Kyle Walker បំពេញការផ្ទេរទៅ Man City ជាផ្លូវការក្នុងតម្លៃខ្លួន53លានផោន

Kyle Walker បច្ចុប្បន្ន ក្លាយជាខ្សែការពារដែលមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតរបស់ពិភពលោក ក្រោយពីក្លិប Manchester City បានបំពេញការផ្ទេររបស់គេពីក្លិប Tottenham ក្នុងតម្លៃខ្លួនគោលចំនួន 50លានផោន (ស្មើនឹង65.4លានដុល្លារអាមេរិក) ដែលនឹងកើនដល់53លានផោន សម្រាប់ខ្សែការពារស្លាបស្តាំអន្តរជាតិអង់គ្លេសរូបនេះ។

បើបូកទាំងប្រាក់ឧបត្ថម្ភផ្សេងៗ ការផ្ទេរនេះនឹងបំបែកកំណត់ត្រាលើតម្លៃខ្លួន50លានផោនដែលក្លិប Paris St-Germain បានចំណាយទិញខ្សែការពារ David Luiz ពីក្លិប Chelsea កាលពីឆ្នាំ2014 ហើយក៏នឹងធ្វើឲ្យ Walker ក្លាយជាកីឡាករអង់គ្លេសដែលមានតម្លៃខ្ពស់ជាងគេបំផុតផងដែរ។ អតីតខ្សែការពាររបស់ក្លិប Sheffield United រូបនេះបានទទួលស្គាល់ថា៖ «វាហាក់ដូចជាមានអារម្មណ៍ចម្លែកបន្តិច។ ខ្ញុំបានស្ថិតនៅជាមួយនឹងក្លិប Tottenham អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែ ខ្ញុំពិតជារំភើបណាស់ចំពោះការចាប់ផ្តើមទំព័រថ្មីមួយក្នុងអាជីពរបស់ខ្ញុំ។ ខ្ញុំពិតជាចង់ចាប់ផ្តើមលេងណាស់។ ខ្ញុំពិតជារំភើបក្នុងការចុះហត្ថលេខាជាមួយនឹងក្លិប Man City»។

Walker បានបន្ថែមទៀតថា៖ «ជាមួយនឹងទំហំរបស់ក្លិបនេះ យើងត្រូវតែបន្ត និងប្រជែងយកពានសំខាន់ៗទាំងអស់ពីគ្រប់ទិសទី ហើយជាការរំពឹងទុក ពានទាំងនោះអាចបន្ថែមទៅលើប្រវត្តិរូបរបស់ខ្ញុំ ពីព្រោះមិនធ្លាប់បានឈ្នះពានច្រើនឡើយមកទល់ពេលនេះ ក្នុងអាជីពរបស់ខ្ញុំ។ Tottenham គឺជាក្លិបដ៏អស្ចារ្យមួយ ព្រោះពួកគេបានជួយខ្ញុំឲ្យស្ថិតក្នុងទីតាំងដែលខ្ញុំកំពុងឈរនៅទីនេះ។ ខ្ញុំបានរៀនសូត្រជាច្រើន ជាពិសេសក្រោមការដឹកនាំរបស់លោក Mauricio Pochettino ហើយគាត់ពិតជាអស្ចារ្យណាស់ចំពោះខ្ញុំ»៕
ប្រភពពី៖ The Guardian

Advertisement