ឥណ្ឌូ​នេ​ស៊ី​ ​ដាក់​សំណើ​ដេញថ្លៃ​ជា​ផ្លូវការ​ ​ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ​អូឡាំពិក​ ​2032​

​មន្ត្រី​ពាក់ព័ន្ធ​របស់​ឥណ្ឌូ​នេ​ស៊ី​ ​បាន​បញ្ជាក់​កាលពី​ថ្ងៃអង្គារ​ ​ម្សិលមិញ​ថា​ ​ប្រទេស​របស់​ខ្លួន​បាន​ដាក់​សំណើ​ដេញថ្លៃ​ជា​ផ្លូវការ​ ​ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិ​ការណ៍​កីឡា​អូឡាំពិក​ឆ្នាំ2032​ ​ក្រោយពី​ប្រទេស​ស្ថិត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ ​បាន​ទទួលការ​កោតសរសើរ​ចំពោះ​ការ​ធ្វើជា​ម្ចាស់​ព្រឹត្តិ​ការណ៍​កីឡា​អាស៊ី​ ​(​Asian​ ​Games​)​ ​កាលពី​រដូវ​ក្តៅ​មុន​។​

​ក្រសួង​ការបរទេស​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បាន​បញ្ជាក់​កាលពី​ថ្ងៃអង្គារ​ថា​ ​លោក​ ​Muliaman​ ​Hadadឯកអគ្គ​រដ្ឋទូត​របស់​ឥណ្ឌូ​នេ​ស៊ី​ ​ប្រចាំ​ប្រទេស​ស្វ៊ី​ស​ ​បាន​ទទួល​សំណើ​ដេញថ្លៃ​ជា​ផ្លូវការ​មួយ​ពី​លោក​ប្រធានាធិបតី​ ​Joko​ ​Widodo​ ​មុននឹង​បញ្ជូន​ទៅកាន់​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ហៅ​កាត់​ថា​ ​IOC​ ​ក្នុង​ទីក្រុង​ ​Lausanne​ ​កាលពី​សប្តាហ៍​មុន​។​

​លោក​ ​Hadad​ ​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ត្រូវ​បាន​ចេញផ្សាយ​ជា​សាធារណៈ​នៅ​សប្តាហ៍​នេះ​ថា​៖​ ​«​នេះ​គឺជា​ពេលវេលា​ដ៏​ត្រឹមត្រូវ​ក្នុង​ការ​បង្ហាញ​ពី​សមត្ថភាព​របស់​ឥណ្ឌូ​នេ​ស៊ី​ ​ក្នុងនាម​ជា​ប្រទេស​ដ៏​ធំ​មួយ​»​។​

​លោក​ ​Widodo​ ​បាន​សម្តែង​ពី​ការចាប់អារម្មណ៍​របស់​ឥណ្ឌូ​នេ​ស៊ី​ ​ជា​សាធារណៈ​ ​ទៅលើ​ការ​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិ​ការណ៍​កីឡា​អូឡាំពិក​ក្នុង​ឆ្នាំ2032​ ​នៅ​រដ្ឋធានី​ហ្សាការតា​ ​អំឡុង​ពេល​ប្រទេស​របស់​លោក​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​អាស៊ី​ ​កាលពី​ឆ្នាំមុន​ ​ដែល​ជា​យុទ្ធនាការ​កីឡា​ចម្រុះ​ធំជាង​គេ​បំផុត​លំដាប់​ទី2​ ​បន្ទាប់ពី​អូឡាំពិក​។​
​ ​ប្រទេស​ឥណ្ឌា​ ​ក៏បាន​សម្តែង​នូវ​ការចាប់អារម្មណ៍​របស់​ខ្លួន​ក្នុង​ការ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិ​ការណ៍​កីឡា​អូឡាំពិក​ ​ឆ្នាំ2032​ ​ផង​ដែរ​ ​ស្រប​ពេល​ដែល​ប្រទេស​កូរ៉េខាងជើង​ ​និង​ខាងត្បូង​ ​បាន​បញ្ជាក់​ថា​ ​ខ្លួន​អាច​នឹង​ចូលខ្លួន​ក្នុង​ការ​ដាក់​សំណើ​ដេញថ្លៃ​រួមគ្នា​មួយ​ដែរ​។​ IOC​ ​នឹង​ប្រកាស​ប្រទេស​ម្ចាស់ផ្ទះ​សម្រាប់​យុទ្ធនាការ​ប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ2032​ ​នៅ​ត្រឹម​ឆ្នាំ2025​។​ ​

​ប្រសិនបើ​ការ​ដេញថ្លៃ​របស់​ខ្លួន​ទទួល​បាន​ជោគជ័យ​ ​ឥណ្ឌូ​នេ​ស៊ី​ ​នឹង​ក្លាយជា​ប្រទេស​ម្ចាស់ផ្ទះ​អូឡាំពិក​ ​និងកីឡា​អាស៊ី​ទី4​ ​បន្ទាប់ពី​ប្រទេស​ជប៉ុន​ ​កូរ៉េ​ខាងត្បូង​ ​និង​ចិន​៕​ ​

Advertisement