ព្រឹត្តិការណ៍​ប្រណាំង​ឈុត​ហោះ​ហើរ​ល្បឿន​លឿន​លើ​អាកាស​​ដំបូងគេ​​លើ​ពិភពលោក

ទីក្រុង​ឌូបៃ​ប្រកាស​ថា នឹង​ប្រារព្ធ​ព្រឹត្តិការណ៍​​នាំ​មុខ​គេ​​ ​ប្រមូល​ផ្ដុំដោយ​ក្រុម​ប្រណាំង​ដែល​ប្រើប្រាស់​ឈុត​ហោះ​ហើរ​ល្បឿន​លឿន​មក​ពី​ជុំ​វិញ​ពិភពលោក​។

ក្រុម​ប្រឹក្សា​កីឡា​ឌូបៃ​ ក្រោម​ការ​ចង្អុល​បង្ហាញ​របស់​រាជទាយាទ​ឌូបៃ Sheikh Hamdan bin Mohammed bin Rashid AI Maktoum ថ្មី​ៗ​នេះ​បាន​ប្រកាស​អំពី​ការ​ប្រារព្ធ​ព្រឹត្តិការណ៍​ប្រណាំង​ឈុត​ហោះ​ហើរ​ប្រតិកម្ម​ឌូបៃ​។ នេះ​នឹង​ជា​ព្រឹត្តិការណ៍​ប្រណាំង​ឈុត​ហោះ​ហើរ​ល្បឿន​លឿន​​ដំបូងគេ​​លើ​ពិភពលោក​ ក្នុង​នោះ កីឡាករ​ចូល​រួម​នឹង​ប្រើប្រាស់​ឈុត​ហោះ​ហើរ​ដើម្បី​បង្ហាញ​សមត្ថភាព​ និង​ល្បឿន​នៅ​លើ​អាកាស​។ នេះ​បើ​តាម​ Interesting Engineering ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 30 មករា 2024​។

កីឡាករ​ជំនាញ​ 8 នាក់ មក​ពី​ជុំវិញ​ពិភពលោក រួម​មាន Ahmed AI Shehhi របស់​អេមីរ៉ាត​អារ៉ាបរួម​ (UAE) ផងដែរ ​នឹង​ប្រឈម​មុខ​ដាក់​គ្នា​ដើម្បី​បញ្ជាក់​ពី​សមត្ថភាព​។ ព្រឹត្តិការណ៍​នេះ​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ការ​ឧបត្ថម្ភ​របស់​ Gravity Industries ជា​ក្រុម​ហ៊ុន​នាំ​មុខ​គេ​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ឈុត​សម្លៀក​បំពាក់​ហោះហើរ​ល្បឿន​លឿន​។

យោង​តាម​ការ​ព្រម​ព្រៀង​រវាង​ក្រុម​ប្រឹក្សា​កីឡា​ឌូបៃ​ និង Gravity Industries ព្រឹត្តិការណ៍​ប្រណាំង​នេះ​នឹង​កើត​ឡើង​នៅ​ថ្ងៃទី 28 កុម្ភៈ 2024​ នៅ​ក្នុង​ពិព័រណ៍​នាវា​ឌូបៃ​។ ភ្ញៀវ​ដែល​ចូល​រួម​ព្រឹត្តិការណ៍​ពិព័រណ៍​នេះ​នឹង​មាន​ឱកាស​បាន​ទស្សនា​ការ​ប្រណាំង​ដ៏​កម្រ​នេះ​៕

Advertisement