Mbappe ជួយឲ្យ Monaco លើកពាន Ligue 1 ជាលើកទី១ក្នុងរយៈពេល១៧ឆ្នាំ

ខ្សែប្រយុទ្ធអន្តរជាតិបារាំងដ៏ឆ្នើម Kylian Mbappe បានរកគ្រាប់បាល់បញ្ចូលទីយ៉ាងល្អម្តងទៀត ដែលបានធ្វើឱ្យក្រុម Monaco បានលើកពានក្របខ័ណ្ឌបារាំង Ligue 1 ជាលើកទី១របស់ពួកគេក្នុងរយៈពេល១៧ឆ្នាំ ក្រោយពីបានយកឈ្នះលើក្រុម St-Etienne ក្នុងលទ្ធផល ២-០ កាលពីថ្ងៃពុធម្សិលមិញ។


តារាបាល់ទាត់ឆ្នើមវ័យក្មេងរូបនេះ បានអូសបាល់ផុតខ្សែការពារយ៉ាងច្រើន មុននឹងស៊ុតបាល់ផុតដៃអ្នកចាំទី Stephane Ruffier នៃក្រុម St Etienne បំប៉ោងសំណាញ់ ដើម្បីទទួលបានគ្រាប់បាល់បើកឆាក។ ខ្សែបម្រើ Valere Germain បានបន្ថែមគ្រាប់បាល់ទី២ នៅនាទីទី៩៣ ដែលធ្វើឲ្យកីឡដ្ឋាន Stade Louis II ទាំងមូលស្ថិតក្នុងការអបអរយ៉ាងខ្លាំងក្លា។

ជ័យជម្នះនេះមានន័យថា ក្រុម Monaco អាចធ្វើការអបអរការឈ្នះពាន Ligue 1 ជាលើកទី១របស់ពួកគេបានតែម្តង បើគិតចាប់តាំងពីរដូវកាលឆ្នាំ១៩៩៩-២០០០មក ហើយអ្នកគាំទ្រជាច្រើននឹកឆ្ងល់ថា តើនោះជាគ្រាប់បាល់លើកចុងក្រោយរបស់ Mbappe វ័យ១៨ឆ្នាំសម្រាប់ក្លិបនេះឬយ៉ាងណា? ។

ខណៈដែលនៅសល់មួយប្រកួតទៀតដែលត្រូវលេងនៅចុងសប្តាហ៍នេះ ក្រុម Monaco បាននាំមុខរហូតដល់ទៅ៦ពិន្ទុដាច់លើក្រុមឈរលើលេខរៀងទី២ Paris Saint-Germain ដែលជាក្រុមការពារតំណែងជើងឯក។

ជាមួយនឹងការមិនស្គាល់ចាញ់សោះ ក្នុងការប្រកួតក្របខ័ណ្ឌលីកក្នុងឆ្នាំ២០១៧ Monaco ថែមទាំងបានរកគ្រាប់បាល់បញ្ចូលទីបានរាល់ការប្រកួតលីកទាំង ៣១លើកចុងក្រោយរបស់ពួកគេទៀតផង ដែលនេះជាកំណត់ត្រាថ្មីមួយអំឡុងរដូវកាលមួយ។ ខ្សែប្រយុទ្ធ Radamel Falcao របស់ក្លិប Monaco បានប្រាប់ទូរទស្សន៍ Canal+ ថា៖ «ទីបំផុតយើងអាចនិយាយបានថា យើងគឺជាម្ចាស់ជើងឯកហើយ ខ្ញុំពិតជាមានមោទនភាពចំពោះក្រុមនេះ និងកីឡាករទាំងអស់នេះខ្លាំងណាស់។ វាជាសុបិនមួយសម្រាប់ខ្ញុំ ខ្ញុំពិតជារីករាយមែនទែន»៕

https://www.youtube.com/watch?v=83ZRvZErW5g
ប្រភពពី៖ The Sun

Advertisement