កម្ពុជា​ផ្ដល់​សញ្ជាតិ​ដល់​អត្ត​ព​លិ​ក​យូ​ដូ​អ៊ុយ​ក្រែ​ន​​ច្រើន​នាក់​សម្រាប់ការ​​ប្រកួត​នៅ​ស៊ី​ហ្គេម

Daria Bilodid (អាវ​ខៀវ) ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ​យូដូ​ប្រភេទ​ទម្ងន់ 48 គីឡូក្រាម​ផ្នែក​នារី​ជូន​ប្រទេស​អ៊ុយក្រែន​នៅ​អូឡាំពិក​តូក្យូ 2020

ក្រុម​អត្ត​ព​លិ​ក​យូ​ដូ​កម្ពុជា​គ្រោង​នឹង​ផ្ដល់​សញ្ជាតិ​ដល់​អត្ត​ព​លិ​ក​អ៊ុយ​ក្រែ​ន​ចំនួន​បីនាក់ ក្នុងនោះ​មាន​យ៉ាងតិចពីរ​នាក់​​​នឹងត្រូវ​បានអនុញ្ញាត​ឱ្យចូល​ប្រកួត​នៅ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី 32។

«កម្ពុជា​ផ្ដល់​សញ្ជាតិ​ដល់​អត្ត​ព​លិ​ក​ដូច​ទៅនឹង​បណ្ដា​ប្រទេស​ជាច្រើន​ផ្សេងទៀត​ដើម្បី​លើកកម្ពស់​សមិទ្ធផល​នៃ​ការប្រកួត​អន្តរជាតិ» ប្រធាន​ផ្នែក​កីឡា​នៃ​សហព័ន្ធ​កីឡា​យូ​ដូ​ហ្វ៊ី​លី​ពី​ន (PJF) Emir Reyes បាន​ប្រាប់​សារព័ត៌មាន Malaya ដូច្នេះ។

Emir Reyes ​បន្ថែមថា «ពួកគេ​កំពុងផ្ដល់​សញ្ជាតិ​ដល់​អត្ត​ព​លិ​ក​យូ​ដូអ៊ុយ​ក្រែ​ន​បី​រូប ហើយ​យ៉ាងតិច​ពីររូប​ក្នុងចំណោម​នោះ​នឹងចូលរួម​ប្រកួត​នៅ​ស៊ី​ហ្គេម​លើក​ទី 32»។

យោងតាម​សារព័ត៌មាន​ខាងលើ Reyes បានដឹង​អំពី​រឿងនេះ​ពេលកំពុង​​​ធ្វើ​ការ​​ជាមួយ​អគ្គលេខាធិការ​នៃ PJF លោក Dave Carter (​អ្នកទទួលបន្ទុក​វិញ្ញាសា​យូ​ដូ​ស៊ី​ហ្គេម​លើក​ទី 32) ក្នុង​ការ​​បណ្ដុះបណ្ដាល​ក្រុម​​អាជ្ញាកណ្ដាល និង​មន្ត្រី​បច្ចេកទេសរបស់​​វិញ្ញាសា​នេះ​នៅ​រាជធានី​ភ្នំពេញ។

Emir Reyes ឱ្យដឹងថា ម្នាក់​នឹង​ប្រកួត​នឹង​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ 66 គីឡូក្រាម ជាមួយនឹង Shugen Nakano របស់​ហ្វ៊ី​លី​ពី​ន។ PJF កំពុង​ស្វែងរក​ព័ត៌មាន​លម្អិត​អំពី​អត្ត​ព​លិ​ក​ពីររូប​ខាងលើ​ដើម្បី​ឱ្យដឹង ពួកគេ​បំពាន​ច្បាប់​យូ​ដូ​អន្តរជាតិ ឬ​អត់។

ភាគី​ខាង​កម្ពុជា មកដល់ពេលនេះ​ហាក់​មិនទាន់មាន​ប្រតិកម្ម​អ្វី​នៅឡើយ ទាក់ទង​នឹង​ព័ត៌មាន​ខាងលើ។

អ៊ុយ​ក្រែ​ន​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ប្រទេស​ខ្លាំង​ក្នុង​វិញ្ញាសា​ក្បាច់គុន​យូ​ដូ ឬ​ចំបាប់។ យូ​ដូ​អ៊ុយ​ក្រែ​ន​ធ្លាប់​ដណ្ដើមបាន​មេដាយប្រាក់​ចំនួន​មួយគ្រឿង មេដាយ​សំរឹទ្ធ​បី​គ្រឿងក្នុង​ប្រវត្តិសាស្ត្រ​អូឡាំពិក។ ចំណែក​កម្ពុជា​វិញ នៅ​ស៊ី​ហ្គេម​លើក​ទី 31 ក្រុម​យូ​ដូ​កម្ពុជា​ដណ្ដើមបាន​មេដាយ​សំរឹទ្ធ​ចំនួន​មួយគ្រឿង​ក្នុង​ប្រភេទ​ទម្ងន់ 62 គីឡូក្រាម​ផ្នែក​​នារី។

វិញ្ញាសា​យូ​ដូ​នៅ​ស៊ី​ហ្គេម​លើក​នេះ​នឹង​ប្រកួត​ចាប់ពី​ថ្ងៃទី 13 ឧសភា នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​អន្តរជាតិ ជ្រោយចង្វារ រាជធានី​ភ្នំពេញ។

Advertisement