Mata ជំរុញឲ្យ Man United បង្ហាញពីភាពខ្លាំងរបស់ខ្លួនពេលប៉ះ Southampton រាត្រីនេះ

ខ្សែបម្រើអន្តរជាតិអេស្ប៉ាញដ៏មានឥទ្ធិពល Juan Mata បានជំរុញឲ្យក្រុមបិសាចក្រហម Manchester United ដណ្តើមជ័យជម្នះឲ្យបានពីការប្រកួតទាំងពីរលើកចុងក្រោយរបស់ពួកគេក្នុងក្របខ័ណ្ឌ Premier League នារដូវកាលនេះ ដើម្បីបង្ហាញថា ពួកគេកំពុងតែស្ថិតក្នុងការត្រៀមលក្ខណៈយ៉ាងល្អសម្រាប់ការប្រកួត Europa League វគ្គផ្តាច់ព្រ័ត្រជាមួយនឹងក្រុម Ajax។

ក្រោយពីការរងបរាជ័យ ២-១ របស់ Man United នៅលើទឹកដីក្រុម Tottenham Hotspurs កាលពីថ្ងៃអាទិត្យ ក្រុមបិសាចក្រហមមួយនេះអស់ឱកាសក្នុងការបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៤ ហើយ ហេតុនេះ យុទ្ធនាការក្នុងក្របខ័ណ្ឌ Europa League វគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី២៤ ខែឧសភា ក្នុងទីក្រុង Stockholm ប្រទេសស៊ុយអែត នឹងក្លាយជាឱកាសចុងក្រោយរបស់ពួកគេក្នុងការឈ្នះកៅអីទៅលេងក្នុង Champions League។ Man United នឹងត្រូវធ្វើដំណើរទៅជួបក្រុម Southampton នៅរាត្រីនេះ នៅមុនពេលជួបជាមួយនឹងក្រុម Crystal Palace នៅពេលចុងក្រោយនៃរដូវកាលនេះ ហើយបើទោះបីការប្រកួតទាំងពីរលើកនេះហាក់ដូចជាការប្រកួតបង្គ្រប់កិច្ចក៏ដោយ ប៉ុន្តែ Mata បានបញ្ជាក់ថា រូបគេ និងមិត្តរួមក្រុមរបស់គេបានចាត់ទុកថា ជាការប្រកួតដ៏សំខាន់មួយ។

ខ្សែបម្រើអន្តរជាតិអេស្ប៉ាញរូបនេះបានសរសេរនៅលើទំព័រប្លុករបស់គេដែលត្រូវបានចេញផ្សាយតាមរយៈគេហទំព័ររបស់ Man United ថា៖ «នៅពេលនេះ វាដល់ពេលហើយក្នុងការលេងក្នុងការប្រកួតដ៏ល្អពីរទៀតដើម្បីបញ្ចប់រដូវកាល Premier League មុននឹងឈានទៅប្រកួតក្នុង Europa League វគ្គផ្តាច់ព្រ័ត្រ ក្រោមការត្រៀមលក្ខណៈដ៏ល្អបំផុតតាមដែលយើងអាច»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺយប់នេះ៕

Advertisement