អេ​ស្ប៉ាញ និង​ព័រទុយ​ហ្គាល់ ស្ថិតក្នុងពូល​តែមួយក្នុង World Cup 2018​

ក្រុម​ជិត​ខាងគ្នា អេ​ស្ប៉ាញ និង​ព័រ​ទុយហ្គាល់នឹង​ត្រូវ​​​ប្រជែងគ្នាក្នុង​យុទ្ធនា​ការ World Cup នៅ​ឆ្នាំក្រោយនេះ ក្រោយពី​​ត្រូវ​បាន​ចាប់​ឆ្នោត​ឲ្យស្ថិតក្នុងពូល​តែមួយនៅក្នុងការ​ចាប់​ឆ្នោតចែកពូលដែល​​បានរៀប​ចំឡើង​ក្នុង​ទីក្រុងម៉ូស្គូ កាលពី​​ថ្ងៃ​សុក្រ​​​។

ស្រប​ពេល​ជាមួយគ្នានេះ ក្រុម​ម្ចាស់​ការពារ​តំណែង​ជើង​ឯកអាល្លឺ​ម៉ង់ ស្ថិតក្នុងពូល F ជាមួយនឹងក្រុម​ជម្រើស​ជាតិ​​ម៉ិក​ស៊ិក ស៊ុយ​អែត និងក្រុម​ជម្រើស​ជាតិកូរ៉េ​ខាងត្បូង​។ ការ​ប្រកួត​បើក​ឆាកនៃយុទ្ធនាការ World Cup លើកនេះនឹង​តម្រូវ​ឲ្យ​ក្រុមម្ចាស់ផ្ទះត្រូវ​ប៉ះ​ជាមួយនឹងក្រុម​ជម្រើស​ជាតិអា​រ៉ា​ប៊ីសាអ៊ូ​ឌីត ក្នុងការ​ប្រកួត​ពូល A នាថ្ងៃព្រហស្បតិ៍ ទី​14 ខែ​មិថុនា​។ ដោយឡែក ក្នុង​ពូល B ក្រុមម្ចាស់​ជើង​​ឯក​ឆ្នាំ​​2010 អេស្ប៉ាញ និងក្រុមម្ចាស់​ជើង​​​ឯក​ប្រចាំ​ទ្វីប​អឺ​រ៉ុប ព័រ​ទុយហ្គាល់ ត្រូវ​បាន​ចាប់​ឆ្នោត​ឲ្យ​ស្ថិតនៅ​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​ម៉ា​រ៉ុក និង​អ៊ី​រ៉ង់ ដែល​ស្ថិតក្រោម​ការ​ដឹកនាំ​របស់​​គ្រូ​បង្វឹក​សញ្ជាតិព័រ​ទុយ​ហ្គាល់​លោក Carlos Queiroz​។

ហេតុនេះ មានន័យថា​ ខ្សែ​ប្រយុទ្ធ Cristiano Ronaldo របស់​ព័រ​ទុយហ្គាល់ នឹង​ត្រូវ​ធ្វើការ​ប្រកួត​ជាមួយ​​នឹងកីឡាករ​អេ​ស្ប៉ាញ​ជាច្រើន​ដែលលេង​ឲ្យក្លិប Real Madrid ដូច​គ្នា និងក្រុមដែល​ត្រូវ​បានដឹកនាំ​ដោយ​លោក Queiroz ដែល​ជា​អតីត​គ្រូ​បង្វឹកនៃក្រុម​ជម្រើស​ជាតិ​ព័រ​ទុយហ្គាល់​។ ខ្សែ​ការ​ពារអន្តរ​ជាតិ​ព័រ​ទុយ​ហ្គាល់ Jose Fonte របស់ក្លិប West Ham បានប្រាប់​ទូរ​ទស្សន៍ BBC Sport ថា៖ «វា​ជា​ការ​ប្រជែង​គ្នា​ដ៏​ធំមួយ ហើយ​វានឹងក្លាយ​ជាការ​ប្រកួត​រវាង​ក្រុម​ស្ថិតក្នុង​តំបន់​តែមួយ​។ វាពិត​ជា​អស្ចារ្យណាស់​។ គ្រប់គ្នាពិត​ជា​ស្រេក​​ឃ្លានក្នុងការ​ទស្សនាការ​ប្រកួតនេះ​»​។ ដោយឡែក អង់គ្លេស ត្រូវ​បាន​​ចាប់​ឆ្នោត​ឲ្យស្ថិតក្នុងពូល G រួម​ជាមួយ​នឹងក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក ប៉ា​ណាម៉ា និងទុយនី​ស៊ី​៕

ប្រភពពី៖ BBC

 

Advertisement