អាចម៍ផ្កាយ​ប្រវែង 180 ម៉ែត្រ​ហោះ​ក្បែរ​ផែនដី «លាក់ខ្លួន» ពេញ​មួយឆ្នាំ

បច្ចេកវិទ្យា និង​បច្ចេកទេស​ថ្មី​បាន​ជួយ​ឱ្យ​អ្នកវិទ្យាសាស្ត្រ​​រក​ឃើញ​​អាចម៍ផ្កាយ​មួយ​ដុំ​ដែលមាន​លទ្ធភាព​បង្ក​គ្រោះថ្នាក់ ធ្លាប់​ហោះ​ក្បែរ​ផែនដី​ដោយ​មិន​ត្រូវបាន​គេ​មើលឃើញ​នា​ពេល​កន្លង។

ទំព័រ Live Science នា​ថ្ងៃទី 02 សីហា បាន​ចុះផ្សាយ​ថា ក្រុម​អ្នកវិទ្យាសាស្ត្រ​ទើបតែ​បាន​រកឃើញ​អាចម៍ផ្កាយ​មួយ​ដុំ​​ប៉ុន​អគារ​​ខ្ពស់​កប់​ពពក លាក់ខ្លួន​នៅក្បែរ​ផែនដី ដោយ​ប្រើប្រាស់​រូបមន្ត​ និង​បច្ចេក​ទេស​នៃ​ការ​គណនា​ថ្មី​ដែល​ត្រូវបាន​អភិវឌ្ឍ​ឡើង​ដើម្បី​ស្វែងរក​អាចម៍​ផ្កាយ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ផែនដី។ អាចម៍ផ្កាយ​ដែលមាន​ប្រវែង 180 ម៉ែត្រ និង​មាន​ឈ្មោះថា 2022 SF289 នេះ មាន​ទំហំ​ធំ និង​គោចរ​ជិត​ផែនដី ល្មម​អាច​ត្រូវបាន​ចាត់​ចូលក្នុង​ក្រុម​អាចម៍ផ្កាយ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ទ្រង់ទ្រាយ​ធំ​ដល់​ផែនដី បើសិនជា​ប៉ះទង្គិច។

យោងតាម​ណា​សា 2022 SF289 បាន​ហោះ​កាត់មុខ​ផែនដី​កាលពី​ខែកញ្ញា 2022 ក្នុង​គម្លាត 7.2 លាន​គីឡូ​ម៉ែត្រ។ ក៏ប៉ុន្តែ កន្លងមក ក្រុម​តារាវិទូ​អន្តរជាតិដែល​ប្រើ​ប្រាស់​បច្ចេក​ទេស​ចាស់​ ​មិនបាន​រកឃើញ​អាចម៍ផ្កាយ​នេះ ដោយសារតែ​វា​ត្រូវបាន​បិទបាំង​ដោយ​ពន្លឺ​ពី​កាឡាក់ស៊ី​មី​ល​គី​វ៉េ។

បច្ចុប្បន្ន ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញ 2022 SF289 នៅពេល​ធ្វើការ​សាកល្បង​ប្រើប្រាស់​បច្ចេកទេស​ថ្មី ដែលមាន​ឈ្មោះថា HelioLinc3D នៅ​ក្នុងការ​ពិនិត្យមើល​ទិន្នន័យ​ចាស់៕

Advertisement