Villareal ចុះ​ហត្ថ​លេខា​ជាមួយ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Unal មកពីក្លិប Man City

ក្លិប Villareal បាន​ចុះ​ហត្ថ​លេខា​ជាមួយនឹង​ខ្សែ​ប្រយុទ្ធ Enes Unal វ័យ​២០​ឆ្នាំ​មក​ពី​ក្លិប Manchester City របស់​ក្រប​ខ័ណ្ឌ Premier League ក្នុងកិច្ច​សន្យា​រយៈ​ពេល​៥ឆ្នាំ​។ នេះ​បើយោង​ទៅ​តាម​ការ​ប្រកាស​របស់ក្លិបស្ថិតក្នុង​ក្រប​ខ័ណ្ឌ La Liga មួយនេះ កាលពី​ថ្ងៃពុធ​​។

ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិតួកគី Unal បាន​ចូលរួម​ជាមួយ​នឹងក្លិប Man City កាល​​ឆ្នាំ​២០១៥ និង​ត្រូវបាន​ខ្ចី​ជើង​​ទៅកាន់ក្លិប Genk របស់​បែល​ហ្ស៊ិក និង NAC Breda របស់​ហូឡង់ នៅមុន​ការចំណាយ​ពេល​ខ្ចី​ជើង​ពេញមួយ​រដូវកាល នៅ​ឯ​ក្លិប FC Twente សម្រាប់​យុទ្ធ​នាការ​ឆ្នាំ​២០១៦-២០១៧ ដោយ​រូប​គេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​១៩​គ្រាប់ក្នុងការ​បង្ហាញខ្លួន​៣៣លើក​។ Unal បាន​បង្ហាញខ្លួន​ជាលើកដំបូង​នៅក្នុងក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​តួក​គី កាល​ពីឆ្នាំ​២០១៥ ក្នុង​វ័យ​ត្រឹម​តែ​១៧​ឆ្នាំ និង​បាន​ស៊ុត​បាល់​បញ្ចូល​ទី​សម្រាប់ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​ចំនួន​៥​គ្រាប់​មក​ទល់​ពេលនេះ​។ ការ​ផ្ទេរ​នេះ​​គឺ​មាន​តមៃ្ល​ខ្លួន​១២លានផោន (ស្មើនឹង​​១៥,៥លាន​ដុល្លារ​អាមេ​រិក​) ក្នុង​នោះ​រាប់​បញ្ចូល​ទាំងលក្ខ​ខណ្ឌ​​ទិញ​រំលាយ​កិច្ច​សន្យា​​ទៅលើ​​កុងត្រា​របស់​កីឡាករ​វ័យក្មេង​រូបនេះ​​ដែលមាន​តម្លៃ​១៧,៥លាន​ផោន​ផងដែរ​។ នេះ​បើយោង​ទៅ​តាមការ​ចេញផ្សាយ​របស់​បណ្តាញ​សារ​ព័ត៌​មាននានា​។

Unal ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ឈាន​ដល់​ទម្រង់លេងកម្រិតកំពូល​របស់​ខ្លួន ចាប់​តាំង​ពី​​ទទួល​បានជោគ​ជ័យ​ដ៏​ធំ​ធេង​នៅ​ឯ​ក្លិប Bursaspor ក្រោយ​ពី​រូប​គេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​សរុប​១៨២​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​១១០​លើក​ក្នុងកម្រិត​យុវ​ជន និងក្រុម​ឈុត​ធំ​។ រូប​គេ​ក៏​បាន​បាន​ស៊ុត​បាល់​បញ្ចូល​ទី​២៤គ្រាប់ ក្នុងការ​ប្រកួត​២៥​លើក​សម្រាប់​ក្រុម​​ជម្រើស​ជាតិ​តួក​គីអាយុ​ក្រោម​១៦ឆ្នាំ​ផងដែរ​៕

ប្រភព​ពី​៖ Reuters

 

Advertisement