ទ្វីបអាស៊ី អស់​មាន​ក្រុម​តំណាង​នៅ World Cup 2022 ក្រោយពី កូរ៉េខាងត្បូង និង​ជប៉ុន ត្រូវបាន​ជម្រុះ

(កាតា)- បរាជ័យ​របស់ ជប៉ុន និង កូរ៉េខាងត្បូង កាលពី​យប់​ថ្ងៃទី 05 ធ្នូ 2022 បានធ្វើឱ្យ ទ្វីបអាស៊ី ត្រូវអស់​តំណាង​នៅ World Cup 2022។

កូរ៉េខាងត្បូង ប៉ះ​នឹង​ក្រុម​របស់ ប្រេ​ស៊ី​ល ក្នុងនាម​ជា​ក្រុម​តំណាងឱ្យ ទ្វីបអាស៊ី ចុងក្រោយ​នៅ World Cup 2022 ប៉ុន្តែ ពួកគេ​ត្រូវបាន​នាំមុខ 4 គ្រាប់​នៅ​នាទី​ទី 36។ បរាជ័យ 1-4 នៅលើ​កីឡដ្ឋាន Al Janoub កាលពី​យប់មិញ នាំឱ្យ Son Heung-min និង​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង ត្រូវអស់​ការប្រកួត​នៅ World Cup 2022 ចាប់ពីពេលនោះ។

ប៉ុន្មាន​ម៉ោង​មុន​ការប្រកួត​រវាង កូរ៉េខាងត្បូង និង ប្រេ​ស៊ី​ល ជប៉ុន ក៏បាន​ចាញ់ ក្រូ​អាត 1-3 ក្នុងការ​ស៊ុត​បាល់​ប៉េ​ណាំង​ទី (Penalty Soot-out)។ បរាជ័យ​របស់ កូរ៉េខាងត្បូង និង ជប៉ុន បានធ្វើឱ្យ ទ្វីបអាស៊ី ត្រូវអស់​ក្រុម​តំណាង​រលីង នៅ World Cup 2022។ កាលពី​ថ្ងៃទី 03 ធ្នូ អូស្ត្រាលី ត្រូវ​ចាក​ចេញពី World Cup 2022 ត្រឹម​វគ្គ 1/8 ក្រោយពី​ចាញ់ អា​ហ្ស​ង់​ទីន 1-2។

ថ្វីបើ​ត្រូវអស់​ក្រុម​តំណាង​នៅ World Cup 2022 ប៉ុន្តែ រដូវ​កាល​បាល់ទាត់​ពិភពលោក​លើក​នេះ​គឺជា​ជោគជ័យ​ធំ​មួយ​សម្រាប់​វិស័យ​បាល់ទាត់​របស់ អាស៊ី ក៏ដូចជា សម្ព័ន្ធ​បាល់ទាត់​ទ្វីបអាស៊ី (Asian Football Confederation)។

ជោគជ័យ​នៅ World Cup លើក​នេះ​របស់ អាស៊ី រួមមាន ៖ អា​រា​ប៊ី​សា​អូឌីត បាន​ផ្ដួល អា​ហ្ស​ង់​ទីន 2-1 មុនពេល​ត្រូវ​ហាលអាវ។ ក្រោយមក ជប៉ុន ក៏​ឈ្នះ អាល្លឺម៉ង់ និង អេ​ស្ប៉ា​ញ ជាមួយនឹង​គ្រាប់​បាល់​ឈ្នះ​ដូចគ្នានេះដែរ។ ជុំ​ចុងក្រោយ​នៃ​វគ្គ​ចែក​ពូ​ល កូរ៉េខាងត្បូង ក៏បាន​ឈ្នះ ព័រទុយហ្កាល់ ជួយ​ឱ្យ សម្ព័ន្ធ​បាល់ទាត់​ទ្វីបអាស៊ី មាន​តំណាង​រហូតដល់​ទៅ 3 ជា​លើកដំបូង​នៅ​វគ្គ 8 ក្រុម រួមមាន អូស្ត្រាលី ជប៉ុន និង កូរ៉េខាងត្បូង៕

Advertisement