លោក Mourinho មិនខកចិត្ត ទោះការមិនស្គាល់ចាញ់របស់ Man Utd បញ្ចប់ក្រោមដៃ Arsenal

កំណត់​ត្រា​នៃ​ការ​មិន​ស្គាល់​ចាញ់​ក្នុង​ការ​ប្រកួត​លីក​របស់​ក្រុម​បិសាចក្រហម Manchester United បាន​​ឈាន​​ដល់​ទី​បញ្ចប់​ទាំង​ការ​ខក​ចិត្ត ពេល​ប្រកួត​ជា​មួយ​នឹងក្រុម​របស់​លោក Arsene Wenger នា​កីឡដ្ឋាន Emirates ក្រោយ​ពី​ក្រុម​​របស់​លោក​បាន​រង​បរា​ជ័យ​ក្នុងលទ្ធ​ផល ២-០ ក្រោម​ស្នា​ដៃក្រុម Arsenal កាល​ពី​ថ្ងៃ​​អាទិត្យ​។

គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ក្នុង​ចន្លោះ​ពេល​ដ៏​រហ័ស​​ពីសំណាក់​ខ្សែ​បម្រើ Granit Xhaka និង​ខ្សែ​​ប្រយុទ្ធ Danny Welbeck បាន​ជួយ​ឲ្យ​ក្រុម​កាំ​ភ្លើង​ធំ Arsenal ដណ្តើម​បាន​ជ័យ​ជម្នះ​ដ៏សំខាន់​មួយ និង​​បាន​បំ​បែក​បច្ចេក​ទេស​ការ​ពារ​នៃ​ក្រុម​របស់​លោក Jose Mourinho ដើម្បី​បង្កើន​​ឱកាស​របស់​ពួក​គេ​ក្នុង​ការ​ប្រជែង​យក​ចំណាត់​ថ្នាក់​កំពូល​ទាំង​បួន​។ Man United មិន​ធ្លាប់​ចាញ់​សោះ​ពី​ការ​ប្រកួត​ទាំង​២៥​លើក​ចុង​ក្រោយ​របស់​ពួក​គេ ក្រោយ​ពី​ចាញ់​​ក្រោមស្នា​ដៃក្រុម Chelsea ក្នុង​លទ្ធផល ៤-០ នៅ​កីឡដ្ឋាន Stamford Bridge បើ​ទោះ​បី​ពាក់​កណ្តាល​នៃ​លទ្ធ​ផល​​ទាំង​នោះ បានប​ញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ​ក៏​ដោយ​។ ទោះ​បី​ជា​យ៉ាង​ណា ពួក​គេ​បាន​ជួប​លទ្ធ​ផល​ដ៏​ខក​ចិត្ត​ពេល​បញ្ចប់​ការ​ប្រកួត ខណៈ​ដែល​​លោក Mourinho បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​កីឡាករ​ដល់​ទៅ​៨​នាក់​ទៅ​​លើ​សមា​ជិក​ក្រុម​ដែល​បាន​ផ្តួលក្រុម Celta Vigo ក្នុង​លទ្ធ​ផល ១-០ ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Europa League វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ជើង​ទី​១ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។

លោក Mourinho អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Man United បាន​ឲ្យ​ដឹង​ថា៖ «យើង​បាន​ផ្លាស់​ប្តូរ​កីឡាករ​៨​នាក់​។ ពិត​​ណាស់ យើង​បាន​ដឹង​ថា យើង​នឹង​មិន​មាន​ភាព​ខ្លាំង​ក្លា​ពេញ​លេញ​ឡើយ​។ នោះ​គឺ​ជា​ការ​សម្រេច​ចិត្ត​មួយ​។ យើង​​ចង់​​ដណ្តើម​ពាន Europa League ពី​ព្រោះ​វា​សំខាន់​​ជាង​ការ​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​កំពូល​ទាំង​៤​​ទៅ​ទៀត​»​។ គ្រូ​បង្វឹក​​សញ្ជាតិ​ព័រ​ទុយ​ហ្គាល់​រូប​នេះ បាន​បន្ថែម​ទៀត​ថា​៖ «ពាន​ចុង​ក្រោយ​ដែល​ខ្ញុំ​បាន​ឈ្នះ​គឺ​មាន​រយៈ​ពេល​៣​ខែ​មក​ហើយ​។ ខ្ញុំ​មិន​ខ្វល់​ពី​បញ្ហា​នោះ​ឡើយ​។ ថ្ងៃ​​ព្រហស្បតិ៍ គឺ​ជា​ការ​ប្រកួត​ដ៏​សំខាន់​​ប្រចាំ​រដូវ​កាល​នេះ​។ ខ្ញុំ​សង្ឃឹម​ថា Old Trafford មាន​អារម្មណ៍​បែប​នេះ ពី​ព្រោះ​យើង​ត្រូវ​ការ Old Trafford​»​៕

ប្រភព​ពី​៖ The Sun

Advertisement