Ake ជួយ​ឱ្យ​ហូឡង់ បញ្ចប់​ក្នុងលទ្ធផល​ស្មើ​ជាមួយ​នឹង​​អ៊ី​តាលី

ខ្សែ​ការ​ពារ Nathan Ake បាន​តែត​បាល់​បញ្ចូល​ទីនៅ​ពេលជិត​បញ្ចប់​ការ​ប្រកួត ខណៈដែល​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ហូ​ឡង់ បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ 1-1 ជា​មួយ​នឹងក្រុម អ៊ី​តាលី​ដែលនៅ​សល់ស​មា​ជិក​ត្រឹម​តែ​ 10នាក់ក្នុង​ការ​ប្រកួត​មិត្ត​ភាព​អន្តរ​ជាតិ​កាល​ពី​ថ្ងៃ​ចន្ទ ក្នុង​ទីក្រុង Turin រវាងក្រុម​​ល្បី ​2 ដែល​សុទ្ធ​សឹង​មិន​បាន​ឈ្នះ​កៅអី​ទៅលេង​ក្នុង​យុទ្ធ​នា​ការ World Cup ដូច​គ្នា​។

កីឡាករ Simone Zaza បាន​ជួយ​ឱ្យក្រុម​ជម្រើស​ជាតិ​អ៊ី​តាលី មានគ្រាប់​បាល់​នាំមុខ​មុន​នៅ​នាទីទី​67 នា​កីឡដ្ឋាន Allianz របស់​ក្លិប Juventus ប៉ុន្តែក្រុម​ម្ចាស់​ផ្ទះ​បាន​ជួប​បញ្ហា​វិញក្នុង​រយៈពេល​ 2​នាទី​ក្រោយមក នៅ​ពេល​ដែល​​ខ្សែ​​ការ​ពារ Domenico Criscito បាន​រង​ពិន័យកាតក្រហម​បណ្តេញ​ចេញ​សម្រាប់​ការ​​ប្រព្រឹត្ត​កំហុស​ទៅ​លើ​កីឡាករ Ryan Babel​។ ខ្សែ​ការ​ពារ Ake របស់​ក្លិប Bournemouth បាន​រក​គ្រាប់​បាល់​តាមស្មើ​វិញ​ក្នុង​រយៈពេល​ 2​នាទី​​ចុងក្រោយនៃការប្រកួតដែលប៊ិះនឹងចូលដល់វគ្គបន្ថែមម៉ោងទៅហើយ​។

ក្រុម​ទាំង​2 សុទ្ធ​សឹង​ស្ថិត​ក្នុង​ដំណាក់​កាល​នៃ​ការ​ស្រោច​ស្រង់​ដូច​គ្នា ក្រោយពី​ខក​ខាន​ក្នុង​ការ​ឈ្នះ​កៅអី​ទៅ​លេង​ក្នុង​ព្រឹត្តិការណ៍ World Cup ជុំ​ផ្តាច់ព្រ័ត្រ ក្នុង​ប្រទេស​រុស្ស៊ី​។ ​ការ​ប្រកួត​ 3លើក​ដំបូង​របស់​គ្រូបង្វឹក​ថ្មីនៃក្រុម​ជម្រើស​ជាតិ​អ៊ី​តាលី​លោក Roberto Mancini បាន​បញ្ចប់​ដោយ​កា​រ​យកឈ្នះ​លើក្រុម​ជម្រើស​ជាតិ​អា​រ៉ាប៊ី​សា​អ៊ូ​ឌីត 2-1 ចាញ់ក្រុម​ជម្រើស​ជាតិ​បារាំង 3-1 និង​ស្មើ 1-1 ជា​មួយ​នឹង​ក្រុម​ជម្រើស​ជាតិ​ហូ​ឡង់​។ លោក Mancini បាន​ឱ្យ​ដឹង​ថា៖ «វា​ជា​ការ​ប្រកួត​មិត្ត​ភាពមួយ ហើយ​ខ្ញុំ​មិន​ដឹង​ថា វា​ពិត​ជា​​ត្រូវ​ពិន័យដោយ​កាត​ក្រហម ឬ​យ៉ាង​ណា​ឡើយ​»​៕

ប្រភព​ពី៖ Channel News Asia

Advertisement