Neymar រកបាន​គ្រាប់​បាល់​ដ៏​ល្អ​នៅ​ថ្ងៃ​វិល​ពីរ​បួស ជួយ​ប្រេ​ស៊ី​ល ផ្តួល​ក្រូ​អាស៊ី

ខ្សែប្រយុទ្ធ Neymar បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​ថ្ងៃ​នៃ​ការវិល​ចូល​លេង​ជាថ្មី​ឡើងវិញ ក្រោយពី​អវត្តមាន​អស់​រយៈពេល 3ខែ​ដោយសារតែ​បញ្ហា​របួស ខណៈដែល​ក្រុមបាល់ទាត់​ជម្រើសជាតិ​ប្រេ​ស៊ី​ល បាន​កម្តៅ​សាច់ដុំ​សម្រាប់​យុទ្ធនាការ World Cup ជាមួយនឹង​ជ័យជម្នះ​ក្នុង​លទ្ធផល 2-០ លើ​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី នា​កីឡដ្ឋាន Anfield កាលពី​ថ្ងៃអាទិត្យ។

កីឡាករ​មានតម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​បំផុត​ក្នុង​ពិភពលោក​រូបនេះ បាន​អវត្តមាន​តាំងពី​ថ្ងៃទី25 ខែកុម្ភៈ ដែល​នៅពេលនោះ​រូបគេ​បាន​បាក់ឆ្អឹង​ប្រអប់ជើង និង​របួស​កជើង ក្នុងពេល​លេង​ឱ្យ​ក្រុម Paris St Germain ក្នុង​ការប្រកួត​ក្របខ័ណ្ឌ​លី​ករ​បស់​បារាំង​ជាមួយនឹង​ក្រុម Olympique de Marseille។ Neymar អតីត​តារា​ឆ្នើម​របស់​ក្លិប Barcelona ដែលជា​កីឡាករ​ដ៏​សំខាន់​សម្រាប់​ប្រេ​ស៊ី​ល​ក្នុងការ​ប្រជែង​ពាន World Cup នៅ​រុស្ស៊ី បាន​ចូល​លេង​ក្នុងនាម​ជា​កីឡាករ​បម្រុង​ក្នុង​តង់​ទី2 និង​បានបង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ​ដើម្បី​ជួយ​ឱ្យ​ក្រុម​ខ្លួន​ឈ្នះ​ការប្រកួត​នេះ​នៅ​នាទី​ទី69។

Neymar ត្រូវការ​រយៈពេល​ត្រឹមតែ 23នាទី​ប៉ុណ្ណោះ​ដើម្បី​បង្ហាញ​ពី​សារៈសំខាន់​ដែល​រូបគេ​មាន​ទៅលើ​ក្តីសង្ឃឹម​របស់​ប្រេ​ស៊ី​ល​ក្នុងការ​ប្រជែង​ពាន World Cup ជា​លើក​ទី6 របស់​ពួកគេ។ កីឡាករ​បម្រុង​ម្នាក់ទៀត Roberto Firmino បានផ្តល់​ការរីករាយ​ដល់​អ្នកគាំទ្រ​របស់​ក្រុម Liverpool នា​កីឡដ្ឋាន Anfield តាមរយៈ​ការរក​គ្រាប់​បាល់​ទី2 នៅ​ជិត​ពេល​បញ្ចប់​ការប្រកួត ដោយ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​ក្នុង​ប្រអប់​គ្រោះថ្នាក់។

លោក Titeគ្រូបង្វឹក​របស់​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល បានឱ្យដឹងថា៖ ខ្ញុំ​ពិតជា​រីករាយ​ណាស់​ជាមួយនឹង​ការបង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ​នេះ៕

ប្រភពពី៖ Sport24

Advertisement