U-22 ឡាវ ហៅ​កំពូល​កីឡាករ​បីនាក់​កំពុង​ទាត់​នៅ​បរទេស ឱ្យមក​ត្រៀម​សម្រាប់​ស៊ី​ហ្គេម

Theo Klein (ស្ដាំ)

គ្រូបង្វឹក​ក្រុមបាល់ទាត់​បុរស​ជម្រើស​ជាតិ​អាយុ​ក្រោម 22 ឆ្នាំ​របស់​ប្រទេស​ឡាវ (U-22 ឡាវ) បាន​ហៅ​កីឡាករ​ចំនួន 25 នាក់ ឱ្យមក​ត្រៀមខ្លួន​សម្រាប់​ចូល​ប្រកួត​ស៊ី​ហ្គេម​នៅ​កម្ពុជា ក្នុងនោះ​មាន​កំពូល​កីឡាករ​បីនាក់​ដែល​កំពុង​ប្រកួត​នៅ​ប្រទេស​បារាំង អាល្លឺម៉ង់ និង​សហរដ្ឋ​អាម៉េរិក។

យោងតាម​សហព័ន្ធ​កីឡាបាល់ទាត់​ឡាវ (LFF) គ្រូបង្វឹក Michael Weiss របស់ U-22 ឡាវ ថ្មីៗនេះ​បានប្រកាស​​បញ្ជី​ឈ្មោះ​កីឡាករ 25 នាក់ ដែល​នឹងត្រូវ​ចូលរួម​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី 32 (ស៊ី​ហ្គេម​លើក​ទី 32) ដែល​នឹង​ធ្វើ​ឡើង​នៅ​កម្ពុជា​ ចាប់​ពី​ថ្ងៃទី 29 មេសា​ខាង​មុខ។

អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ​គឺថា ក្នុងចំណោម​កីឡាករខ្លាំងៗចំនួន 25 នាក់​នោះ មាន​កីឡាករ​បីនាក់​កំពុង​ទាត់​ឱ្យ​ក្លឹប​នៅ​ប្រទេស​បារាំង អាល្លឺម៉ង់ និង​សហរដ្ឋ​អាម៉េរិក រួមមាន ខ្សែការពារ Theo Klein, ខ្សែបម្រើ Roman Angot និង​ខ្សែប្រយុទ្ធ Victor Yovinasak។

ក្នុងចំណោម​កីឡាខ្លាំងៗទាំងបី​នាក់​ខាងលើ ខ្សែការពារ Theo Klein ដែលជា​កូនកាត់​ឡាវ-អាម៉េរិក កំពុង​ទាត់​ឱ្យ​ក្លឹប​របស់​អាម៉េរិក ត្រូវបាន​គេ​ចាប់អារម្មណ៍​ខ្លាំង។

លំដាប់​ទី​ពីរ​គឺជា​ខ្សែបម្រើ Roman Angot ដែលជា​កីឡាករ​ឡាវ​ដើមកំណើត​បារាំង និង​ត្រូវបាន​បណ្ដុះបណ្ដាល​ក្នុង​បរិស្ថាន​បាល់ទាត់​អាជីព​តាំងពីក្មេង។ Angot កំពុង​លេង​ឱ្យ​ក្លឹប Bahlinger នៅ​អាល្លឺម៉ង់។

Roman Angot (ឆ្វេង)

ចុងក្រោយ​គឺ​កីឡាករ​ខ្សែប្រយុទ្ធ Victor Yovinasak ដែល​កំពុង​ទាត់​ឱ្យ​ក្រុម Montceau នៅឯ​ពានរង្វាន់​លំដាប់​ទី​បួន​នៅ​ប្រទេស​បារាំង។

គេ​អាច​និយាយបានថា កំពូល​កីឡាករ​ទាំងបី​នាក់​ខាងលើ ទំនងជា​អាចជួយ​ឱ្យ U-22 ឡាវ ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​នៅ​ស៊ី​ហ្គេម​លើក​នេះ ពិសេស​គឺ​ក្នុង​ពូ​ល B ដែលមាន ថៃ វៀតណាម ម៉ាឡេស៊ី និង​សិង្ហ​បុរី។

ក្រៅពី​កីឡាករ​ខាងលើ ឡាវ​ក៏​នៅមាន​ខ្សែប្រយុទ្ធ​ដើមកំណើត​ឡាវ Peeter Phanthavong ដែល​ត្រូវបាន​វាយតម្លៃថា​ជា​ជើង​ខ្លាំង​មួយរូប​របស់ U-22 ឡាវ​ផងដែរ។ កីឡាករ​រូបនេះ បច្ចុប្បន្ន​ទាត់​ឱ្យ​ក្លឹប Ezra នៅ​ពានរង្វាន់​ជើងឯក​ថ្នាក់ជាតិ​ឡាវ។

Peter Phanthavong

ក្រុម U-22 ឡាវ បាន​ទៅកាន់​អា​រ៉ា​ប៊ី​សា​អូឌីត​ដើម្បី​ហ្វឹកហាត់​កាលពី​ថ្ងៃទី 11 មេសា។ បន្ទាប់មក ពួកគេ​នឹងមាន​វត្ត​មាននៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី 25 មេសា ដើម្បី​ចូលរួម​ប្រកួត​នៅ​ស៊ី​ហ្គេម។ យោងតាម​កាលបរិច្ឆេទ U-22 ឡាវ​នឹង​ប៉ះ​វៀតណាម​នៅក្នុងការ​​ប្រកួត​ដំបូង​នា​ថ្ងៃទី 30 មេសា​ នៅឯ​កីឡដ្ឋាន​ព្រីស​ន៍៕

Advertisement