ម្ចាស់​ Facebook បង្អួត​ក្បាច់​គុន​​លើ​ស្រឡាងកណ្ដាល​សាគរ

Mark Zuckerberg ហាត់​គុន​លើ​ស្រឡាង​កណ្ដាល​សមុទ្រ​ជាមួយ​នឹង​ក្រុម​អ្នក​គុន​និយម ខុស​ពី​រូប​ភាព​លាប​គ្រែម​ការ​ពារ​ស្បែក​ពី​កម្ដៅ​ថ្ងៃ​នៅ​ពេល​ជិះ​ស្គី​លើ​រលក​ទឹក​កាល​ពី​ច្រើន​ឆ្នាំ​មុន​។

ក្នុងវីដេអូ​ដែល​បង្ហោះ​លើ Instagram នា​សប្ដាហ៍​នេះ​ មហា​សេដ្ឋី Mark Zuckerberg អួត​សកម្មភាព​ហាត់​គុន​ជាមួយ​នឹង​មនុស្ស​ 11 នាក់​ ក្នុង​នោះ​ក៏​មាន​អ្នក​ប្រដាល់​ MMA ល្បី​ឈ្មោះ​ រួម​មាន​ Israel Adesanya មក​ពី​នីហ្សេរីយ៉ា និង Alexander Volkanovski មក​ពី​អូស្ត្រាលី​​ផងដែរ។ ពួក​គេ​ប្រយុទ្ធគ្នា​លើ​ស្រឡាង​ អម​នឹង​ភ្លេង​របស់​ភាព​យន្តរឿង Mission Impossible។

ក្រោយ​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម​បាន​ពីរ​ថ្ងៃ​ « វីដេអូ​នេះ​ » ទទួល​បាន​ការ​ចុច​ចូល​ចិត្ត​ជិត 200,000 លើក​ រួម​នឹង​មតិ​រាប់ពាន់​លើក​។ អ្នក​ខ្លះ​ថា ម្ចាស់​ Facebook កំពុង​តែ​បញ្ចេញ​ភាព​ខ្លាំង​ក្លា​ ខុស​ពី​រូប​ភាព​លាប​គ្រែម​ការ​ពារ​ស្បែក​ពី​កម្ដៅ​ថ្ងៃ​នៅ​ពេល​ជិះ​ស្គី​លើ​រលក​ទឹក​កាល​ពី​​​ឆ្នាំ 2020​។ ចំណែក​អ្នក​ខ្លះ​ទៀត​ក៏​សរសេរ​រំលឹក​ដល់​រឿង​មហា​សេដ្ឋី​ Elon Musk បបួល Mark Zuckerberg ​ប្រកួត​​ប្រដាល់​លើសង្វៀន​។

កាល​ពី​ចុង​ខែ​មិថុនា 2023 នៅ​លើ​បណ្ដាញ​សង្គម Twitter (បច្ចុប្បន្ន​គឺ X) លោក Elon Musk បាន​បបួល​លោក Zuckerberg ប្រកួត​ប្រដាល់​ ហើយ​ក្រោយ​មក CEO របស់​ Meta ក៏​យល់​ព្រម​។ អ្នកទាំង​ពីរ​ឆ្លង​ឆ្លើយ​នឹង​​គ្នា​ជា​បន្ត​បន្ទាប់​លើ​បណ្ដាញ​សង្គម​ X និង Threads ទាក់​ទិន​នឹង​ការ​ប្រកួត​នេះ​ ប៉ុន្តែ​ចុង​ក្រោយ​លោក​ Musk ក៏បាន​​ទទួល​ស្គាល់​ថា លោក​និយាយ​លេង​៕

Advertisement