Liverpool ប្តេជ្ញារក្សាទុក Coutinho ទោះបី Barcelona ផ្តល់តម្លៃខ្លួន100លានផោនក៏ដោយ

ការប្តេជ្ញាចិត្តរបស់ក្រុមហង្សក្រហម Liverpool ក្នុងការរក្សាទុក Philippe Coutinho មិនបានផ្លាស់ប្តូរឡើយ បើទោះបីមានការបញ្ជាក់ថា ក្លិប Barcelona ត្រៀមចំណាយប្រាក់ដល់ទៅ100លានផោន (ស្មើនឹង130.3លានដុល្លារអាមេរិក) សម្រាប់ខ្សែបម្រើអន្តរជាតិប្រេស៊ីលដ៏មានឥទ្ធិពលរូបនេះក៏ដោយ។

Barcelona បានរងនូវការច្រានចោលចំពោះការដាក់សំណើដេញថ្លៃក្នុងតម្លៃខ្លួន 72លានផោន សម្រាប់តារាឆ្នើមរបស់ក្លិប Liverpool រូបនេះ កាលពី2សប្តាហ៍មុន ហើយបច្ចុប្បន្ន ក្រោយពីទទួលបានប្រាក់រហូតដល់ទៅ 200លានផោន (ស្មើនឹង 264លានដុល្លារអាមេរិក) ពីការលក់ខ្សែប្រយុទ្ធ Neymar ទៅឲ្យក្លិប Paris Saint-Germain ហើយនោះ ពួកគេនៅតែរក្សាការចាប់អារម្មណ៍ទៅលើកីឡាករវ័យ 25ឆ្នាំរូបនេះដដែល។

បើទោះបីប្រភពព័ត៌មានជាច្រើននៅអេស្ប៉ាញអះអាងថា Barcelona សង្ឃឹមថា អាចបំពេញការផ្ទេរនេះនៅថ្ងៃអង្គារក៏ដោយ ប៉ុន្តែ ក្លិប Liverpool មិនទាន់បានទទួលសំណើដេញថ្លៃជាលើកទី2 សម្រាប់ Coutinho នៅឡើយ។ ប៉ុន្តែ វានៅតែមានការទាក់ទងគ្នាបន្ថែមទៀត ចាប់តាំងពីសំណើជាលើកទី1របស់ពួកគេត្រូវបានច្រានចោល ខណៈដែលក្លិប Barcelona បញ្ជាក់ថា ពួកគេកំពុងតែមានបំណងធ្វើឲ្យ Coutinho ក្លាយជាកីឡាករមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតលំដាប់ទី2 ក្នុងប្រវត្តិសាស្ត្របាល់ទាត់។

ជំហរបស់ Liverpool មិនមានការផ្លាស់ប្តូរឡើយ ខណៈដែលលោក Jurgen Klopp និងក្រុមហ៊ុន Fenway Sports Group ដែលជាម្ចាស់កម្មសិទ្ធិក្លិប Liverpool បានបញ្ជាក់ថា Coutinho នឹងមិនត្រូវបានលក់ចេញនៅរដូវក្តៅនេះឡើយ។ ជំហរនោះត្រូវបានបង្ហាញដល់ក្លិប Barcelona ហើយ Liverpool នៅតែជឿជាក់ ក្រោយពី Coutinho បានបន្តកុងត្រាថ្មីរយៈពេល5ឆ្នាំកាលពីខែមករា ដោយគ្មានលក្ខខណ្ឌនៃការទិញរំលាយកិច្ចសន្យា។

Liverpool បានចុះហត្ថលេខារួចជាស្រចហើយជាមួយនឹងខ្សែបម្រើ Mohamed Salah ក្នុងតម្លៃខ្លួន 36.9លានផោន ខ្សែប្រយុទ្ធ Dominic Solanke និងខ្សែការពារស្លាបឆ្វេង Andy Robertson ពីក្លិប Hull City នៅរដូវកាលនេះ៕
ប្រភពពី៖ The Guardian

Advertisement