ខ្សែប្រយុទ្ធ​របស់ Man Utd ប្ដេជ្ញា​រារាំង Man City លើក​ពាន​ទាំងបី​ក្នុង​រដូវ​កាល​នេះ

(អង់គ្លេស) – ខ្សែប្រយុទ្ធ Marcus Rashford ចាត់ទុកថា ការរារាំង Man City បង្កើត​ឡើងវិញ​ទិដ្ឋភាព​លើក​ពាន​ជើងឯក​ទាំងបី​នៃ​រដូវ​កាល 1998-1999 របស់ Manchester United គឺជា​រឿង​សំខាន់បំផុត នៅមុន​វគ្គ​ផ្ដាច់ព្រ័ត្រ FA Cup។

«ការ​ធានាថា Man Utd នៅតែ​ជា​ក្លឹប​អង់គ្លេស​តែមួយគត់​ដែល​ដណ្ដើមបាន​ពាន​ជើងឯក​ទាំងបី​ក្នុង​មួយ​រដូវ​កាល (Treble) គឺជា​រឿង​សំខាន់បំផុត» Rashford ​ថ្លែង​ដូច្នេះ​នៅពេល​ត្រូវបាន​សួរ​អំពី​ការជំរុញ​ទឹកចិត្ត​របស់គាត់​នៅមុន​វគ្គ​ផ្ដាច់ព្រ័ត្រ FA Cup (Football Association Challenge Cup)។

ក្រោយពី​ដណ្ដើមបាន​ពានរង្វាន់​ជើងឯក​លិ​គ​កំពូល​អង់គ្លេស​បន្តបន្ទាប់​ជា​លើក​ទី​បី Man City នៅសល់​ពីរ​ប្រកួត​ទៀត​ដែល​នឹងត្រូវ​ប៉ះ Man Utd ក្នុង​​វគ្គ​ផ្ដាច់ព្រ័ត្រ FA Cup នៅ​ទីលាន Wembley របស់​អង់គ្លេស​ ថ្ងៃទី 03 មិថុនា រួច​ប្រកួត​ជាមួយ Inter Milan ក្នុង​​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League នៅ​ប្រទេស​តួ​ក​គី ថ្ងៃទី 10 មិថុនា។ គ្រូបង្វឹក Pep Guardiola របស់​ក្លឹប Man City ធ្លាប់បាន​សម្ដែង​អំពី​មហិច្ឆតា​លើក​ពាន​ទាំងបី​នេះ​ដើម្បី​បង្កើត​ឡើងវិញ​ទិដ្ឋភាព​នៃ​ជ័យជម្នះ​របស់ Man Utd នៅ​រដូវ​កាល 1998-1999។

ខ្សែប្រយុទ្ធ Marcus Rashford របស់​ Manchester United

សម្រាប់ Man Utd វិញ ការ​ផ្ដួល Man City នៅលើ​ទីលាន Wembley របស់​ក្រុង​ឡុងដ៍​នៅ​ចុង​សប្ដាហ៍​នេះ ​មិន​ត្រឹមតែ​ជួយ​ឱ្យ​ពួកគេ​លើក​ពាន​ជើងឯក​បាន​ពីរ​បន្ទាប់ពី EFL Cup (League Cup) ក្នុង​មួយ​រដូវ​កាល​នោះទេ ប៉ុន្តែ​ក៏​រារាំង​គូប្រកួត​មកពី​ទីក្រុង​ជាមួយគ្នា បង្កើតឡើង​ជាថ្មី​នូវ​ជោគជ័យ​ក្រោម​ការដឹកនាំ​របស់ Sir Alex Ferguson កាលពី 24 ឆ្នាំមុន​ផងដែរ​។

ក្នុង​ពិធី​ប្រគល់​រង្វាន់​ចុងរដូវ​កាល​របស់ Manchester United កាលពី​ព្រលប់​ថ្ងៃទី 19 ឧសភា ខ្សែប្រយុទ្ធ Rashford ដណ្ដើមបាន​ពានរង្វាន់​ប្រចាំ​រដូវ​កាល​ចំនួន​ពីរសំខាន់ៗ គឺ ពានរង្វាន់​កីឡាករ​ឆ្នើម​បំផុត​ដែល​បោះឆ្នោត​ដោយ​អ្នកគាំទ្រ (Sir Matt Busby Player of the Year) និង​ពានរង្វាន់​កីឡាករ​ឆ្នើម​បំផុត​ដែល​បោះឆ្នោត​ដោយ​សមាជិក​ក្នុង​ក្រុម៕

Advertisement