ក្រុម​បាល់​ទាត់​នារី​វៀតណាម​មាន​ឱកាស​ជម្រះ​បញ្ជី​ចាស់​​ដែលចាញ់​​​ហ្វ៊ីលីពីន​​​ 0-4 ក្នុង​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រនៅ​ AFF ​ឆ្នាំ​មុន​

ក្រុម​បាល់​ទាត់​នារី​វៀតណាម​​ចាញ់​​​ហ្វ៊ីលីពីន​​​ 0-4 ក្នុង​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រនៅ​ AFF ​ឆ្នាំ​មុន​

នៅ​ស៊ីហ្គេម​បី​រដូវ​កាល​ជាប់​ៗ​គ្នា​ ក្រុម​បាល់ទាត់​នារី​ជម្រើស​ជាតិ​វៀតណាម សុទ្ធ​តែ​គ្រប់​គ្រង​តំណែង​ជើង​ឯក​ ហើយ​បច្ចុប្បន្ន ហ្វ៊ីលីពីន​កំពុង​តែ​​ក្លាយ​ជា​គូ​ប្រជែង​ធំបំផុត​របស់​វៀតណាម​។ ក្រុម​បាល់​ទាត់​មួយ​គូដែលទើប​តែ​ដណ្ដើម​បាន​សិទ្ធិ​ឡើង​ទៅ​ប្រកួត​នៅ World Cup នារី 2023 នេះ នឹង​បន្ថែម​កម្ដៅ​ដល់​ស៊ីហ្គេម​នៅ​កម្ពុជា​ជាក់​ជា​មិន​ខាន​។

ក្រោយ​ពី​ការ​ប្រកួត​ពីរ​ជើង​នៅ​ពូល A ក្រុម​បាល់​ទាត់​នារី​ជម្រើស​ជាតិ​វៀតណាម កំពុង​នាំ​មុខ​គេ​ក្នុង​គម្លាត​ 3 ពិន្ទុ ធៀប​នឹង​គូប្រជែង​ពីរ​ក្រុម​​ផ្សេង​ទៀត​។ វៀតណាម​ត្រូវ​ការ​ស្មើ​មួយ​ប្រកួត​ទៀត​ប៉ុណ្ណោះ​នឹង​បាន​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ប៉ុន្តែ វៀតណាម​​ប្រាកដ​ជា​ត្រូវ​ជម្រះ​បញ្ជី​ចាស់​ដែល​ខ្លួន​បាន​ចាញ់​ហ្វ៊ីលីពីន 0-4 ក្នុង​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៅ AFF Cup នារី​ ដែល​ធ្វើ​ឡើង​នៅ​ហ្វ៊ីលីពីន​កាល​ពី​ឆ្នាំ​កន្លង​។

បច្ចុប្បន្ន វៀតណាម​កំពុង​មាន​ប្រៀប​ជាង​ហ្វ៊ីលីពីន​។ ក្រោយ​ការ​ប្រកួត​ពីរ​ជើង ហ្វ៊ីលីពីន​រក​បាន​តែ​មួយ​គ្រាប់​ និង​ចាញ់​មួយ​គ្រាប់​ ខណៈ​ដែល​វៀតណាម​រក​បាន​ 6 គ្រាប់​។

ថ្វី​បើ​ហ្វ៊ីលីពី​ បច្ចុប្បន្ន​ហាក់​បាន​ចុះ​ខ្សោយ​ ប៉ុន្តែ​វៀតណាម​ក៏​ត្រូវ​តែ​មាន​ការ​ប្រុស​ប្រយ័ត្ន​ ព្រោះ​ថា ក្រុម​បាល់​ទាត់​នារី​របស់​វៀតណាម ធ្លាប់​ចាញ់​​ក្រុម​បាល់​ទាត់​នារី​ហ្វ៊ីលីពីន 0-4​ កាល​ពី​ឆ្នាំ​កន្លង​ ហើយ​ហ្វ៊ីលីពីន​ក៏​មាន​កីឡាការិនី​ច្រើន​រូប​​ដែល​កំពុង​លេង​ឱ្យ​បរទេស​។

ការ​ប៉ះគ្នា​រវាង​ក្រុម​ដែល​នឹង​មាន​វត្តមាន​នៅ​ World Cup នារី​ 2023 នេះ ប្រាកដ​ជា​នឹង​ធ្វើ​ឱ្យ​កក្រើក​ទីលាន​​បាល់​ទាត់​នៅ​កម្ពុជា​នា​ពេល​ខាងមុខ​មិន​ខាន​។

Advertisement