Philipp Lahm និង Xabi Alonso នឹងបង្ហាញខ្លួនជាលើកចុងក្រោយឲ្យ Bayern មុនចូលនិវត្តន៍

ក្រុម Bayern Munich នឹងត្រូវតែនិយាយថា លាហើយទៅកាន់វីរបុរសដ៏ឆ្នើមពីរនាក់នៅថ្ងៃសៅរ៍ស្អែកនេះ នៅពេលដែលខ្សែការពារ Philipp Lahm និងខ្សែបម្រើ Xabi Alonso ត្រូវចូលនិវត្តន៍ពីកីឡាបាល់ទាត់អាជីព។

ការប្រកួតក្នុងផ្ទះខ្លួនឯងរបស់ក្រុម Bayern ជាមួយនឹងក្រុម Freiburg នឹងក្លាយជាព្រឹត្តិការណ៍ដ៏រំជួលចិត្តមួយ ខណៈដែលម្ចាស់ជើងឯករបស់ក្របខ័ណ្ឌ Bundesliga មួយនេះ នឹងត្រូវលើកពានក្នុងរដូវកាលនេះជាលើកទី៥ជាប់ៗគ្នារបស់ពួកគេ។

Lahm វ័យ៣៣ឆ្នាំ និង Alonso វ័យ៣៥ឆ្នាំ ធ្លាប់បានឈ្នះរាល់ពានសំខាន់ៗទាំងអស់ និងបានក្លាយជាកីឡាករដ៏សំខាន់ក្នុងការប្រកួត២លើកក្នុងចំណោមការប្រកួតដ៏ធំបំផុតប្រចាំសតវត្សរ៍ទី២១នេះ។ ខ្សែបម្រើការពារ Alonso បានរកគ្រាប់បាល់ទី៣ដ៏សំខាន់របស់ក្រុម Liverpool ក្នុងពេលពួកគេធ្វើការវាយបកពីការដេញតាមពីក្រោយ ៣-០ ក្នុងតង់ទី១នៃការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រជាមួយនឹងក្រុម AC Milan កាលពីឆ្នាំ២០១៥ នៅមុនពេលដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៣-២ ដោយការស៊ុតបាល់ប៉េណាល់ទី ក្នុងទីក្រុង Istanbul។

ដោយឡែក Lahm បានធ្វើជាប្រធានក្រុមនៃក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ ក្នុងនាមជាខ្សែការពារស្លាបស្តាំ ដោយពេលនោះក្រុមរបស់គេបានស៊ុតបាល់បញ្ចូលទី៤គ្រាប់ក្នុងតង់ទី១ ដើម្បីបំបាក់ក្រុមម្ចាស់ផ្ទះប្រេស៊ីល យ៉ាងចាស់ដៃក្នុងលទ្ធផល ៧-១ ក្នុងការប្រកួតព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៤ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ Alonso ក៏បានបង្កើតភាពអស្ចារ្យក្នុងក្លិបធំៗបីរបស់ពិភពលោកផងដែរ ដែលរួមមាន Liverpool, Real Madrid និង Bayern។ រូបគេបានសម្តែងការដឹងគុណរបស់គេសម្រាប់ការផ្ទេរទៅកាន់ក្លិប Liverpool កាលពីឆ្នាំ២០០៤ ពោលគឺរយៈពេល៥ឆ្នាំ ក្រោយពីបានចុះហត្ថលេខាលើកុងត្រាអាជីពជាលើកទី១របស់គេជាមួយនឹងក្លិប Real Sociedad របស់អេស្ប៉ាញ ដើម្បីនាំឲ្យគេក្លាយជាកីឡាករឆ្នើមរហូតមកទល់ពេលនេះ៕
ប្រភពពី៖ BBC

Advertisement