លោក​ ​Puel​ ​ថា​ ​លោក​មាន​កិត្តិយស​ណាស់​ក្នុង​ការដឹកនាំ​ ​Leicester​

​លោក​ ​Claude​ ​Puel​ ​បាន​និយាយ​ថា​ ​លោក​ពិតជា​មាន​កិត្តិយស​ណាស់​ក្នុង​ការ​ទទួល​បាន​ឱកាស​ដឹកនាំ​ក្រុម​ ​Leicester​ ​ក្រោយពី​លោក​ត្រូវ​បាន​បណ្តេញ​ចេញ​កាលពី​ចុង​សប្តាហ៍​មុន​។​

អាណត្តិ​ដឹកនាំ​រយៈពេល​ ​16ខែ​របស់​គ្រូបង្វឹក​សញ្ជាតិ​បារាំង​វ័យ​ ​57ឆ្នាំ​រូប​នេះ​ ​បាន​ឈាន​ដល់ទី​បញ្ចប់​ ​ក្រោយពី​ក្រុម​របស់​លោក​បាន​រង​បរាជ័យ​ក្នុង​លទ្ធផល​ ​4​-​1​ ​លើទឹក​ដី​ខ្លួនឯង​ក្រោម​ស្នាដៃ​ក្រុម​ ​Crystal​ ​Palace​ ​ដែល​ជា​ការ​រង​បរាជ័យ​លើក​ទី6​ ​របស់​ក្រុម​ ​Leicester​ ​ក្នុងចំណោម​ការប្រកួត​ ​7លើក​។​

​អំឡុង​ពេល​នៃ​ការ​បរាជ័យ​នោះ​ ​ក្រុម​ ​Leicester​ ​បាន​ធ្លាក់​ចេញពី​ពាន​ ​FA​ ​Cup​ ​ក្រោម​ស្នាដៃ​ក្រុម​ ​Newport​ ​និង​បាន​ធ្លាក់​ទៅ​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ12​ ​ក្នុង​ក្របខ័ណ្ឌ​ ​Premier​ ​League​ ​ដោយ​នាំមុខ​ ​8ពិន្ទុ​ពីលើ​ក្រុម​ស្ថិត​ក្នុង​តំបន់​កាត់ចោល​។​

​ លោក​ ​Puel​ ​បានឱ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ត្រូវ​បាន​ចេញផ្សាយ​តាមរយៈ​សហជីព​អ្នកចាត់ការ​ទូទៅ​ក្នុង​ក្របខ័ណ្ឌ​លី​ក​ ​កាលពី​ថ្ងៃ​ចន្ទ​ថា​៖​ ​«​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​គ្រប់គ្នា​ដែល​ខ្ញុំ​បាន​ធ្វើការ​ជាមួយ​នៅ​ឯ​ក្លិប​បាល់ទាត់​ ​Leicester​ ​City​»​។​

​គ្រូបង្វឹក​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​៖​ ​«​វា​គឺជា​សិទ្ធិ​ពិសេស​មួយ​ក្នុង​ការ​ធ្វើការ​ជាមួយនឹង​កីឡាករ​ ​បុគ្គលិក​ ​និង​ក្រុម​អ្នកចាត់ការ​ទូទៅ​។​ ​វា​ជា​កិត្តិយស​របស់ខ្ញុំ​ក្នុង​ការបាន​ធ្វើការ​ឱ្យ​លោក​ ​KhunVichai​ ​ដែល​បាន​ផ្តល់​ឱកាស​ដ៏​អស្ចារ្យ​ដល់​ខ្ញុំ​ក្នុង​ការដឹកនាំ​ក្លិប​នេះ​ ​និង​ចែករំលែក​ពេលវេលា​ដ៏​អស្ចារ្យ​ជាមួយនឹង​គាត់​»​។​

លោក​ ​Puel​ ​គឺជា​អ្នកចាត់ការ​ទូទៅ​ក្នុង​ក្របខ័ណ្ឌ​កំពូល​ទី5​ ​ដែល​បាន​ចាកចេញ​ពី​តំណែង​របស់​លោក​ ​ក្រោយពី​លោក​ ​Slavisa​ ​Jokanovic​ ​ត្រូវ​បាន​បណ្តេញ​ចេញពី​ក្លិប​ ​Fulham​ ​លោក​ ​Mark​ ​Hughes​ ​ពី​ក្លិប​ ​Southampton​ ​លោក​ ​Jose​ ​Mourinho​ ​ពី​ក្លិប​ ​Manchester​ ​United​ ​និង​លោក​ ​David​ ​Wagner​ ​ពី​ក្លិប​ ​Huddersfield​៕​ ​

Advertisement