លោក Mourinho ចោទប្រកាន់ Aguero ថា បានសម្តែង ក្រោយ Fellaini រងកាតក្រហម

លោក Jose Mourinho បាន​ចោទ​​ប្រកាន់ខ្សែ​ប្រយុទ្ធ Sergio Aguero ពី​បទ​សម្តែង​ធ្វើ​ជា​ដួល ដើម្បី​ធ្វើ​ឲ្យខ្សែ​បម្រើ Marouane Fellaini រង​ពិន័យកាតក្រហម​ក្នុង​ពេលក្រុម​របស់​លោក​បានប​ញ្ចប់ក្នុងលទ្ធផលស្មើ ០-០ នៅលើ​ទឹក​ដី​ក្រុម Manchester City ក្នុងការប្រកួត​រវាងក្រុម​ស្ថិតក្នុង​ទីក្រុង​តែមួយ​កាលពីថ្ងៃ​ព្រហស្បតិ៍​។

ខ្សែ​បម្រើ​អន្តរ​ជាតិ​បែល​ហ្ស៊ិក​ Fellaini របស់ក្រុម Man United បាន​រង​ពិន័យ​កាត​ក្រហម​ភ្លាម​ៗ​នៅ​នាទី ទី​៨៤ សម្រាប់​ការ​ប្រើ​ក្បាល​អុក​​ទៅ​លើ​ខ្សែប្រយុទ្ធ Aguero របស់ Man City ដែល​បាន​​ធ្វើ​​ជា​ដួល​ទៅលើ​ទីលាន​។ លោក Mourinho បានអះអាង​ថា លោកមិន​បាន​ឃើញហេតុ​ការណ៍​នោះ​ឡើយ ប៉ុន្តែ បាន​បញ្ជាក់​​ថា ការ​បញ្ទេញ​ប្រតិ​​កម្ម​របស់ Aguero បាន​​ធ្វើ​ឲ្យលោក​អាជ្ញាកណ្តាល Martin Atkinson ផ្តល់​កាតក្រហម​ដល់ Fellaini សម្រាប់​ការប្រព្រឹត្ត​អំពើហិង្សា​។ លោក Mourinho បាន​​ឲ្យ​ដឹង​ថា៖ «Marouane Fellaini បាននិយាយ​ថា វា​ជា​ការ​រង​ពិន័យក្រហម​ពី​ព្រោះ​រូបគេ​ធ្វើ​ឲ្យ​មានកំហុស​​។ លោក Martin Atkinson បានប្រាប់ខ្ញុំ​ថា លោក​គិត​ថា វា​ពិត​ជា​ការផ្តល់​ការ​ពិន័យកាតក្រហម​ដ៏ស័ក្តិ​សម​​»​។

គ្រូ​បង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គាល់​រូបនេះ​បាន​ប្រាប់​បន្ត​ថា៖ «ប៉ុន្តែ ខ្ញុំ​បាន​ឃើញ Aguero នៅ​តាមផ្លូវ​ចូល​ទៅកាន់​បន្ទប់​ផ្លាស់​ប្តូរ​សម្លៀក​បំពាក់ និង​មិនបាន​រង​របួស​ច្រមុះ និង​របួសក្បាល ឡើយ ហើយ​ទឹក​មុខ​​របស់​គេ​តែង​ស្ថិតក្នុង​​ភាព​ស្រស់​ស្អាត​ ហេតុ​នេះខ្ញុំ​មិន​​ប្រាកដ​ចិត្តឡើយ​»​។ លោក Mourinho បាន​បន្ថែម​ទៀត​ថា៖ «ប្រសិន​បើ Sergio មិន​ធ្វើ​ជា​ដួល​ទៅលើ​ទីលាន​ទេនោះ ពិត​ណាស់ វាមិនមែនជាការ​ពិន័យក្រហម​ឡើយ ប៉ុន្តែ ប្រសិន​បើ Marouane ធ្វើ​ឲ្យ​រូបគេ​ធ្វើ​បែបនោះ ខ្ញុំ​មិន​ដឹង​ឡើយ​»​។ លោក Pep Guardiola គ្រូ​បង្វឹក​របស់ Man City បាន​ប​ដិសេធ​​ក្នុងការ​បញ្ចេញ​មតិ​ទៅលើ​ការ​ផ្តល់​​​កាតក្រហមនោះ និង​បាននិយាយ​ថា៖ «ខ្ញុំ​មិនមែន​មកទីនេះ​ដើម្បីកាត់​សេចក្តី​លើអ្វី​ដែលគូ​​ប្រកួត​របស់ខ្ញុំ​សម្រេច​ចិត្ត​នឹង​ធ្វើឡើយ​»​៕

https://www.youtube.com/watch?v=IUCgVVOcjVM

ប្រភពពី៖ Mirror

Advertisement