អ្នកគាំទ្រ​​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី ជូនពរ​​​​ថៃ ឱ្យ​ឈ្នះ​​​វៀតណាម ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ AFF Cup 2022!

(ម៉ាឡេស៊ី) – ក្រោយ​ការប្រកួត​ជើង​ទី​ពីរ​នៃ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដែល​បាន​ចាញ់​ថៃ​កាលពី​ព្រលប់​ថ្ងៃទី 10 មករា ក្រុម​អ្នកគាំទ្រ​របស់​ម៉ាឡេស៊ី នាំគ្នា​ច្រៀង និង​ជូនពរ​ដល់​ក្រុម​របស់​ថៃ ឱ្យ​ដណ្ដើមបាន​ពានរង្វាន់​ជើងឯក AFF Cup នៅ​ឆ្នាំនេះ។

ទស្សនិកជន​ប្រហែល 300 នាក់ បាន​ទៅកាន់​កីឡដ្ឋាន Thammasat នៅ​បាងកក ដើម្បី​លើកទឹកចិត្ត​ដល់​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី។ ក្នុងការ​ប្រកួត​នេះ ក្រុម​ដែល​ពួកគេ​គាំទ្រ​​នឹង​បាន​ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ឱ្យតែ​មិន​ចាញ់​ ដោយសារតែ​បានឈ្នះ 1-0 នៅ​ជើង​ទីមួយ​ដែល​បាន​ទាត់​លើ​ទីលាន Bukit Jalil របស់ ម៉ាឡេស៊ី។

ក៏ប៉ុន្តែ ថ្វី​ជើង​របស់​កីឡាករ Teerasil Dangda, Bordin Phala និង Adisak Kraisorn បាន​ជួយ​ឱ្យ​ក្រុម​របស់​ថៃ ឈ្នះម៉ាឡេស៊ី 3-0 ហើយ​ក៏បាន​ឡើងទៅ​ប៉ះ​វៀតណាម​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

បន្ទាប់ពី​ការប្រកួត​រវាង​ថៃ និង​ម៉ាឡេស៊ី​បានបញ្ចប់ ក្រុម​កីឡាករ​ថៃ​ក៏​ដើរ​ខាងមុខ​តាម​បណ្ដោយ​កន្លែង​ទស្សនិកជន​ដើម្បី​អរគុណ​ដល់​អ្នកគាំទ្រ។ ពេល​ពួកគេ​ឈប់​ត្រង់​ខាងមុខ​កន្លែង​ទស្ស​និក​របស់​ក្រុម​ភ្ញៀវ ក្រុម​អ្នកគាំទ្រ​ម៉ាឡេស៊ី​ក៏​នាំគ្នា​ច្រៀង «សួស្ដី​ក្រុម​ថៃ»។

បន្ទាប់មក មនុស្ស​មួយចំនួន​ក៏បាន​ស្រែក​ឡើង៖ «យកឈ្នះ​លើ​វៀតណាម​ឱ្យបាន​ណា៎» និង «ជូនពរ​សំណាងល្អ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ»។ ភ្លាមនោះ ក្រុម​កីឡាករ​ថៃ​ក៏បាន​ទះដៃ​ឆ្លើយតប​ការជូន​ពរ​ពី​អ្នកគាំទ្រ​របស់​ម៉ាឡេស៊ី។

ថ្វី​ជើង​របស់​កីឡាករ Teerasil Dangda, Bordin Phala និង Adisak Kraisorn បាន​ជួយ​ឱ្យ​ក្រុម​របស់​ថៃ ឈ្នះម៉ាឡេស៊ី 3-0 ហើយ​ក៏បាន​ឡើងទៅ​ប៉ះ​វៀតណាម​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ

ឥរិយាបថ​របស់​អ្នកគាំទ្រ​ម៉ាឡេស៊ី គឺជា​រឿង​កម្រ​កើតមាន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែលមាន​ទម្លាប់​ប្រឈមមុខ​ដាក់គ្នា​រវាង​ក្រុមបាល់ទាត់​នានា។ សារព័ត៌មាន​ថៃ​បាន​លើកសរសើរ​ចំពោះ​ក្រុម​​អ្នកគាំទ្រ​របស់​ម៉ាឡេស៊ី ដែល​បានបង្ហាញ​នូវ​ស្មារតី​កីឡា​ដ៏​ថ្លៃថ្នូរ។

ម៉ាឡេស៊ី ធ្លាប់​ប៉ះ​វៀតណាម នៅ​វគ្គ​សន្សំ​ពិន្ទុ​របស់ AFF Cup 2022 ឆ្នាំនេះ ដែល​ពេលនោះ​ម៉ាឡេស៊ី​បាន​ចាញ់ 0-3 នៅលើ​កីឡដ្ឋាន My Dinh ក្នុង​ការប្រកួត​ដែល​មានការ​ប្រកែក​គ្នាច្រើន។

ក្រុម​ជម្រើសជាតិ​ថៃ នឹងត្រូវ​ប្រកួត​ជាមួយ​ក្រុម​របស់​វៀតណាម​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែល​ក្នុងនោះ ការប្រកួត​ជើង​ទីមួយ​នឹងធ្វើ​ឡើង​ក្នុង​ថ្ងៃទី 13 មករា​លើ​វាលស្មៅ My Dinh របស់​ រដ្ឋ​ធានី​ហាណូយ​ ហើយ 3 ថ្ងៃ​ក្រោយមក នឹងត្រូវ​ប៉ះគ្នា​ម្ដងទៀត​ និង​ជា​លើក​ចុង​ក្រោយ​នៅ​ AFF Cup 2022 លើ​ទីលាន​បាល់​ទាត់​ Thammasat ក្នុង​រាជធានី​បាងកក៕

Advertisement