អេ​ស្ប៉ា​ញ់ «ក្លាយ​ជា​ក្រុម​ដែល​ចាញ់​ការប្រកួត​ប៉េ​ណាំង​ទី​ច្រើន​បំផុត​នៅ World Cup»

បរាជ័យ​នៅ​ចំពោះមុខ ម៉ា​រ៉ុ​ក កាលពី​យប់​ថ្ងៃទី 06 ធ្នូ គឺជា​ការ​ចាញ់​លើក​ទី 4 របស់ អេ​ស្ប៉ា​ញ ក្នុងការ​ប្រកួត​ប៉េ​ណាំង​ទី​នៅក្នុង​ប្រវត្តិសាស្ត្រ World Cup។

លើកដំបូង​ដែល អេ​ស្ប៉ា​ញ បាន​ចាញ់​ក្នុងការ​ប្រកួត​ប៉េ​ណាំង​ទី​នៅ World Cup គឺ​ក្នុង​ឆ្នាំ 1986។ ពេលនោះ ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក Miguel Munoz ក្រុម​អេ​ស្ប៉ា​ញ ចាញ់ បែលហ្ស៊ិក 4-5 បន្ទាប់ពី​ស្មើ 1-1 ក្នុងការ​ប្រកួត 120 នាទី នៅ​វគ្គ 8 ក្រុម។ អតីត​ខ្សែប្រយុទ្ធ Eloy គឺជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​ទាត់​ប៉េ​ណាំង​ទី​មិនបាន​សម្រេច។

នៅ World Cup 2002 អេ​ស្ប៉ា​ញ ត្រូវ​ទាត់​ប៉េ​ណាំង​ទី​នៅក្នុង​ការប្រកួត 2 លើក ក្នុង​វគ្គ​ជម្រុះ​ផ្ទាល់ (knock-out)។ នៅ​វគ្គ 1/8 នោះ ថ្វីបើ Juanfran និង Valeron ទាត់​ប៉េ​ណាំង​ទី​ខុស​គោលដៅ ប៉ុន្តែ ពួកគេ​នៅតែ​ឈ្នះ អៀរ​ឡង់ 3-2 ក្រោយពី​រកបាន 1-1 ក្នុងអំឡុង 120 នាទី។ នេះ​គឺជា​ការប្រកួត​ប៉េ​ណាំង​ទី​តែមួយគត់​នៅ World Cup ដែល អេ​ស្ប៉ា​ញ បានឈ្នះ។

ក្រោយពី​រក​មិនបាន​គ្រាប់​បាល់ (0-0) ពេល​ទាត់​ជាមួយ កូរ៉េខាងត្បូង ក្នុង​វគ្គ 1/8 នៅ World Cup 2002 អេ​ស្ប៉ា​ញ ជាថ្មី​ម្ដងទៀត ត្រូវ​ប្រកួត​ប៉េ​ណាំង​ទី។ ពេលនោះ អេ​ស្ប៉ា​ញ ត្រូវ​ចាញ់ កូរ៉េខាងត្បូង 3-5។

បញ្ហា​ដូចខាងលើ​បាន​កើតឡើង​ចំពោះ អេ​ស្ប៉ា​ញ ជាថ្មី​នៅ World Cup កាលពី 4 ឆ្នាំមុន នៅពេល​ពួកគេ​ចាញ់​ក្រុម​ម្ចាស់ផ្ទះ World Cup 2018 រុស្ស៊ី នៅ​វគ្គ 8 ក្រុម។

អត្រា​នៃ​ការ​ទាត់​ប៉េ​ណាំង​ទី​ជោគជ័យ​របស់ អេ​ស្ប៉ា​ញ នៅ World Cup គឺ​ត្រឹមតែ 57.8% ប៉ុណ្ណោះ ដោយ​សម្រេចបាន 11 នៅក្នុង​ចំណោម 19 គ្រាប់​ដែល​បាន​ទាត់។

ការប្រកួត​ចាញ់ ម៉ា​រ៉ុ​ក នៅលើ​ទីលាន Education City កាលពី​យប់​ថ្ងៃទី 06 ធ្នូ ក៏បាន​បង្ហាញថា អេ​ស្ប៉ា​ញ ទាត់​ប៉េ​ណាំង​ទី​បរាជ័យ​ទាំងស្រុង។ Pablo Sarabia ទាត់​ចំ​បង្គោល​ទី​នៅពេល​ស៊ុត​ប៉េ​ណាំង​ទី​គ្រាប់​ដំបូង មុនពេល​គ្រាប់​បាល់​របស់ Carlos Soler និង Sergio Busquests ត្រូវបាន​អ្នកចាំទី Bono ចាប់បាន​នៅក្នុង​ការ​ស៊ុត 2 គ្រាប់​ដែល​នៅសល់។

ការបរាជ័យ 0-3 ខាង​នេះ​ក៏​ធ្វើឱ្យ អេ​ស្ប៉ា​ញ យកឈ្នះ​លើ អង់គ្លេស និង អ៊ីតាលី ក្នុងការ​ឡើងទៅ​កាន់តំណែង​ដែល​គ្មាន​ក្រុម​ណាមួយ​ចង់បាន នោះ​គឺ «ក្រុម​ដែល​ចាញ់​ប៉េ​ណាំង​ទី​ច្រើន​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ World Cup»។ ចំណែក​ក្រុម​ដែល​ទាត់​ប៉េ​ណាំង​ទី​ល្អ​បំផុត​នៅ World Cup គឺ អា​ហ្ស​ង់​ទីន ក្នុងនោះ ពួកគេ​បានឈ្នះ 4 ប្រកួត ក្នុងការ​ទាត់ 5 ប្រកួត៕

Advertisement