Costa ត្រូវបាន​បញ្ជា​ដោយ Atletico ឲ្យ​បង្កើត​សន្តិភាព​ជាមួយ Chelsea

ខ្សែប្រយុទ្ធ Diego Costa ត្រូវបាន​ប្រាប់​ដោយ​ក្លិប Atletico Madrid ឲ្យ​បង្កើត​សន្តិភាព​ជាមួយនឹង​ក្លិប Chelsea នៅមុន​ពេល​ពួកគេ​នឹងធ្វើ​ការពិចារណា​ទៅលើ​ការ​ទិញយក​រូបគេ​ត្រឡប់​ចូល​ក្លិប​វិញ។ វា​មានន័យថា ខ្សែប្រយុទ្ធ​របស់​ក្រុម​តោ​ខៀវ​រូបនេះ បច្ចុប្បន្ន​កំពុងតែ​ស្ថិតក្រោម​សម្ពាធ​កាន់តែ​ធំ​ក្នុង​ការវិល​ទៅកាន់​ប្រទេស​អង់គ្លេស​វិញ ខណៈដែល​ការដោះស្រាយ​លើ​បញ្ហា​របស់​រូបគេ​កំពុងតែ​ក្លាយជា​ដុំ​ពពក​ខ្មៅ​នៅ​ដើមរដូវ​កាល​នេះ។

ក្លិប​ទាំងពីរ ពិតជា​ចង់​បង្កើត​ឲ្យ​មានការ​ព្រមព្រៀងគ្នា​មួយ បើទោះបី​ពួកគេ​មិន​ចុះសម្រុង​នឹង​គ្នា​ទៅលើ​តម្លៃ​ខ្លួន​ក៏ដោយ។ ក្លិប Chelsea បានស្នើ​សុំ​តម្លៃ​ខ្លួន50លាន​ផោន (ស្មើនឹង64.5លាន​ដុល្លារ​អាមេរិក) ប៉ុន្តែ Atletico ត្រៀម​ផ្តល់​តម្លៃ​ខ្លួន​ត្រឹមតែ​ពាក់កណ្តាល​នៃ​តម្លៃ​ស្នើសុំ​នោះ​ប៉ុណ្ណោះ។ ខ្សែប្រយុទ្ធ​អន្តរជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​បាន​អវត្តមាន​អស់​រយៈពេល5សប្តាហ៍​មកហើយ ក្រោយពី​មាន​ជម្លោះ​ជាមួយនឹង​លោកគ្រូ​បង្វឹក Antonio Conte។ ស្របពេល​ជាមួយគ្នានេះ វា​មាន​សញ្ញា​តិចតួច​ណាស់ដែ​ល​អ្នក​ទាំងពីរ​អាច​ស្រុះស្រួល​គ្នា​វិញ​នោះ។ Costa វ័យ29ឆ្នាំ បាន​និយាយថា រូបគេ​ចង់​លេង​ឲ្យ​តែ​អតីត​ក្លិប​របស់គេ​នៅលើ​ទឹកដី​អេ​ស្ប៉ា​ញ​ប៉ុណ្ណោះ ប្រសិនបើ​រូបគេ​គ្មាន​អនាគត​ជាមួយនឹង Chelsea ដែលជា​ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ Premier League។ ប៉ុន្តែ បញ្ហា​ជម្លោះ​នៅ​រដូវក្តៅ​នេះ កំពុងតែ​ស្ថិតក្នុង​ភាពស្រពេចស្រពិល ខណៈដែល​កីឡាករ​រូបនេះ​បាន​បដិសេធ​ក្នុង​ការវិល​ទៅកាន់​ការហ្វឹកហាត់​នៅ​អង់គ្លេស ស្របតាម​ការទាមទារ​របស់​ក្លិប Chelsea។

Costa បាន​ចោទប្រកាន់ថា រូបគេ​ត្រូវបាន​ចាត់ទុក​ដូចជា «ជនឧក្រិដ្ឋ​ម្នាក់» អ៊ីចឹង ហើយ​ថា រូបគេ​ដូចជា​សំរាម​អ៊ីចឹង ក្រោយពី​លោក Conte បាន​ផ្ញើ​សារ​ប្រាប់​រូបគេ​ថា រូបគេ​លែងមាន​អនាគត​នៅក្នុង​ក្លិប Chelsea ហើយ។ Chelsea អាច​នឹងធ្វើ​ការពិន័យ​ទៅលើ​ប្រាក់បៀវត្សរ៍​របស់គេ​រាល់ពេល2សប្តាហ៍​ម្តង នៅពេលដែល​រូបគេ​អវត្តមាន​ដោយ​គ្មាន​ការអនុញ្ញាត៕

ប្រភពពី៖ The Sun

Advertisement