Ronaldo រងរបួស នាំឱ្យ​ឥណ្ឌូណេស៊ី​ចួប​បញ្ហា​ធំ​នៅ​​មុន​ព្រឹត្តិការណ៍​ស៊ី​ហ្គេម

ខ្សែប្រយុទ្ធសំខាន់ Ronaldo Kwatech

ខ្សែប្រយុទ្ធ Ronaldo Kwateh រងរបួស ​ធ្វើឱ្យ​ក្រុមបាល់ទាត់​បុរស​ជម្រើស​ជាតិ​អាយុ​ក្រោម 22 ឆ្នាំ​របស់​ឥណ្ឌូណេស៊ី ​ប្រឈម​នឹង​ការ​ខូចប្រយោជន៍​ធំ​នៅ​ស៊ី​ហ្គេម​លើក​ទី 32។

កាលពី​ព្រលប់​ថ្ងៃទី 16 មេសា U-22 ឥណ្ឌូណេស៊ី​មានការ​ប្រកួត​មិត្តភាព​ជើង​ទី​ពីរ​ជាមួយនឹង​ក្រុម U-22 លី​បង់ នៅក្នុង​ដំណើរ​ឆ្ពោះទៅកាន់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​ឆ្នាំ 2023 (ស៊ីហ្គេម​លើក​ទី 32)​។ ជា​លទ្ធផល ក្រុមបាល់ទាត់​របស់​ដែនដី​សម្បូរ​កោះ​សងសឹក​បាន​ជោគជ័យ​បន្ទាប់ពី Putra Beckham ស៊ុត​បញ្ចូល​ទី​បាន​មួយ​គ្រាប់ នាំឱ្យ​ឥណ្ឌូណេស៊ី​ឈ្នះ 1-0។

ក៏ប៉ុន្តែ កូនសិស្ស និង​គ្រូបង្វឹក Indra Sjafri របស់​ឥណ្ឌូណេស៊ី បានទទួល​ដំណឹង​អាក្រក់​មួយ​ស្ដីពី​ស្ថានភាព​របួស​របស់​ខ្សែប្រយុទ្ធ​សំខាន់ Ronaldo Kwateh។ U-22 ឥណ្ឌូណេស៊ី​មាន​ហានិភ័យ​បាត់បង់​កំពូល​ថ្វី​ជើង​កើត​ឆ្នាំ 2004 រូបនេះ​នៅ​ស៊ី​ហ្គេម​លើក​នេះ។

Ronaldo Kwateh បាន​រងរបួស​នៅ​នាទី​ទី 35 ក្នុង​គ្រា​ឥណ្ឌូណេស៊ី​កំពុង​ប្រកួត​ជាមួយ​លី​បង់។ កំពូល​ថ្វី​ជើង​រូបនេះ​បាន​ប៉ះទង្គិច​នឹង​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​ពេល​កំពុង​ប្រឹង​សង្គ្រោះ​បាល់។ Ronaldo Kwateh ក៏​ត្រូវបាន​ក្រុមគ្រូពេទ្យ​លើកដាក់​លើ​ហ្វ្រ​ង់​កា នាំ​ចេញទៅ​ព្យាបាល។ ករណី​របួស​របស់ ​Ronaldo Kwateh ធ្វើឱ្យ​គ្រូបង្វឹក​របស់​ឥណ្ឌូណេស៊ី​ព្រួយបារម្ភ​ខ្លាំង ព្រោះថា ស៊ី​ហ្គេម​នៅ​កម្ពុជា​ជិត​ចូលមក​ដល់​ហើយ។

Putra Beckham (ខាងមុខគេ​បង្អស់)

«ខ្ញុំ​បាន​ចួប Ronaldo។ ប៉ុន្តែ ខ្ញុំ​មិនទាន់​បានទទួល​របាយ​ការណ៍​លំអិត​ស្ដីពី​ស្ថានភាព​របស់គាត់។ សង្ឃឹមថា​គ្រប់យ៉ាង​មិន​គួរឱ្យ​បារម្ភ​ពេក​ទេ» គ្រូបង្វឹក Indra Sjafri និយាយ​ដូច្នេះ និង​បន្ថែមថា ស្ថានភាព​របួស​របស់ Ronaldo អាច​ត្រូវបាន​បញ្ជា​ក់នៅ​ល្ងាច​ថ្ងៃទី 17 មេសា​នេះ។

នៅ​ស៊ី​ហ្គេម​លើក​ទី 32 ក្រុម​ U-22 ឥណ្ឌូណេស៊ី​ស្ថិតក្នុង​ពូ​ល A ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា ហ្វ៊ី​លី​ពី​ន មី​យ៉ាន់​ម៉ា និង​ទី​ម័​រ​ខាងកើត។ តាម​គម្រោង U-22 ឥណ្ឌូណេស៊ី​នឹងធ្វើ​ដំណើរ​មកកាន់​កម្ពុ​ជា​នៅ​ថ្ងៃទី 26 មេសា បី​ថ្ងៃមុន​ការប្រកួត​បើកឆាក​ជាមួយ​ក្រុម​ហ្វ៊ី​លី​ពី​ន៕

Advertisement