ឈុត U22 របស់វៀតណាម នឹងហួសអាយុ នៅស៊ីហ្គេមឆ្នាំក្រោយ ពេលដែលខ្លួនធ្វើម្ចាស់ផ្ទះ

ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលជាការប្រកួតកីឡាករចម្រុះដ៏ធំជាងគេបំផុតនៅតំបន់អាស៊ានលើកក្រោយ នៅឆ្នាំ2021 គ្រោងនឹងធ្វើឡើងនៅក្នុងប្រទេសវៀតណាម ចាប់ពីថ្ងៃទី21 ខែវិច្ឆិកា ឆ្នាំ2021 រហូតដល់ថ្ងៃទី2 ខែធ្នូ ឆ្នាំ2021 ដោយប្រទេសនេះ បានជ្រើសយកទីក្រុងហាណូយ និងហូជីមិញដើម្បីធ្វើការប្រកួត។

បើក្រឡេកទៅមើលអាយុកីឡាករទាំង 18នាក់ កាលពីស៊ីហ្គេមកាលពីឆ្នាំ2019 កន្លងទៅនេះ កីឡាករវៀតណាមស្ទើរតែទាំងអស់នោះ នឹងត្រូវលើសអាយុ 22ឆ្នាំនៅឆ្នាំក្រោយ ដោយអាចនៅសេសសល់តែកីឡាករ 2រូបតែប៉ុណ្ណោះ។

គួរបញ្ជាក់ដែរថា ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមបានលើកពានកីឡាមួយនេះ លើវិញ្ញាសាបាល់ទាត់ ក្រោយឈរលេខ1 ក្នុងពូល B នឹងយកឈ្នះកម្ពុជា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយបានយកឈ្នះក្រុមឥណ្ឌូនេស៊ី ដណ្តើមមេដាយមាសបានសម្រេច៕

Advertisement