ុន្តែ​សមត្ថកិច្ច​សង្ស័យថា ជនរងគ្រោះ​ទំនងជា​បាន​ស្លាប់​ដោយសារ​អត់​អាហារ រងា ឬ​ដោយសារ​ពុល​នឹង​ផ្សែង​ដែល​ពួកគេ​ដុត​ដើម្បី​កម្ដៅ​រាងកាយ។

ប៉ូលិស​និយាយថា ជនរងគ្រោះ​ប្រហែលជា​បាន​ស្លាប់​នៅក្នុង​រដូវរងា ដោយសារតែ​ជម្រក​ស្នាក់នៅ​របស់​ពួកគេ​មិនទាន់​ធ្វើ​រួចរាល់ ក៏​ស្រាប់តែ​រដូវរងា​មកដល់។

អ្នកផ្ទះ​បានឱ្យដឹងថា ស្ត្រី​ពីរ​នាក់​បងប្អូន​ដែល​រងគ្រោះ កន្លងមក​មានការ​ព្រួយ​ភ័យខ្លាំង​​ចំពោះ​ស្ថានការណ៍​​របស់​ពិភពលោក ក្នុងនោះ​មាន​ទាំង​វិបត្តិ​សុខភាព​ដែល​បង្កឡើង​ដោយ​កូ​វីដ-19 ជាដើម។ ដូច្នេះ ពួកគេ​ក៏​នាំគ្នា​ចាក​ចេញពីផ្ទះ ទៅ​រស់នៅ​ក្នុងព្រៃ។ ការសម្រេចចិត្ត​របស់​ពួកគេ​ជា​រឿង​ត្រឹមត្រូវ គ្រាន់តែ​ថា ពួកគេ​មិនបាន​ត្រៀមខ្លួន​ឱ្យបាន​គ្រប់គ្រាន់​ប៉ុណ្ណោះ៕

Advertisement