Man City បង្កើត​កំណត់ត្រា​ឈ្នះជាប់ៗគ្នា ខណៈ Lukaku សង្គ្រោះ Man United

ខ្សែបម្រើ​ដ៏​មាន​ឥទ្ធិពល David Silva បាន​ស៊ុត​បាល់​បញ្ចូល​ទី2គ្រាប់ ខណៈដែល​ក្រុម Manchester City ដែល​កំពុង​នាំមុខ​ដាច់​លើ​តារាង​ក្របខ័ណ្ឌ Premier League បាន​កត់ត្រា​ជ័យជម្នះ​ក្នុង​លទ្ធផល 4-០ នៅលើ​ទឹកដី​ក្រុម Swansea City កាលពី​ថ្ងៃ​ពុធ ដើម្បី​បង្កើត​កំណត់ត្រា​ថ្មី​នៃ​ការ​ឈ្នះជាប់ៗគ្នា​ក្នង​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស តាមរយៈ​ការដណ្តើម​បាន​ជ័យជម្នះ​ជា​លើក​ទី15ជាប់ៗគ្នា។

ក្រុម​របស់លោក Pep Guardiola ទើបតែ​បានទទួល​ជ័យជម្នះ 2-1 លើ​ក្រុម​ឈរ​លេខ2 Manchester United កាលពី​ថ្ងៃអាទិត្យ ដោយ​យកឈ្នះ​បាន​យ៉ាង​ស្រួល​នៅ​កីឡដ្ឋាន Liberty ដើម្បី​បំបែក​កំណត់ត្រា​នៃ​ការ​ឈ្នះជាប់ៗគ្នា​ចំនួន14លើក​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុម Arsenal កាលពី​ឆ្នាំ2002។ លោក Guardiola អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Man City បាន​ឲ្យ​ដឹងថា៖ «ការដណ្តើម​បាន​ជ័យជម្នះ15លើកជាប់ៗគ្នា  ផ្តល់​ឲ្យ​យើង​នូវ​ការជឿជាក់​ជាច្រើន។ ប្រសិនបើ​មាន​មនុស្ស​ជាច្រើន​រីករាយ​ក្នុង​ការមើល​ការប្រកួត​របស់​យើង ជ័យជម្នះ​នោះ​គឺជា​កាដូ​ដ៏​ល្អ​បំផុត»។

Man City នៅតែ​រក្សា​ការនាំ​មុខ11ពិន្ទុ​លើ​ក្រុម Man United ហើយ​បច្ចុប្បន្ន​បាន​ស៊ុត​បាល់​បញ្ចូល​ទី52គ្រាប់ ក្នុង​ការប្រកួត​ក្របខ័ណ្ឌ​លី​ក17លើក​របស់​ពួកគេ ដើម្បី​ពង្រឹង​ការធ្វើដំណើរ​របស់​ពួកគេ​ឆ្ពោះទៅ​កាន់ការ​ឈ្នះ​ពាន។ ស្របពេល​ជាមួយគ្នានេះ ក្រុម Man United បាន​ស្តារ​មុខមាត់​ពី​ការ​ចាញ់​ក្នុងការ​ប្រកួត​រវាង​ក្រុម​ស្ថិតក្នុង​ទីក្រុង​តែមួយ តាមរយៈ​ការ​ផ្តួល​ក្រុម Bournemouth ក្នុង​លទ្ធផល 1-០ ខណៈដែល​ការ​ភ្លាត់ស្នៀត​របស់​ក្រុម Liverpool និង Arsenal បានធ្វើ​ឲ្យ​ក្រុម Tottenham Hotspur ឡើងទៅ​ឈរ​លេខ4 តាមរយៈ​ការ​ផ្តួល​ក្រុម Brighton & Hove Albion ក្នុង​លទ្ធផល 2-។ ខ្សែប្រយុទ្ធ Romelu Lukaku បា​នរក​គ្រាប់​បាល់​កាត់សេចក្តី ខណៈដែល Man United បាន​វិល​ទៅកាន់​ផ្លូវ​នៃ​ជ័យជម្នះ​វិញ​តាមរយៈ​ការ​ផ្តួល​ក្រុម Bournemouth៕

ប្រភពពី៖ Sport24

Advertisement