Joshua ត្រូវតែប៉ះ Povetkin បើ​មិន​អ៊ី​ចឹងទេ ត្រូវ​​បាត់​បង់ខ្សែ​ក្រវាត់ WBA

អ្នកប្រដាល់ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ពិភព​លោក Anthony Joshua​ របស់​ចក្រ​ភព​អង់គ្លេស ត្រូវ​បាន​កំណត់​រយៈ​ពេលឱ្យ​ 24​ម៉ោង ដើម្បី​យល់​ព្រម​​ទទួលយកការ​ប្រកួត​មួយ​ជា​មួយ​​នឹងកីឡាករ​ប្រដាល់​រុស្ស៊ី Alexander Povetkin បើមិន​អ៊ី​ចឹង​ទេ គេអាចត្រូវ​ប្រឈមមុខនឹង​​ការ​បាត់​បង់​ខ្សែ​ក្រវាត់ជើងឯក​​មួយខ្សែរបស់​គេ​។

Joshua ទើបតែបាន​ទទួល​ខ្សែក្រវាត់​របស់​អង្គការកីឡា​​ប្រដាល់​ពិភព​លោក ឬ​ហៅកាត់​ថា WBO ទម្ងន់​ធ្ងន់មួយខ្សែទៀតថែមពីលើ​​ខ្សែក្រវាត់របស់ស្ថាប័ន WBA និង​ IBF ដែល​រូបគេកំពុង​គ្រប់គ្រង​​ស្រាប់ហើយ នៅ​ពេល​​ដែល​រូបគេ​បានផ្តួល​កីឡាករជនជាតិ​នូ​វែល​សេ​ឡង់ Joseph Parker ក្នុង​ទីក្រុង Cardiff កាល​ពី​ខែមីនា​កន្លងទៅ។ ចាប់​តាំងពី​ពេល​នោះមក លោក Eddie Hearn​ ដែល​ជា​អ្នក​រៀប​ចំ​​ការ​ប្រកួត​របស់ Joshua បាន​ព្យា​យាម​​រៀប​ចំ​​ការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​រួម​មួយ ជាមួយនឹងអ្នកប្រដាល់ Deontay Wilder ប៉ុន្តែនៅមិន​​​ទាន់​បាន​ចុះកិច្ច​ព្រម​ព្រៀង​​ណាមួយ​ជាមួយ​នឹង​ភាគី​របស់​​អ្នកប្រដាល់​អាមេរិក​រូបនោះនៅ​ឡើយ​ ហើយស្ថា​ប័ន WBA ពិត​ជា​ធុញ​ទ្រាន់​នឹង​ការ​រង់​ចាំនេះខ្លាំងណាស់ ​ដោយបច្ចុប្បន្ន WBA បាន​ប្រាប់ Joshua ថា រូប​គេត្រូវ​តែឡើង​ប្រកួត​ជាមួយ​​ Povetkin ដែល​ជា​គូប្រជែង​កើត​ចេញពីការ​ជ្រើសរើស​របស់​ពួកគេ​។

លោក Gilberto Mendoza ប្រធានស្ថាប័ន WBA បាន​ឱ្យ​ដឹង​នៅក្នុង​សេចក្តីថ្លែង​​ការណ៍មួយ កាលពីថ្ងៃ​អង្គារ ​ថា៖ «នៅ​ថ្ងៃ​នេះ WBA បាន​ស្នើ​សុំ​ចម្លើយ​ពី​ក្រុមរបស់ Anthony Joshua ទាក់​ទង​នឹង​ការ​ប្រកួត​របស់​គេ​ជាមួយ​នឹង​អ្នក​ប្រជែងដ​ណ្តើម​ខ្សែក្រវាត់ Alexander Povetkin»​។ ប្រធាន​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «WBA បាន​អនុ​ញ្ញាត​ឱ្យ​មាន​ការ​ពន្យារ​ពេល​រយៈ​ពេល​ 1ខែ​ដើម្បី​ធ្វើ​ការ​ចរ​ចា​ជាមួយ​នឹង Povetkin និង​ការ​ពិភាក្សា​កំពុង​បន្ត​ជាមួយ​នឹង Deontay Wilder​។ វា​ហាក់​បង្ហាញថា ក្រុម​ការ​ងារ​របស់ Wilder មិន​ចង់​ចុះ​កុង​ត្រា ហេតុនេះការ​ប្រកួត​រវាង Joshua និង Povetkin ត្រូវ​​តែ​កើត​ឡើង​ភ្លាមៗ​»​៕

ប្រភព​ពី៖ Sport24

Advertisement