Ake របស់ Chelsea ត្រៀម​បំពេញការផ្ទេរ​ទៅ Bournemouth

ខ្សែ​ការ​ពារ Nathan Ake កំពុង​តែ​ស្ថិត​យ៉ាង​ប្រកៀក​ក្នុងការ​បំពេញការផ្ទេរ​ទៅ​កាន់​ក្លិប Bournemouth ក្នុងតម្លៃខ្លួន​​ជា​​កំណត់ត្រា​របស់​ក្លិប​នេះ​​​ចំនួន​20លានផោន (ស្មើ​នឹង​25.88​លាន​ដុល្លារអាមេ​រិក) ពីក្លិប​តោ​​ខៀវ Chelsea។

ការ​ព្រម​​ព្រៀង​គ្នាមួយ​នេះត្រូវ​បាន​ឈាន​ដល់​​លក្ខ​ខណ្ឌ​សំខាន់​ផ្សេង​ៗ​រវាងក្លិប​ទាំងពីរដោយ​នៅសល់​តែ​សេចក្តី​លម្អិត​បន្តិច​​បន្តួច​ប៉ុណ្ណោះក្នុង​ការ​​ដោះ​ស្រាយ ខណៈដែល Ake ត្រូវ​បាន​គេ​រំពឹង​​ទុក​ថា នឹង​ចុះហត្ថលេខា​រយៈ​ពេល​5​ឆ្នាំ​ក្នុង​រយៈ​ពេល​48​ម៉ោង​ទៀតហើយ​និង​ត្រូវ​ចូល​​រួម​ជាមួយ​នឹង​​មិត្ត​រួមក្រុមថ្មី​របស់​គេ​នៅ​​ពេល​​​​ហ្វឹកហាត់មុន​បើក​​រដូវកាល​ក្រោយ​​ចាប់ផ្តើម​។ ការ​នាំ​យក Ake នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​​ការទទួល​ជោគ​ជ័យមួយ​​សម្រាប់ក្លិប Bournemouth ដែល​បាន​យក​ឈ្នះក្នុង​ការប្រជែង​ពី​សំណាក់ក្លិប West Bromwich Albion, Newcastle United, Southampton និង West Ham United ក៏ដូច​ជាក្លិប​មកពីក្រៅ​ប្រទេស​ជាច្រើន​ទៀត​ដែរ។ ខ្សែការ​ពារ​វ័យ​22​ឆ្នាំ​រូប​នេះ ​បាន​ចំណាយ​ពេល​ពាក់កណ្តាល​រដូវកាលមុនក្នុងនាម​ជាកីឡាករ​កម្ចី​នៅ​ឯ​ក្លិប Bournemouth​ និង​បាន​បង្ហាញពី​ទម្រង់លេង​ដ៏គួរ​ឲ្យ​ចាប់អារម្មណ៍​ក្រោមការ​ដឹកនាំ​របស់​លោក Eddie Howe​ ដែល​បាន​រងនូវការ​ខកចិត្ត​យ៉ាង​ខ្លាំងនៅ​​ពេល​ដែល Chelsea បាន​ធ្វើការ​កោះ​​ហៅ Ake ​​​ឱ្យ​ចូល​រួម​​ជា​ថ្មី​ជាមួយនឹងក្រុម​របស់​ខ្លួន​វិញ​កាលពី​ខែ​មក​រា​។

អ្នក​ចាត់​ការ​ទូទៅ​របស់ក្លិប Bournemouth រូប​នេះធ្លាប់បាន​ទទួល​បរា​ជ័យ​ក្នុងការ​ចុះ​ហត្ថ​លេខា​ជាមួយនឹង Akeក្នុងកិច្ច​សន្យា​ជា​អចិន្ត្រៃយ៍រួចមកហើយនៅ​ថ្ងៃ​ចុងក្រោយ​នៃ​ការ​បិទ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​កាលពី​ខែមករា ប៉ុន្តែឥឡូវបាន​បង្ហាញ​ពី​ការ​ចាប់​អារម្មណ៍​ជា​ថ្មី​របស់​​ខ្លួនភ្លាម​ៗ​​នៅ​រដូវ​ក្តៅនេះ​៕

ប្រភព​ពី៖ The Guardian

Advertisement