ក្រុម​កម្ពុជា និង​វឌ្ឍនាការ ចង់​ឲ្យ​អ្នកគាំទ្រ​បង្ហាញ​ពី​ភាពស្មោះត្រង់​ពេល​ប៉ះ វៀតណាម ល្ងាច​នេះ

ទាំង​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា និង​ខ្សែប្រយុទ្ធ​ឆ្នើម​ចាន់ វឌ្ឍនាការ សុទ្ធសឹង​បាន​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​បង្ហាញ​ពី​ភាពស្មោះត្រង់ និង​បង្ហាញ​ពី​ការគាំទ្រ​យ៉ាងពិត​ប្រាកដ នៅពេល​ជួប​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​វៀតណាម ក្នុងការ​ប្រកួត​ជម្រុះ Asian Cup ជុំ​ទី3 ក្នុង​ពូ​ល C នា​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នៅពេល​ល្ងាច​នេះ។

ក្រោយពី​ទទួលបាន​លទ្ធផល​ដ៏​សែន​ខកចិត្ត​ក្នុង​យុទ្ធនាការ​ស៊ី​ហ្គេម​កាលពីពេលថ្មីៗនេះ​រួចមក លោក Leonardo Vitorino គ្រូបង្វឹក​នៃ​ក្រុម​កម្ពុជា​បានស្នើ​ឲ្យ​អ្នកគាំទ្រ​របស់ខ្លួន​បង្ហា​ញ​ភាពជា​អ្នកកីឡា និង​ចូលរួម​គាំទ្រ​ដោយ​ភាពស្មោះត្រង់។

គ្រូបង្វឹក​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា៖ «អ្នកគាំទ្រ​ត្រូវបាន​បង្ហាញ​ពី​ភាពស្មោះត្រង់​របស់ខ្លួន និង​មិនគួរ​ប្រើប្រាស់​កាយវិការ​មិន​សមរម្យ​ណាមួយ​ឡើយ។ យើង​ត្រូវតែ​បង្ហាញ​ពី​ការជឿជាក់​លើ​ក្រុម​របស់​យើង»។ ប៉ុន្តែ ទាំង​គ្រូបង្វឹក​ថ្មី​របស់​វៀតណាម និង​គ្រូបង្វឹក​របស់​កម្ពុជា សុទ្ធសឹង​រំពឹងទុក​ថា ការប្រកួត​នៅ​ថ្ងៃ​អង្គារ​នេះ នឹង​ក្លាយជា​ការប្រកួត​ដ៏​ស្វិតស្វាញ​មួយ ហើយ​ក្រុម​ទាំងពីរ​ត្រៀមលក្ខណៈ​រួចរាល់​សម្រាប់​ការប្រកួត​ដ៏​តានតឹង​មួយ​នេះ។

លោក   Mai Duc Chung ដែល​ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​បណ្តោះអាសន្ន​រប​ស់​វៀតណាម ជំនួស​លោក Nguyen Huu Thang នោះ បាន​ឲ្យ​ដឹងថា៖ «យើង​មិនអាច​មើលស្រាល​ទៅលើ​ក្រុម​ម្ចាស់ផ្ទះ​បានឡើយ ខណៈដែល​កាលពីពេលថ្មីៗនេះ ពួកគេ​បានបង្ហាញ​ភាពរឹងមាំ​របស់ខ្លួន តាមរយៈ​ការ​ផ្តួល​ក្រុម​ជម្រើសជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន លើ​ទឹកដី​ខ្លួនឯង»។

ក្រុម​ជម្រើសជាតិ​កម្ពុជា នឹង​ឈានទៅ​កាន់ការ​ប្រកួត​នេះ​ដោយ​ការ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ2 ក្នុង​ពូ​ល ដោយមាន3ពិន្ទុ ពី2ប្រកួត បន្ទាប់ពី​បាន​យកឈ្នះ​លើ​ក្រុម​អា​ហ្វ​ហ្គា​នី​ស្ថាន 1-០ កាលពី​ខែមិថុនា និង​ចាញ់​ហ្ស៊​កដា​នី 7-០ កាលពី​ថ្ងៃ​បើកឆាក។ ប៉ុន្តែ ក្រុម​ម្ចាស់ផ្ទះ នឹង​ឈានទៅ​កាន់ការ​ប្រកួត​នេះ​ទាំង​ការជឿជាក់ ខណៈដែល​តារា​ឆ្នើម វឌ្ឍនាការ ក៏​ត្រៀម​បង្ហាញខ្លួន​ផងដែរ។ ក្រោយពី​បានស្នើ​សុំ​ឲ្យ​អ្នកគាំទ្រ​ចូលរួម​ទស្សនា ក៏ដូចជា​បន្ត​គាំទ្រ​ក្រុម​កម្ពុជា វឌ្ឍនាការ បាន​ឲ្យ​ដឹងថា៖ «វៀតណាម​ជា​ក្រុម​ខ្លាំង ប៉ុន្តែ​ខ្ញុំ​ក៏បាន​ត្រៀមលក្ខណៈ​សម្រាប់​ការប្រកួត​នេះ​រួចហើយ​ដែរ»។

ក្រុម​ជម្រើសជាតិ​វៀតណាម នឹង​ឈានទៅ​កាន់ការ​ប្រកួត​នេះ​ដោយមាន2ពិន្ទុ ពី​ការប្រកួត2លើក ក្រោយពី​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ​ពេល​ជួប​ក្រុម​ខ្លាំង​ហ្ស៊​កដា​នី និង​អា​ហ្វ​ហ្គា​នី​ស្ថាន។ ក្នុងការ​ជួបគ្នា​ជា​លើកចុងក្រោយ​រវាង​ក្រុម​ទាំងពីរ​កាលពី​ឆ្នាំ2016 វៀតណាម​បាន​យកឈ្នះ​លើ​កម្ពុជា 2-1៕

Advertisement