ក្លិប Real Sociedad ចុះហត្ថលេខាជាមួយខ្សែបម្រើ Januzaj មកពីក្លិប Man United

ក្លិប Real Sociedad បានចុះហត្ថលេខាជាមួយនឹងខ្សែបម្រើស្លាប Adnan Januzaj របស់ក្លិប Manchester United សម្រាប់តម្លៃខ្លួន9.8លានផោន (ស្មើនឹង12.6លានដុល្លារអាមេរិក)។ នេះបើយោងតាមការប្រកាសរបស់ក្លិបស្ថិតក្នុងក្របខ័ណ្ឌ La Liga កាលពីថ្ងៃពុធ។

បណ្តាញសារព័ត៌មានរបស់អេស្ប៉ាញបានចេញផ្សាយថា ក្លិប Man United បានបញ្ចូលលក្ខខណ្ឌនៃការរំលាយកិច្ចសន្យាក្នុងការធ្វើកុងត្រាសម្រាប់ខ្សែបម្រើអន្តរជាតិបែលហ្ស៊ិកវ័យ 22ឆ្នាំរូបនេះ។

Januzaj បានយល់ព្រមចុះកុងត្រារយៈពេល5ឆ្នាំជាមួយនឹងក្លិប Sociedad ហើយនឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃព្រហស្បតិ៍នេះ ក្រោយពីបានចូលរួមវគ្គហ្វឹកហាត់ជាលើកទី1របស់ខ្លួនរួចមក។ Januzaj បានសរសេរនៅលើបណ្តាញសង្គម Instagram ថា៖ «សូមថ្លែងអំណរគុណដល់គ្រូបង្វឹក និងបុគ្គលិកដែលធ្វើការនៅក្លិប Manchester United ដើម្បីធ្វើឲ្យវាក្លាយជាក្លិបដ៏អស្ចារ្យមួយ»។

Januzaj បានបន្ថែមទៀតថា៖ «ប៉ុន្តែជាអកុសល ពេលវេលារបស់ខ្ញុំនៅក្នុងក្លិបនេះបានឈានដល់ទីបញ្ចប់ហើយ និងវាមិនមែនមានន័យថា ខ្ញុំចង់ចាកចេញឡើយ ប៉ុន្តែខ្ញុំនឹងនៅតែរក្សាការផ្តល់ក្តីស្រឡាញ់ដល់ក្លិប Manchester United ជានិច្ច»។ Januzaj បានចូលលេងក្នុងក្រុមធំរបស់ក្លិប Man United កាលពីឆ្នាំ2013 ក្រោមការដឹកនាំរបស់លោក David Moyes និងបានស៊ុតបាល់បញ្ចូលទី2គ្រាប់ក្នុងពេលចូលលេងក្នុងការប្រកួតជាលើកទី1របស់គេក្នុងក្របខ័ណ្ឌ Premier League ពេលជួបក្រុម Sunderland។ ប៉ុន្តែ រូបគេមិនបានបន្តនូវទម្រង់លេងដ៏ល្អរបស់គេឡើយ និងបានស៊ុតបាល់បញ្ចូលទីបានត្រឹមតែ5គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន66លើកសម្រាប់ Man United មុនពេលខ្ចីជើងទៅកាន់ក្លិប Borussia Dortmund និង Sunderland៕
ប្រភពពី៖ Reuters

Advertisement