អាងហែលទឹក​នៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ដែល​មាន​លក្ខណៈ​ស្តង់​ដា​ នឹង​ជួសជុល​រួចរាល់​នៅ​ខែមិថុនា​ ខាងមុខនេះ​

អាងហែលទឹក​នៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ដែល​បើក​ឱ្យ​ដំណើរការ​តាំងពី​ឆ្នាំ1963មក​នោះ​ ត្រូវ​បាន​បើក​ធ្វើការ​ជួសជុល​ឡើងវិញ​កាលពី​ពេល​កន្លងមក​ ហើយ​មកទល់​នឹង​ពេលនេះ​ ដំណើរការ​ជួសជុល​ និង​សាងសង់​ឡើងវិញ​នេះ​សម្រេច​បាន​ប្រហែលជា​ 60ភាគរយ​ហើយ​ ហើយ​បើ​តាម​គម្រោង​ ការងារ​នេះ​អាច​នឹង​បញ្ចប់​ជាស្ថាពរ​នៅដើម​ខែមិថុនា​។

អាងហែលទឹក​នេះ​ត្រូវ​បាន​ជួសជុល​ និង​សាងសង់​ឡើង​សាជាថ្មី​ ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​សប្បុរសជន​នានា​ក្នុង​វិស័យ​កីឡាហែលទឹក​នេះ​តាមរយៈ​ការ​កៀងគរ​ពីសំណាក់​ឯកឧត្តម​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ និង​ ជា​ប្រធាន​នៃ​សហព័ន្ធ​កីឡាហែលទឹក​កម្ពុជា​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ អាងហែលទឹក​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ ត្រូវ​បាន​ខូចខាត​ស្ទើរតែ​ទាំងស្រុង​បន្ទាប់ពី​សង្គ្រាម​ផ្ទៃក្នុង​ប្រទេស​បាន​រលត់​ទៅ​ និង​បច្ចុប្បន្ន​ត្រូវ​បាន​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ធ្វើការ​រៀបចំ​ជួសជុល​ និង​សាងសង់​ឡើងវិញ​កាលពី​ចុងឆ្នាំ2018​ ក្រោម​អធីប​តី​ភាព​ឯកឧត្ដម​ ស៊ុន​ ចាន់​ថុល​ ប្រធាន​សហព័ន្ធ​កីឡាហែលទឹក​កម្ពុជា​ ដោយអាង​ហែលទឹក​ថ្មីនេះ​នឹង​រៀបចំ​សាងសង់​ឡើង​តាម​លក្ខណៈ​ស្តង់​ដា​ទំនើប​សម័យថ្មី​ ដែល​មិន​ខុសគ្នា​ពី​អាង​ហែល​ទឹ​កធំៗ​មួយចំនួន​លើ​ពិភពលោក​ឡើយ​៕

Advertisement