លោក Southgate សម្លឹង​ឆ្ពោះ​ទៅ​មុខ ក្រោយ​ពី​អង់​គ្លេសឈ្នះ កូឡុំ​ប៊ី ដោយ​​ប៉េ​ណាល់​ទី


លោក Gareth Southgate អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អង់គ្លេស​បាន​បញ្ជាក់​ថា លោក «មិន​ចង់​ទៅផ្ទះ​វិញ» ឡើយ ខណៈ​ដែល​លោក​បាន​អំ​ពាវ​នាវឱ្យ​​ក្រុមដែល​ប្រជុំដោយ​​កីឡាករ​វ័យ​ក្មេង​របស់​លោក​ពង្រឹង​ក្រុម ក្រោយពី​បាន​យកឈ្នះ​ក្នុងការ​ស៊ុត​បាល់​ប៉េ​ណាល់ទី​កាត់​សេចក្តីលើ​ក្រុម​ជម្រើស​ជាតិកូឡុំ​ប៊ី ក្នុង​ការ​ប្រកួត​ព្រឹត្តិការណ៍ World Cup វគ្គ​​16​ក្រុម​ចុងក្រោយ កាល​ពី​ថ្ងៃ​អង្គា​រ។

ក្រោយពី​​ការ​ស៊ុត​បាល់ប៉េ​​ណាល់​ទី​ ​1​គ្រាប់​ក្នុង​តង់​ទី​2 បានជួយ​ឱ្យ​ខ្សែ​ប្រយុទ្ធ Harry Kane រក​បាន​គ្រាប់បាល់​ទី​6 ​ក្នុង​យុទ្ធ​នាការនេះ គ្រាប់​បាល់​តែត​បញ្ចូល​ទី​​នៅ​ពេលជិត​បញ្ចប់​ការ​ប្រកួត​របស់​ខ្សែ​ការ​ពារ Yerry Mina បាន​សង្គ្រោះ​ក្តីសង្ឃឹម​របស់​ក្រុម​ជម្រើស​ជាតិ​កូឡុំ​ប៊ី​ឡើង​វិញមុន​ពេល​​ក្រុមជម្រើស​ជាតិ​អង់គ្លេស ដណ្តើម​បាន​ជ័យ​ជម្នះ​ដោយការ​ស៊ុត​បាល់​ប៉េ​ណាល់​ទី​កាត់​សេចក្តី​ជាលើក​ទី​1 ​ក្នុង​ព្រឹត្តិ​ការណ៍ World Cup ក្រោយពី​បាន​រង​បរា​ជ័យ​ក្នុង​ឆ្នាំ​1990, 1998 និង​2006។ លោក Southgateបានប្រាប់​ទូរ​ទស្សន៍​ ITV ថា៖ «យើង​បានលេង​យ៉ាងល្អ​ក្នុង​រយៈពេល​ 90​នាទី យើង​បាន​បង្ហាញពី​ភាព​​រឹង​មាំ ដើម្បី​ស្រោច​ស្រង់​ពីការ​ខក​ចិត្ត​ដ៏ធំមួយ និង​ស្ថិតក្នុង​អារម្មណ៍​ស្ងប់​។ ការ​ស៊ុត​បាល់​ប៉េណាល់​ទី ពិតជា​តាន​តឹង​។ កីឡាករ​​បាន​ខិត​ខំព្យា​យាម​ធ្វើ​ឱ្យ​បានល្អ ហើយ​វា​ជា​ពេល​វេលា​ដ៏ពិសេស​មួយ​សម្រាប់​យើង​»​។ ខ្សែ​ការ​ពារ Eric Dier បាន​ឱ្យ​ដឹង​ថា៖ «ក្នុង​ការ​ធ្លាក់​ចេញ​ដូច​ដែល​យើង​បាន​ធ្វើ​​ជាមួយ​នឹង​គ្រាប់​បាល់​នៅនាទី​បន្ថែម​​បែប​នេះ អ្នកដឹង​ទេ​ថា វា​ពិត​ជា​លំ​បាកក្នុងការ​​បំភ្លេច​ណាស់​»​។

ស្រប​ពេល​ដែល​អេ​ស្ប៉ាញ បាន​ធ្លាក់​ចេញ​រួច​ជាស្រេច​ ក្រុម​ជម្រើស​ជាតិ​អង់​គ្លេស នឹង​ត្រូវ​ប៉ះ​ជាមួយ​នឹងក្រុម​ជម្រើស​ជាតិ​ស៊ុយ​អែត ក្នុង​ទីក្រុង Samara នៅ​ថ្ងៃ​សៅរ៍នេះ ខណៈ​រុស្ស៊ី ឬ​ក្រូ​អាស៊ី នឹងក្លាយ​ជា​គូ​ប្រកួត​ក្នុង​វគ្គ​​​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​៕

ប្រភព​ពី៖ Channel News Asia

Advertisement