Albirex Niigata គ្រង​ជើងឯក​លី​គ​កំពូល​សិង្ហ​បុរី ជា​លើក​ទី4

កាលពី​រាត្រី​ថ្ងៃអាទិត្យ ទី6 ខែធ្នូ ឆ្នាំ2020 កន្លងទៅនេះ លី​គ​កំពូល​សិង្ហ​បុរី (Singapore Premier League) បាន​បិទ​បញ្ចប់​រដូវ​កាល​របស់ខ្លួន​ហើយ ដោយ​ក្រុម Albirex Niigata ជា​ម្ចាស់​ជើងឯក​ក្រោយ​យកឈ្នះ​ក្រុម Hougang United ដោយ​លទ្ធផល 1ទល់នឹង0។

ការ​ឈ្នះ​លើក​នេះ គឺជា​លើក​ទី4 របស់​ក្លិប​ហើយ ខណៈដែល​ក្លិប​បាន​ប្រើ​ធនធាន​កីឡាករ​ជនជាតិ​ជប៉ុន ស្ទើរតែ​ទាំងស្រុង ក្នុងការ​យកឈ្នះ​កាលពី​ឆ្នាំ2016, 2017 និង2018 រួចមកហើយ។ បើ​និយាយ​អំពី កៅអី​ពានរង្វាន់​អន្តរជាតិ​វិញ ក្លិប​នេះ​នឹងមិន​ទទួល​បានឡើយ ទោះបីជា​សិង្ហ​បុរី មាន​កៅអី3 នៅពាន AFC Champions League និង AFC CUP ក្តី ពីព្រោះ​ក្រុម​នេះ មិនត្រូវ​បាន​សិង្ហ​បុរី​ចាត់ទុកជា​ក្រុម​តំណាង​ជាតិ​របស់ខ្លួន​ឡើយ ពោលគឺ ដាក់ឱ្យ​លេង​ដើម្បី ឱ្យ​លី​គ​សិង្ហ​បុរី មានការ​ប្រកួតប្រជែង​ខ្ពស់​តែប៉ុណ្ណោះ។

គួរបញ្ជាក់​ផង​ថា ទោះជា​ទទួលបាន​តំណែង​ជើងឯក​ក្តី ប៉ុន្តែ​ចំពោះ​ក្លិប Albirex Niigata FC ពុំ​ទទួល​សិទ្ធិ​លេង​ក្នុង​ក្របខណ្ឌ​កម្រិត​ទ្វីប​នោះឡើយ ដោយសារ​មូលហេតុ​ជា​ក្លិប​បរទេស​នៅ​សិង្ហ​បុរី (សម្ព័ន្ធ​ក្លិប​ធំ​នៅ​លី​គ​លំដាប់​ទី២ ជប៉ុន)។

ចំពោះ​ក្លិប Timpines Rovers FC ដែល​ឈរ​ចំណាត់ថ្នាក់​ជើងឯក រដូវ​កាល2020 នឹង​ទទួលបាន​សិទ្ធិ​ទៅលេង​ជម្រុះ​ដណ្ដើម​កៅអី​ក្នុង​ពូ​ល​នៃ​ពានរង្វាន់ AFC Champions League ខណៈ​ក្លិប 2ទៀត រួមមាន Lion City Sailors FC និង​ក្លិប Geylang International FC ទទួលបាន​កៅអី​វគ្គ​ចែក​ពូ​ល​ក្នុង​ពាន​កម្រិត​ទ្វីប​លំដាប់​ទី២ AFC Cup៕

Advertisement