Tosun ត្រៀម​បំពេញ​ការផ្ទេរ​ទៅ Everton ក្នុងតម្លៃ​ខ្លួន25លាន​ផោន

ក្លិប​ទូកក្តោង Everton នឹងត្រូវ​បំពេញ​ការផ្ទេ​រ​ខ្សែប្រយុទ្ធ Cenk Tosun ពី​ក្លិប Besiktas របស់​តួ​ក​គី ក្នុងតម្លៃ​ខ្លួន25លាន​ផោន (ស្មើនឹង33.6លាន​ដុល្លារ​អាមេរិក)។ ខ្សែប្រយុទ្ធ​វ័យ26ឆ្នាំ​រូបនេះ កំពុងតែ​ស្ថិតនៅលើ​ទីលាន​ហ្វឹកហាត់ Finch Farm របស់​ក្លិប Everton ដើម្បី​ពិនិត្យ​សុខភាព និង​យល់ព្រម​លើ​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​ផ្សេង។

តម្លៃ​ខ្លួន​របស់ Tosun ដើម្បី​ចូលរួម​ជាមួយនឹង​ក្រុម​របស់លោក Sam Allardyce នឹងមាន​ចំនួន20លាន​ផោន ដែល​នឹង​កើន​ដល់25លាន​ផោន បើ​បូក​ទាំង​ប្រាក់ឧបត្ថម្ភផ្សេងៗផង។ ក្លិប​មាន​មូលដ្ឋាន​នៅ Goodison Park មួយ​នេះ បាន​ស្វែងរក​ខ្សែប្រយុទ្ធ​ម្នាក់ ចាប់តាំងពី​ការចាកចេញ​របស់​ខ្សែប្រយុទ្ធ Romelu Lukaku ទៅកាន់​ក្លិប Manchester United កាលពី​រដូវ​កាល​មុន​មកម្ល៉េះ។

Tosun ដែលមាន​ដើមកំណើត​នៅ​ប្រទេស​អាល្លឺម៉ង់ គឺជា​ខ្សែប្រយុទ្ធ​អន្តរជាតិ​តួ​ក​គី ប៉ុន្តែ ទម្រង់​លេង​ដ៏​ល្អ​របស់គេ​ជាមួយនឹង​ក្លិប Besiktas បានផ្តល់​ការចាប់អារម្មណ៍​ដល់​ក្លិប Everton តែម្តង។ រូបគេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី41គ្រាប់ ក្នុងការ​ប្រកួត96លើក​នៃ​ក្របខ័ណ្ឌ Super Lig សម្រាប់​ក្លិប Besiktas ចាប់តាំងពី​ផ្ទេរ​មកពី​ក្លិប Gaziantepspor។ ស្របពេល​ជាមួយគ្នា​នោះ Tosun ក៏បាន​ស៊ុត​បាល់​បញ្ចូល​ទី4គ្រាប់​ផងដែរ​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ  Champions League នៅ​រដូវ​កាល​នេះ ក្នុងនោះ​រាប់បញ្ចូល​ទាំង​គ្រាប់​បាល់​បញ្ចូល​ទី2គ្រាប់​របស់គេ​ក្នុងពេល​ក្រុម Besiktas យកឈ្នះ​លើ​ក្រុម Monaco 2-1 ផងដែរ៕

ប្រភពពី៖ The Sun

Advertisement