Benfica លើកពាន Portuguese Cup ដើម្បីបំពេញការឈ្នះពាន ២

ក្រុម Benfica បានឈ្នះពាន Portuguese Cup កាលពីថ្ងៃអាទិត្យ ក្រោយពីបានផ្តួលក្រុម Vitoria Guimaraes ក្នុងលទ្ធផល ២-១ ក្នុងវគ្គផ្តាច់ព្រ័ត្រ ដើម្បីបំពេញការឈ្នះពាន២ក្នុងរដូវកាលតែមួយ ក្រោយពីពួកគេបានការពារពានក្របខ័ណ្ឌលីករបស់ព័រទុយហ្គាល់ យ៉ាងជោគជ័យរួចមក។

ខ្សែប្រយុទ្ធអន្តរជាតិម៉ិកស៊ិក Raul Jimenez បានជួយឲ្យក្រុមយក្សក្នុងទីក្រុង Lisbon មួយនេះមានគ្រាប់បាល់នាំមុខមុន ក្នុងតង់ទី២ នាកីឡដ្ឋានជាតិ Jamor ក្បែរដ្ឋធានីរបស់ព័រទុយហ្គាល់ ក្រោយពីការស៊ុតរបស់កីឡាករ Jonas ត្រូវបានជួយសង្គ្រោះ។ បន្ទាប់មក កីឡាករ Eduardo Salvio បានតែតបាល់បញ្ចូលទីយ៉ាងល្អក្រោយពីការបញ្ជូលបាល់ចេញពីជ្រុងរបស់ Nelson Semedo ដើម្បីជួយឲ្យក្រុម Benfica នាំមុខ ២-០ នៅមុនពេលខ្សែបម្រើអន្តរជាតិអាហ្វ្រិកខាងត្បូង Bongani Zungu បានវាយបកមួយគ្រាប់វិញនៅពេលជិតបញ្ចប់ការប្រកួតសម្រាប់ក្រុម Vitoria Guimaraes ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤នៅលើតារាងលីករបស់ព័រទុយហ្គាល់។

នេះជាលើកទី២៦ហើយដែលក្រុម Benfica បានឈ្នះពាន Portuguese Cup ដែលជាចំនួនច្រើនជាងក្លិបណាៗទាំងអស់ និងនេះក៏ជាលើកទី១ដែរ ដែលពួកគេបានឈ្នះពាន ២ ក្នុងរដូវកាលតែមួយ ចាប់តាំងពីឆ្នាំ២០០៤មក៕
ប្រភពពី៖ Reuters

Advertisement