Ronaldo បញ្ជាក់ថា ការជឿជាក់​លើ​ខ្លួនឯង គឺជា​គន្លឹះ​នាំទៅរក​ជ័យជម្នះ

ខ្សែប្រយុទ្ធ Cristiano Ronaldo បាន​បញ្ជាក់ថា កូនសោ​ក្នុងការ​ទទួលបាន​ជោគជ័យ​ដ៏​អស្ចារ្យ​របស់គេ គឺជា​ការមិន​ជឿជាក់​លើ​នរណា​ទាំងអស់​ក្រៅពី​ខ្លួនឯង ហើយ​រូបគេ​បាន​ណែនាំ​ឱ្យ​មិត្ត​រួម​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​របស់គេ​គួរ​ប្រកាន់យក​ឥរិយាបថ​ដូចគ្នានេះ។

តារា​ឆ្នើម​របស់​ក្លិប Real Madrid រូបនេះ បាន​បញ្ចេញមតិ​របស់​ខ្លួន​នៅពេលដែល​រូបគេ​បានទទួល​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់​ព័រ​ទុយ​ហ្គា​ល់​នៅក្នុង​ទីក្រុង Lisbon។ Ronaldo ដែល​បាន​ជួយ​ឱ្យ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​ឈ្នះ​ពាន Euro ឆ្នាំ2016 ហើយ​បច្ចុប្បន្ន​កំពុងតែ​ផ្តោតអារម្មណ៍​ទៅលើ​ការ​ប្រជែង​ពាន World Cup ឆ្នាំ2018នោះ បានឱ្យដឹងថា៖ «យើង​គួរតែ​ជឿជាក់ថា យើង​ជា​ក្រុម​ខ្លាំង​បំផុត»។ ខ្សែប្រយុទ្ធ​រូបនេះ​បាន​ប្រាប់​បន្តថា៖ «អ្នក​ត្រូវតែ​គិត​ឱ្យបាន​ខ្ពស់។ ខ្ញុំ​តែងតែ​ជឿជាក់ថា គ្មាន​នរណាម្នាក់​ល្អប្រសើរ​ជាង​ខ្លួន​ខ្ញុំ​ឡើយ ក្នុងពេល​ស្ថិតនៅលើ​ទីលាន​ប្រកួត»។

Ronaldo បាន​បន្ថែមទៀតថា៖ «ក្នុង​កម្រិត​បុគ្គលិក និង​ជា​ក្រុម ខ្ញុំ​បាន​ជួប​ឆ្នាំ​ដ៏​អស្ចារ្យ​មួយ។ ខ្ញុំ​បានឈ្នះ​ពាន5 (ដែល​រួមមាន Champions League, UEFA Supercup, World Club Cup, La Liga និង ពាន Supercup របស់​អេ​ស្ប៉ា​ញ) ក៏ដូចជា​ពាន Ballon D’Or និង FIFA ‘Best»។

Ronaldo ដែល​បាន​ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់​ពិភពលោក Ballon D’Or 5សម័យ​កាលនោះ បច្ចុប្បន្ន​កំពុងតែ​ស្ថិតនៅក្នុង​ទីក្រុង Lisbon ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ ដែល​នឹងត្រូវ​ប្រកួត​មិត្តភាព​ជាមួយនឹង​ក្រុម​អេ​ហ្ស៊ី​ប នៅ​ថ្ងៃ​សុក្រ​នេះ និង​ក្រុម​ជម្រើសជាតិ​ហូ​ឡង់ ក្នុង​រយៈពេល 3ថ្ងៃ​ក្រោយមក៕

ប្រភពពី៖ Channel News Asia

Advertisement