ក្រុម​បាល់ទាត់ U23 កម្ពុជា អាច​ផ្ដួល​​ក្រុម​ថៃ​នៅ​ព្រលប់​នេះ​ ឬអត់?

បើសិន​ផ្ដួល​ U23 របស់​ថៃ​ បាន​សម្រេច ក្រុម​បាល់​ទាត់បុរស​ជម្រើស​ជាតិ​​​វ័យ​ក្រោម​ 23 ឆ្នាំ (U23) ​របស់​កម្ពុជា នឹង​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៃ​ពាន​រង្វាន់​បាល់ទាត់​ U23 អាស៊ីអាគ្នយ៍​ឆ្នាំ 2023​។

ការ​ប្រកួត​រវាង​ U23 កម្ពុជា និង​ U23 ថៃ នៅ​ជើង​ទីបី​នៃ​វគ្គ​សន្សំ​ពិន្ទុ​របស់​ពាន​រង្វាន់​បាល់ទាត់​ U23 អាស៊ីអាគ្នយ៍​ឆ្នាំ 2023 (2023 AFF U-23 Championship) នឹង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ម៉ោង​ 20 ថ្ងៃ​ទី 21 សីហា​នេះ នៅ​ឯកីឡដ្ឋាន Rayong ប្រទេស​ថៃ​។

កន្លង​មក អ្នក​គាំទ្រ​ជា​ច្រើន ​មាន​ការ​បារម្ភ​ជំនួស​ U23 ថៃ និង​ត្រេកអរ​ចំពោះ​ U23 កម្ពុជា នៅពេល​ក្រុម​ម្ចាស់​ផ្ទះ​បញ្ចប់​ការ​ប្រកួត​ដំបូង​របស់​ខ្លួន​នៅ​ពូល A ត្រឹម​ចំណាត់​ថ្នាក់​លេខ​ពីរ​ប្រចាំ​ពូល​។ U23 ថៃ​បាន​ឈ្នះ​​ មីយ៉ាន់ម៉ា 3-0 គ្រា​ដែល​កម្ពុជា​ឈ្នះ​ព្រុយណេ 5-0​។ ក៏ប៉ុន្តែ ចូល​ដល់​ជើង​ទីពីរ ថៃ​បាន​លោត​ឡើង​កំពូល​តារាង​ ដោយ​បាន​ឈ្នះ​ព្រុយណេ 3-0​ ហើយ​មាន​ 6 ពិន្ទុ​ក្នុង​ដៃ។ U23 ថៃ ត្រូវ​ការ​តែ​លទ្ធផល​ស្មើ​ប៉ុណ្ណោះ​​ក្នុង​ការ​ប្រកួត​ជាមួយ​កម្ពុជា ក៏​អាច​បាន​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​។

ចំណែក​កម្ពុជា​វិញ ថ្វី​បើ​បាន​ធ្វើ​ឱ្យ​ U23 ថៃ​ព្រួយ​បារម្ភ បន្ទាប់​ពី​បាន​ផ្ដួល​ព្រុយណេដោយ​លទ្ធផល 5-0 ប៉ុន្តែ​ក៏​បាន​ធ្វើ​ឱ្យ​ខក​ចិត្ត​នៅ​ពេល​បណ្ដោយ​ឱ្យ​មីយ៉ាន់ម៉ា​យក​ស្មើ​ក្នុង​ការ​ប្រកួត​ជើង​ទីពីរ។ ពេល​នេះ កម្ពុជា​ត្រូវ​តែ​ឈ្នះ​ថៃ ដើម្បី​បាន​បន្ត​ទៅ​វគ្គ​បន្ទាប់​។ បើ​គ្រាន់​តែ​ស្មើ និង​ឈរ​លំដាប់​ទីពីរ​ក្នុង​ពូល​ U23 កម្ពុជា​ប្រាកដ​ជា​​នឹង​មិន​អាច​យក​ឈ្នះ​ឥណ្ឌូណេស៊ី​ ដើម្បី​​ក្លាយ​ជា​ក្រុម​លំដាប់​ទីពីរ​ដែល​ត្រូវ​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​។

ពាន់រង្វាន់​ជើងឯក​បាល់ទាត់​បុរស​អាយុ​ក្រោម 23 ឆ្នាំ (U23) អាស៊ីអាគ្នេយ៍ ធ្វើឡើង​នៅ​ប្រទេស​ថៃ​ចាប់ពី​ថ្ងៃទី 17 ដល់ 26 សីហា 2023។ ក្នុង​លើក​ទី​បួន ពានរង្វាន់​នេះ​មាន​ក្រុមបាល់ទាត់​ចូលរួម​ប្រកួត​សរុប​ចំនួន 10 ក្រុម និង​ត្រូវបាន​ចែកជា 3 ពូ​ល។ ពូ​ល A រួមមាន កម្ពុជា ថៃ មី​យ៉ាន់​ម៉ា និង​ព្រុយ​ណេ។ ​ពូ​ល B រួមមាន ទី​ម័​រ​ខាងកើត ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី ខណៈ​ពូ​ល C មាន វៀតណាម ហ្វ៊ី​លី​ពី​ន និង​ឡាវ។

កាលពី​ឆ្នាំ​កន្លង ពានរង្វាន់​បាល់ទាត់​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​កម្ពុជា ក្នុងនោះ ថៃ និង​វៀតណាម​បាន​ជួបគ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ហើយ​វៀតណាម​បាន​ក្លាយជា​ជើងឯក ​ដោយបាន​យកឈ្នះ​លើ​ថៃ 1-0៕

Advertisement