Pellegri វ័យ16 ឆ្នាំ មិន​រង​សម្ពាធ​ដោយសារ​តម្លៃ​ខ្លួន ក្រោយ​ផ្ទេរ​ទៅ Monaco

ខ្សែប្រយុទ្ធ​វ័យ16ឆ្នាំ Pietro Pellegri ដែលមាន​តម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​បំផុត​ក្នុង​ពិភពលោក បាន​បញ្ជាក់ថា រូបគេ​មិន​ត្រូវបាន​រំខាន​ដោយសារតែ​ចំនួន​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ដែល​ក្លិប Monaco បាន​ចំណាយ​ទិញ​រូបគេ​ពី​ក្លិប Genoa ឡើយ។

Pellegri បាន​ចាក​ចេញពី​ក្លិប​កុមារ​របស់គេ ដើម្បី​ចូលរួម​ជាមួយនឹង​ក្រុម​ម្ចាស់​ជើងឯក​បារាំង សម្រាប់​តម្លៃ​ខ្លួន 17.5លាន​ផោន (ស្មើនឹង 24.7លាន​ដុល្លារ​អាមេរិក) កាលពី​ថ្ងៃ​សៅរ៍ ក្រោយពី​បានបង្ហាញ​ខ្លួន​ក្នុង​ក្រុម​ឈុត​ធំ​របស់ Genoa ចំនួន 9លើក​រួចមក។ ខ្សែប្រយុទ្ធ​ដែល​បាន​ក្លាយជា​កីឡាករ​អាជីព​ដំបូង​រូបនេះ​កើត​ក្នុង​ឆ្នាំ2001 និង​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Serie A នោះ មិនមាន​សម្ពាធ​ដោយសារតែ​តួលេខ​នៃ​តម្លៃ​ខ្លួន​ទាក់ទិន​នឹង​ការផ្ទេរ​របស់គេ​ឡើយ និង​កំពុងតែ​សម្លឹង​រក​ការចាប់ផ្តើម​ជាមួយនឹង​ក្លិប​ថ្មី​របស់គេ។ Pellegri បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​មិន​ខ្វល់​ពី​ចំនួន​ទឹកប្រាក់​នេះឡើយ។

នៅពេលនេះ ខ្ញុំ​ផ្តោតលើ​ការលេង ផ្តល់​ការរីករាយ​ដល់​ខ្លួនឯង និង​ឈាន​ឱ្យដល់​គោលដៅ​របស់ខ្ញុំ»។ ខ្សែប្រយុទ្ធ​សញ្ជាតិ​អ៊ីតាលី​រូបនេះ បាន​ក្លាយជា​កីឡាករ​វ័យក្មេង​បំផុត​ក្នុង​ការចូល​លេង​ក្នុង​ក្របខ័ណ្ឌ Serie A នៅពេលដែល​រូបគេ​បានបង្ហាញ​ខ្លួន​ជា​លើក​ទី 1របស់គេ កាលពី​ខែធ្នូ ឆ្នាំ2016 ក្នុង​វ័យ 15ឆ្នាំ និង280ថ្ងៃ ហើយ​កាលពី​ខែឧសភា រូបគេ​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ជាមួយនឹង​គ្រាប់​បាល់​ជា​លើក​ទី 1របស់គេ​នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម AS Roma។

Pellegri បាន​បន្ថែមទៀតថា៖ «ខ្ញុំ​ពិតជា​រីករាយ​ណាស់​ក្នុងការ​ចូលរួម​ជាមួយ​នឹង Monaco។ ខ្ញុំ​មានការ​ជឿជាក់ភ្លាមៗទៅលើ​គម្រោង​ដែល​អនុញ្ញាត​ឲ្យ​កីឡាករ​វ័យក្មេង​ដូចជា​រូបខ្ញុំ​ធ្វើការ​អភិវឌ្ឍ និង​ជោគជ័យ​ទៅ​ថ្ងៃ​អនាគត»៕

ប្រភពពី៖ Sky Sports

Advertisement