Griezmann រក​បាន​ 2​គ្រាប់ ដើម្បី​ធ្វើ​ឱ្យ​លោក Loew កាន់​តែ​លិច​លង់​ក្នុង​បញ្ហា

ខ្សែ​ប្រយុទ្ធ Antoine Griezmann បាន​ស៊ុត​បាល់​បញ្ចូល​ទី​ 2​​គ្រាប់​ក្នុង​តង់​ទី​2 ខណៈ​ដែលក្រុមម្ចាស់​ជើង​ឯក​ពិភព​លោកបារាំង បាន​ធ្វើ​ការ​វាយ​បក​ដេញ​តាម​ពីក្រោយ ដើម្បី​ផ្តួលក្រុម​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់ ក្នុងលទ្ធផល 2-1 ក្នុង​យុទ្ធនាការ UEFA Nations League កាលពីថ្ងៃ​អង្គារ និង​បាន​បង្កើត​ឱ្យ​មាន​ភាព​ស្រពេច​ស្រពិល​ជុំ​វិញ​អនា​គត​របស់​លោក Joachim Loew​។

ខ្សែ​បម្រើ Toni Kroos បាន​ស៊ុត​បាល់​ប៉េ​ណាល់​ទី​នៅនាទីទី​14 សម្រាប់​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ ប៉ុន្តែ Griezmann បាន​បង្កើត​ឱ្យមានការ​​វាយបក​ដ៏គួរ​ឱ្យរំភើប​មួយ ក្នុង​ការ​ប្រកួត​លើក​ទី​1 ​រវាងក្រុម​ទាំង​2 នា​កីឡដ្ឋាន Stade de France ចាប់​តាំងពីការ​ប្រកួតមិត្ត​ភាព​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​2015 ដែល​ត្រូវ​បាន​រំខាន​ដោយ​​សារ​តែ​ការ​វាយ​ប្រហារ​បែប​ភេរ​វកម្ម​ជា​បន្ត​បន្ទាប់​ក្នុង​រដ្ឋ​ធានី​របស់​បារាំង​។ គ្រូបង្វឹក​នៃក្រុម​ជម្រើស​ជាតិ​បារាំង លោក Didier Deschamps បាន​ប្រើ​ប្រាស់​ក្រុម​ដ៏ខ្លាំង​មួយ​ដែល​បាន​ចូល​លេងក្នុង World Cup វគ្គ​ផ្តាច់​ព្រ័ត្រ ខណៈ​ដែល​ Presnel Kimpembe ជា​កីឡាករ​ថ្មី​តែម្នាក់​ដែល​បាន​ចូល​ជំនួស​ខ្សែ​ការ​ពារ Samuel Umtiti​។ ការ​រង​បរា​ជ័យ​ 3-០ របស់​ក្រុមអាល្លឺម៉ង់ ក្រោមស្នា​ដៃក្រុម​ជម្រើស​​ជាតិ​ហូ​ឡង់ កាល​ពីថ្ងៃ​សៅរ៍ បាន​ធ្វើ​ឱ្យលោក Loew ផ្លាស់​ប្តូរ​កីឡាករ​ 5នាក់ ខណៈដែល​លោក​បាន​បន្ថែមល្បឿនក្នុង​តំបន់​ប្រយុទ្ធ ជាមួយនឹង​​ការ​ដាក់​បញ្ចូល Leroy Sane និង Serge Gnabry​។ ទោះ​បី​ជា​យ៉ាង​ណា ក្រោយពី​ការ​ប្រកួត​កាល​ពី​ថ្ងៃ​អង្គារ លោក Loew នៅ​តែ​មាន​ការ​រឹង​ទទឹង និង​បានកោត​សរសើរ​ចំពោះ​ការ​បង្ហាញពី​ទម្រង់​លេង​របស់​ក្រុម​ខ្លួន​។

លោក Loew បាន​ឱ្យ​ដឹង​ថា៖ «ខ្ញុំ​ពិត​ជា​ខក​ចិត្ត​ចំពោះ​លទ្ធផល​នេះ បើ​ទោះ​បី​ខ្ញុំ​ត្រូវ​តែ​និយាយ​ថា ការ​បរា​ជ័យ​នេះ គឺ​មាន​​លក្ខណៈ​ផ្សេង​គ្នា​ពី​លទ្ធផល​កាលពីថ្ងៃ​សៅរ៍​ក៏ដោយ​​»​។ គ្រូបង្វឹក​រូបនេះ​បា​ន​បន្ថែម​ទៀត​ថា៖ «មិន​មែន​ដោយ​សារ​តែ​លទ្ធផល​នេះ​ឡើយ ប៉ុន្តែ ដោយសារ​តែ​ការ​បង្ហាញពី​ទម្រង់​លេង​។ ខ្ញុំ​ពិត​ជា​រីក​រាយ​ជាមួយ​នឹង​ទម្រង់​លេង​របស់​ក្រុម​។ ខ្ញុំ​គិត​ថា យើង​បាន​ស្ថិតក្នុង​កម្រិត​ស្មើ​គ្នា​មួយ ជាមួយ​​នឹងក្រុម​ដ៏ខ្លាំង​បំផុត​ក្នុង​ពិភព​លោក​»​៕

ប្រភពពី៖ Sport24

Advertisement