លោក Klopp សន្យាមិន​បោះ​បង់ក្តី​សង្ឃឹម​នៃការ​ប្រជែង​​ពាន មុន​ប៉ះ Stoke រាត្រីនេះ

លោក Jurgen Klopp អ្នក​ចាត់​​ការ​ទូទៅ​របស់ក្រុម Liverpool កំពុង​តែ​បដិ​សេធក្នុងការ​ទទួលស្គាល់​ថា ក្រុម​របស់​លោក​ធ្លាក់​ចេញពីការ​ប្រជែង​ពាន​ក្រប​ខ័ណ្ឌ Premier League ប៉ុន្តែ បាន​ទទួលស្គាល់ថា មិនមាន​ក្រុម​ណា​អាច​តាម​​ទាន់ក្រុម Manchester City ឡើយ ប្រសិន​បើ​ពួកគេ​មិនធ្លាក់​​ទម្រង់លេង​ទេនោះ​។

កាលពី​ចុង​សប្តាហ៍មុន លោក Mauricio Pochettino គ្រូ​បង្វឹក​របស់ក្រុម Tottenham Hotspur បាន​និយាយ​ថា ក្រុម​របស់​លោក​មិនអាច​តាម​ទាន់ក្រុម Man City ដែល​កំពុងតែនាំមុខ​13ពិន្ទុ​ដាច់​លើក្រុម​របស់​លោកបានឡើយ ប៉ុន្តែ​លោក Klopp ដែលក្រុម​របស់​លោក​កំពុង​តែ​ដេញតាម​ពីក្រោយក្រុម Spurs 1ពិន្ទុនោះ មិនគិត​បែបនោះឡើយ​។ នៅ​​ឯ​ទីលានហ្វឹកហាត់ Melwood របស់ក្រុម Liverpool លោក Klopp បាន​ឲ្យ​ដឹង​កាលពីថ្ងៃអង្គារ​ថា៖ «យើង​កំពុង​​តែ​ស្ថិត​ក្បែរក្នុង​ការ​ប្រជែង​ដណ្តើម​ពាន​​»​។

គ្រូបង្វឹក​រូបនេះ​បានប​ន្ត​ថា៖ «ពួកគេ​បាន​យកឈ្នះ​លើក្រុម Huddersfield ហើយ​នៅ​ពេលដែល​ពួកគេ​បន្ត​ឈ្នះ មិនមានក្រុមណា​មាន​ឱកាសឡើយ​។ ប្រសិន​បើ​ពួកគេ​ឈប់​ទទួល​ជ័យជម្នះ ហើយក្រុមរ​បស់​​យើង​​បាន​ជួប​ពេល​វេលា​ដ៏ល្អ​មួយនោះ​ វា​អាច​ទៅ​រួច​ដែល​យើងអាច​តាម​ទាន់​ពួកគេ​»​​​។ លោក Klopp បានបន្ថែម​ទៀត​ថា៖ «យើង​ចង់​ទទួល​​បាន​​3​ពិន្ទុ​សម្រាប់ការ​​ប្រកួត​បន្ទាប់ ហើយ​បន្ទាប់​មក ទទួល​បាន​3​ពិន្ទុទៀត ពីព្រោះ​ប្រសិនបើ​​ពួកគេ​ជួបភាព​ត្រដាប​ត្រដួស យើង​ត្រូវ​តែ​​ស្ថិតក្នុងចំ​ណុច​នោះ​»​។ Liverpool នឹង​សម្លឹង​រក​ការ​បន្ត​ការ​មិន​ស្គាល់​ចាញ់​របស់ពួកគេ​​​ឲ្យ​បានច្រើន​ជាង​6​លើក ក្នុង​រាល់​យុទ្ធនាការ​ទាំង​អស់ នៅលើ​ទឹក​ដីក្រុម Stoke City នៅ​រាត្រីនេះ ដែល​ជា​កន្លែង​ពួកគេ​ដណ្តើម​បាន​ជ័យជម្នះ​3លើកពី​ការ​​ធ្វើដំណើរ​ទៅ​ប្រកួត​ទាំង​3​លើកចុងក្រោយ​របស់​ពួក​គេ​​។ ការ​​ប្រកួតនេះនឹង​ចាប់ផ្តើមនៅម៉ោង​3​ទៀបភ្លឺ​៕

ប្រភព​ពី៖ The Straits Times

Advertisement