Lewandowski ចង់​ចាក​ចេញពីក្លិប Bayern

ខ្សែ​ប្រយុទ្ធ​ដ៏ឆ្នើម Robert Lewandowski របស់​ក្លិប Bayern Munich ចង់​ចាក​ចេញពីក្លិប​ក្នុង​ក្រប​ខ័ណ្ឌ Bundesliga មួយនេះ នៅ​​រដូវក្តៅនេះ ដើម្បី​ស្វែង​រក​ការប្រជែង​ថ្មីៗ​។ នេះ​បើយោង​ទៅ​តាម​ការ​បញ្ជាក់​របស់​ភ្នាក់​ងារ​តំណាង​របស់​គេដែលប្រាប់​ទៅកាន់​កាសែត Sport Bild កាលពីថ្ងៃពុធ​។

លោក PiniZahavi បានប្រាប់​កា​សែត​ប្រចាំ​សប្តាហ៍​​មួយ​នេះ​ថា៖ «Robert មាន​អារម្មណ៍​ថា រូប​គេ​ត្រូវ​ការផ្លាស់​ប្តូរ និងស្វែងរក​ការ​ប្រជែង​ថ្មីមួយ​ក្នុង​អាជីព​របស់​គេ​។ អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Bayern បានដឹង​ពី​បំណង​នេះ​​ហើយ​»​​។ Lewandowski វ័យ​ 29​ឆ្នាំ​ ដែល​កិច្ច​សន្យា​របស់​គេ​ក្នុងក្លិប Bayern មាន​សុពល​ភាពរហូត​ដល់​ឆ្នាំ​2021​នោះ ត្រូវ​បាន​ទាក់​ទង​ជាមួយ​នឹងក្លិប Real Madrid ស្រប​ពេល​ដែលក្លិប Paris Saint-Germain និងក្លិប​ Chelsea និង Manchester United របស់​ក្រប​ខ័ណ្ឌ Premier League ក៏​ត្រូវ​បាន​​គេ​គិត​ថាមានការ​ចាប់​អារម្មណ៍​ផងដែរ​។ រូប​គេ​គឺ​ជា​អ្នក​រក​បានគ្រាប់​បាល់ច្រើន​ជាង​របស់​ក្រប​ខ័ណ្ឌ Bundesliga ក្នុង​រដូវ​កាល​ដែលទើប​តែ​បញ្ចប់​នា​ពេល​ថ្មី​ៗនេះ ដោយ​រក​បាន​ 29​គ្រាប់ ដោយ​បាន​ឈ្នះពាន​លីក​​ជាលើក​ទី​3 ក្រោយពី​ទទួល​​ជ័យ​ជម្នះ​ក្នុង​រដូវកាល​ឆ្នាំ​2015-2016 ជា​មួយ​នឹង Bayern និង 2013-2014 ជា​មួយ​នឹង​អតីត​ក្លិប Borussia Dortmund​។

កាល​ពី​​ចុង​ខែ​កុម្ភៈ ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ប៉ូឡូញ​រូបនេះ បាន​ចែកផ្លូវ​ជាមួយ​ភ្នាក់​ងារតំណាងចាស់​កាល​ពីមុន​​របស់​គេ​គឺលោក Cezary Kucharski និង​បាន​ចុះហត្ថលេ​ខា​ជាមួយ​នឹងលោក Zahavi ដែល​ជា​ភ្នាក់​ងារតំណាង​ដ៏មាន​ឥទ្ធិ​ពលម្នាក់​ក្នុង​កីឡា​បាល់​ទាត់​ពិភព​លោក​៕

ប្រភព​ពី៖ Channel News Asia

Advertisement