ស្ថានភាព U22 ថៃ កំពុងមាន​ប្រៀប​ជាង U22 វៀតណាម នៅមុន​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​ស៊ី​ហ្គេម​?

បន្ទាប់ពី​ទទួលបាន​លទ្ធផល​ស្មើគ្នា​ក្នុងការ​ប្រកួត​កាលពី​ព្រលប់​ម្សិលមិញ ក្រុមបាល់ទាត់​បរុស U22 ថៃ ក៏​នៅតែ​ឈរ​លំដាប់​កំពូល​តារាង និង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ខ្សោយ​នៅ​វគ្គ​បន្ទាប់។

កាលពី​ព្រលប់​ថ្ងៃទី 11 ឧសភា U22 ថៃ និង U22 វៀតណាម ទទួលបាន​លទ្ធផល 1-1 ក្នុងការ​ប្រកួត​ជើង​ចុងក្រោយ​នៅ​ពូ​ល B នៃ​វិញ្ញាសា​បាល់ទាត់​បុរស​របស់​ស៊ី​ហ្គេម​លើក​ទី 32។ លទ្ធផល​នេះ​បាន​ជួយ​ឱ្យ U22 ថៃ រក្សាបាន​តំណែង​នាំមុខគេ​នៅ​ពូ​ល B (ក្រុម​ទាំងពីរ​មាន​ពិន្ទុ​ស្មើគ្នា តែ ថៃ មាន​គ្រាប់​បាល់​ចំណេញ​ច្រើនជាង) និង​ត្រូវ​ប្រកួត​ជាមួយ U22 មី​យ៉ាន់​ម៉ា ដែលជា​ក្រុម​ត្រូវបាន​ចាត់ទុកថា «ខ្សោយ​ជាង​ឆ្ងាយ» នៅ​វគ្គ​ពាក់ កណ្ដាល​​ផ្ដាច់ព្រ័ត្រ។ ចំណែក U22 វៀតណាម (លេខ​ពីរ​នៅ​ពូ​ល B) ត្រូវ​ប៉ះ U22 ឥណ្ឌូណេស៊ី (លេខ​មួយ​នៅ​ពូ​ល A) ជា​ក្រុម​មួយ​ដែល​គួរឱ្យ​ប្រុងប្រយ័ត្ន។

ទោះ​ជា​ហាក់​កំពុង​មាន​ប្រៀប​ជាង​វៀតណាម​ក៏​ដោយ ការប្រកួត​កាលពី​ព្រលប់​ថ្ងៃទី 11 ឧសភា 2023 គឺជា​ការ​ប៉ះគ្នា​​លើក​ទី 8 និង​បន្តបន្ទាប់ ដែលក្រុម​ជម្រើស​ជាតិ​ថៃ មិនអាច​ផ្ដួល​វៀតណាម។

ចាប់ពី​ខែធ្នូ 2017 ក្រុម​ជម្រើសជាតិ​ថៃ ក៏​មិន​ធ្លាប់​ដណ្ដើមបាន​ជ័យជម្នះ​រាល់​ពេលដែល​ត្រូវ​ប៉ះ​ក្រុម​ជម្រើសជាតិ​វៀតណាម នៅក្នុង​កម្រិត U22 និង U23។ ក្នុង​ 8 ប្រកួត​ចុង​ក្រោយ​បង្អស់ U23 ថៃ បាន​ចាញ់ U23 វៀតណាម 5 លើក និង​ស្មើ 3 លើក​។

Advertisement