ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​នឹងមាន​គ្រូបង្វឹក​ជា​ជនជាតិ​អា​ហ្ស​ង់​ទីន នៅក្រោយ​ស៊ី​ហ្គេម​លើក​ទី 32

លោក Felix Dalmas ធ្លាប់ដឹកនាំក្រុមបាល់ទាត់កម្ពុជាកាលពីឆ្នាំ 2018 ដែលពេលនោះលោកដឹកនាំក្រុម U-23 កម្ពុជា ទៅចូលរួមស៊ីហ្គេម

កាលពី​ថ្ងៃទី 02 មេសា សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បានប្រកាស​ជា​ផ្លូវការ​នូវ​កិច្ចព្រមព្រៀង​បួន​ឆ្នាំ ចាប់ពី​ឆ្នាំ 2023 ជាមួយនឹង​គ្រូបង្វឹក​ជនជាតិ​អា​ហ្ស​ង់​ទីន លោក Felix Dalmas។

នេះ​មិនមែនជា​លើកដំបូង​ឡើយ​ដែល​លោក Felix Dalmas ដឹកនាំ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ហើយ​គោលដៅ​លើក​នេះ​របស់លោក Felix Dalmas និង FFC គឺ​វគ្គ​ជម្រុះ FIFA World Cup 2026។

«ខ្ញុំ​រីករាយ​ណាស់​នៅពេល​មានឱកាស​ត្រលប់មក​កម្ពុជា​ដើម្បី​ធ្វើការ ហើយ​សង្ឃឹមថា គ្រប់គ្នា​ក៏មាន​អារម្មណ៍​បែបនេះ។ យើង​នឹង​ធ្វើការ​ជាមួយគ្នា ដើម្បី​អភិវឌ្ឍ​វិស័យ​បាល់ទាត់​របស់​កម្ពុជា…។ សង្ឃឹមថា គ្រប់គ្នា​នឹង​គាំទ្រ​ដល់ U-22 កម្ពុជា​នៅ​រដូវ​ស៊ី​ហ្គេម​ខាងមុខ» លោក Felix Dalmas ថ្លែង​ដូច្នេះ​នៅក្នុង​ពិធី​ប្រកាស​របស់ FFC។

លោក Felix Dalmas ធ្លាប់​ដឹកនាំ​ក្រុមបាល់ទាត់​កម្ពុជា​កាលពី​ឆ្នាំ 2018 ដែល​ពេលនោះ​លោក​ដឹកនាំ​ក្រុម U-23 កម្ពុជា ទៅ​ចូលរួម​ស៊ី​ហ្គេម ក្រោម​ការប្រឹក្សា​យោបល់​ពី​ចម្ងាយ​របស់​ប្រធាន​បច្ចេកទេស​ដែល​កាលណោះ​គឺ​អតីត​កីឡាករ​ជម្រើសជាតិ​ជប៉ុន Keisuke Honda។

លោក Felix Dalmas

លោក Felix Dalmas ដែលជា​អតីត​ខ្សែប្រយុទ្ធ​កើត​ឆ្នាំ 1988 មកពី​អា​ហ្ស​ង់​ទីន បានធ្វើការ​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​រហូត​ដល់​ខែមីនា 2021។ លោក​ធ្លាប់​ដឹកនាំ​ក្រុម​កម្ពុជា​ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​ស៊ី​ហ្គេម​លើក​ទី 30 នៅ​ហ្វ៊ី​លី​ពី​ន។ ក្រោយមក លោក Felix Dalmas ក៏​មិនបាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ណា​ទាំងអស់​រហូតដល់​មាន​កិច្ចព្រមព្រៀង​ថ្មី​នេះ។

លោក Felix Dalmas (ស្ដាំ) និង​លោក Keisuke Honda កាល​ពី​ឆ្នាំ 2019

ក្នុងពេល​ដ៏​ខ្លី​ខាងមុខ គ្រូបង្វឹក Keisuke Honda នឹង​ដឹកនាំ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ចូល​ប្រកួត​នៅ​ស៊ី​ហ្គេម​លើក​ទី 32 ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ។ នេះ​គឺជា​ឱកាសល្អ​បំផុត​ដើម្បីឱ្យ​អ្នក​យុទ្ធសាស្ត្រ​ជនជាតិ​ជប៉ុន​រូបនេះ និយាយ​ពាក្យ​ថា «លា» ក្នុង​ក្ដី​រីករាយ​ជាមួយ​អ្នកគាំទ្រ​នៅ​កម្ពុជា៕

Advertisement