លោក Kovac ដឹក​នាំ​ឱ្យ Frankfurt ទៅ​ជួប Bayern ក្នុង​វគ្គ​ផ្តាច់​​ព្រ័ត្រ

ការ​​ស៊ុត​បាល់​​ដោយ​ការ​​ប្រើ​កែង​ជើង​ទាត់បក​​ទៅ​ក្រោយ​ដ៏ល្អ​ពីសំណាក់​កីឡាករ Luka Jovic បាន​ជួយ​ឱ្យក្រុម Eintracht Frankfurt កត់ត្រា​ជ័យ​ជម្នះ​ក្នុងលទ្ធផល 1-០ លើ​ក្រុម Schalke ក្នុង​ការ​ប្រកួត​វគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃពាន German Cup កាលពីថ្ងៃពុធ ដែលមាន​ន័យ​ថា ក្រុម Bayern Munich នឹង​ត្រូវ​ប៉ះ​ជាមួយអនា​គត​គ្រូបង្វឹក​របស់​ពួក​គេ ​គឺ​លោក Niko Kovacក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ នា​ខែ​ក្រោយនេះ​។

គ្រាប់​បាល់​របស់ Jovic គ្រប់​គ្រាន់​ក្នុងការ​ជួយ​ឱ្យ​ក្រុម​​សល់​សមា​ជិក​ត្រឹម​តែ​ 10​នាក់ Frankfurt ទទួលបាន​ជ័យ​ជម្នះក្នុង​ការប្រកួត​ដ៏ស្វិត​ស្វាញមួយ ដើម្បី​ឈាន​ទៅ​​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ពាន German Cup ជាប់​ៗ​គ្នា និង​​បង្កើត​​ឱ្យ​​មានការ​ជួប​គ្នា​រវាង​លោក Kovac និង​ក្រុម Bayern នា​ថ្ងៃ​ទី​19 ខែ​ឧស​ភាខាង​មុខនេះ​។ ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​កីឡដ្ឋាន Olympiastadion ក្នុង​ទីក្រុង​ប៊ែរ​ឡាំងនឹងក្លាយ​ជា​ការ​ប្រកួត​ចុងក្រោយ​របស់​លោក Kovac ក្នុងនាម​ជា​​គ្រូបង្វឹក​របស់​ក្រុម Frankfurt នៅមុន​ពេល​លោក​ចូល​កាន់​តំណែង​ដដែលនេះនៅ​​ឯក្លិប Bayern នៅ​រដូវក្តៅ​នេះ​។ លោក Kovac បាន​ប្រាប់​ទូរ​ទស្សន៍ Sky Sports ថា៖ «វា​​បាន​ក្លាយ​ជា​ការ​ប្រកួត​ដ៏​ស្វិតស្វាញមួយ ប៉ុន្តែក្រុម​នេះ​ពិត​ជា​ធ្វើ​បានល្អមែន​។ ខ្ញុំ​គិត​ថា នៅ​ទី​បំផុត ក្រុម​របស់​ខ្ញុំ​ចង់​បាន​វា​ខ្លាំង​ជាង​បន្តិច​»​។

ស្រប​​​ពេល​ជាមួយ​គ្នា​នេះ Kevin-Prince Boateng របស់​ក្រុម Frankfurt ដែល​ត្រូវ​នឹង​ប៉ះ​ជា​មួយ​នឹង​ប្អូន​ប្រុស​​កណ្តាល​របស់​គេ​គឺ Jerome នៅ​ក្នុងការប្រកួត​ជា​មួយ​នឹង​ក្រុម Bayern នោះ បាន​ឱ្យ​ដឹង​ថា៖ «ខ្ញុំ​មិនអាច​មាន​អារម្មណ៍ឈឺ​ចាប់​ទៅលើ​បញ្ហា​របួស​ខ្ញុំ​ទៀត​ឡើយ​។ ទោះ​បី​ជា​យ៉ាង​ណា យើង​នឹង​ទៅ​ទីក្រុង​ប៊ែរ​ឡាំង​។ ខ្ញុំ​ពិត​ជា​មានមោទ​ន​ភាព​ទៅលើ​ក្រុមនេះ​ណាស់​»​៕

ប្រភព​ពី៖ sports.yahoo.com

Advertisement