កីឡាករ​ប្រេស៊ីល​ Dani Alves ​បញ្ចេញ​មតិ​លើក​ដំបូង ពេល​ជាប់​ពន្ធនាគារ

ខ្សែ​ការ​ពារ​ Dani Alves បាន​បញ្ចេញ​មតិ​ជា​លើក​ដំបូង​ បន្ទាប់​ពី​ត្រូវ​ជាប់​ពន្ធនាគារ​ព្រោះ​តែ​ការ​ចោទ​ប្រកាន់​ពី​បទ​បំពាន​ផ្លូវ​ភេទ​។

មុន​នេះ​មិន​យូរ​ប៉ុន្មាន អតីត​ខ្សែ​ការ​ពារ​របស់ Barcelona កីឡាករ Dani Alves ត្រូវ​បាន​ចាប់​ខ្លួន​ក្រោម​ហេតុ​ផល​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​​ស្ត្រី​ម្នាក់​នៅ​ក្នុង​បន្ទប់​ទឹក​នៅ​ក្លឹប​រាត្រី​។ តុលាការ​ជាន់​ខ្ពស់​នៅ​ទីក្រុង Barcelona ក៏​បាន​ចេញ​បញ្ជា​ឱ្យ​ឃុំ​ខ្លួន​ដោយ​មិន​មាន​ការ​ធានា​ចំពោះ​កីឡាករ​ប្រេស៊ីល​រូប​នេះ​ផងដែរ​។

ថ្មី​ៗ​នេះ កាល​ពី​ថ្ងៃទី 29 មករា កីឡាករ​ជម្រើស​ជាតិ​ប្រេស៊ីល Alves បាន​បញ្ចេញ​មតិ​ជា​លើក​ដំបូង ​រាប់​ចាប់​តាំង​ពី​បាន​ចូល​ «​រាប់​ថ្ងៃ​ខែ​» នៅ​មន្ទីរ​ឃុំ​ខាំង។ គាត់​អះអាង​ថា «ក្នុង​ដំណាក់​កាល​នេះ​ Dani Alves គឺជា​មនុស្ស​ម្នាក់​ផ្សេង​ទៀត​។ ខ្ញុំ​ទទួល​យក​គ្រប់​បញ្ហា​ដែល​នឹង​កើត​ឡើង​»។

«ខ្ញុំ​ចាក​ចោល​ផ្ទះ​តាំង​ពី​អាយុ 15 ឆ្នាំ​ ហើយ​បាន​ឆ្លង​កាត់​រឿង​រ៉ាវ​អាក្រក់​ជា​ច្រើន​ក្នុង​ជីវិត​។ នេះ​គឺជា​ឧបសគ្គ​មួយ​ផ្សេង​ទៀត​ដែល​ខ្ញុំ​ត្រូវ​ឆ្លង​កាត់​។ ខ្ញុំ​មិន​ខ្លាច​អ្វី​ទាំង​អស់» Alves រៀប​រាប់​។

បើ​ទោះជា​ត្រូវ​ជាប់​ពន្ធនាគារ​ ប៉ុន្តែ​កីឡាករ​វ័យ 39 ឆ្នាំ​នេះ​នៅ​តែ​អាច​លេង​បាល់​ ហើយ​គាត់​ទើប​តែ​បាន​ចូល​រួម​ប្រកួត​ដំបូង​នៅ​មន្ទីរ​ឃុំ​ឃាំង Brians 2។ នៅ​ទី​នេះ ​មនុស្ស​ជា​ច្រើន​ចង់ឃើញ និង​ចង់​លេង​បាល់​ជាមួយ​ Dani Alves ព្រោះថា ភាព​ល្បី​ល្បាញ​របស់​គាត់​គឺជា​ប្រការ​ដែល​មិន​អាច​បដិសេធ​បាន​។

ក្នុង​រឿង​ក្ដី​នេះ មេធាវី​របស់ Alves កំពុង​ប្រឹង​ប្រែង​ដើម្បី​ឱ្យកូន​ក្ដី​​​ឆាប់​បាន​នៅ​ក្រៅ​ឃុំ​។ ប៉ុន្តែ បើ​សិន​ជា​បាន​នៅ​ក្រៅ​ឃុំ Alves ក៏​នឹង​ត្រូវ​ពាក់​ខ្សែ​ដៃ​អេឡិច​ត្រូនិច​របស់​ប៉ូលិស​ ដើម្បី​ឱ្យប្រាកដ​ថា គាត់​មិនអាច​​ចាក​ចេញពី​ប្រទេស​អេស្ប៉ាញ​។

មុន​នោះ Dani Alves បាន​បដិសេធ​ការ​ចោទ​ប្រកាន់ ប៉ុន្តែ​ក្រោយ​មក​ក៏​បាន​សារភាព​នូវ​អំពើ​ដែល​គាត់បាន​ធ្វើ​ ដោយ​សារ​តែ​សមត្ថកិច្ច​មាន​ភស្ដុតាង​គ្រប់​គ្រាន់​។ ក្នុង​ករណី​អាក្រក់​បំផុត បើ​សិន​ជា​ត្រូវ​បាន​កាត់​ទោស​ពី​បទ​រំលោភ​សេពសន្ថវៈ Dani Alves អាច​នឹង​ត្រូវ​ដេក​រាប់​ថ្ងៃ​ខែ​រហូតដល់ 18 ឆ្នាំ​៕

Advertisement