ម៉ាឡេស៊ី​ខកចិត្ត​ដ្បិត​កម្ពុជា​មិន​យក​ថ្លៃ​អាជ្ញាប័ណ្ណ​​ស៊ី​ហ្គេម​លើក​ទី 32

ក្រុមប្រឹក្សា​ប៉ា​ឡាំ​ពិ​ក​ម៉ាឡេស៊ី (PCM) មាន​ការ​អន់ចិត្ត​ជា​ខ្លាំង​​នៅពេល​កម្ពុជា​មិន​លក់​អាជ្ញាប័ណ្ណ​​ទូរទស្សន៍​​សម្រាប់​ស៊ី​ហ្គេម​លើក​នេះ​ដូច​ទៅ​នឹង​​គម្រោង​ដំបូង។

កាលពី​ថ្ងៃទី 22 កក្កដា 2022 ប្រទេស​ចំនួន 11 នៅ​អាស៊ីអាគ្នេយ៍ បាន​យល់ព្រម​លុបចោល​ការមិន​គិតថ្លៃ និង​ងាក​ទៅរក​ការធ្វើ​ពាណិជ្ជកម្ម​លើ​​អាជ្ញាប័ណ្ណ​​​ស៊ី​ហ្គេម​ចាប់ពី​លើក​ទី 32 ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ។ ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ (SEAGF) ចាត់ទុកថា នេះ​គឺជា​រឿង​សំខាន់​ដើម្បី​កាត់បន្ថយ​ការចំណាយ​របស់​ម្ចាស់ផ្ទះ និង​បង្កើន​ប្រាក់ចំណូល ក៏ដូចជា​អភិវឌ្ឍ​ពាណិជ្ជកម្ម។

ក៏ប៉ុន្តែ កាលពី​ថ្ងៃទី 31 មីនា 2023 គណៈកម្មាធិការ​ស៊ី​ហ្គេម​លើក​ទី 32 របស់​កម្ពុជា (CAMSOC) បានប្រកាស​បន្ត​ការមិន​គិតថ្លៃ​លើអាជ្ញាប័ណ្ណ​​ស្ដីពី​ការផ្សាយ​​លើ​កញ្ចក់​ទូរទស្សន៍​សម្រាប់​ស៊ី​ហ្គេម និង​ប៉ា​រ៉ា​ហ្គេម។

«ជាការ​សម្រេចចិត្ត​ដ៏​អាក្រក់។ ស៊ី​ហ្គេម​គួរតែ​ត្រូវបានធ្វើ​ពាណិជ្ជកម្ម​ជាជាង​ការ​ត្រលប់​ទៅកាន់​ចំណុច​ចាប់ផ្ដើម» ប្រធាន PCM លោក Megat D Shahriman Zaharudin​ បាន​ប្រាប់​សារព័ត៌មាន New Straits Times ដូច្នេះ។

មុនពេល​មានការ​សម្រេចចិត្ត​មិន​គិតថ្លៃ​លើ​អាជ្ញាប័ណ្ណ​​ទូរទស្សន៍​ពី​កម្ពុជា PCM គឺជា​ស្ថាប័ន​ដែល​កាន់កាប់​អាជ្ញាប័ណ្ណ​ស៊ី​ហ្គេម​លើក​ទី 32 ដែល​ជួយ​ឱ្យ​ម៉ាឡេស៊ី​ក្លាយ​ជាមួយ​ក្នុង​បំ​ណោម​បួន​ប្រទេស​ដែល​ទិញ​អាជ្ញាប័ណ្ណ​ជា គឺ​រួម​មាន ​ឥណ្ឌូណេស៊ី សិង្ហ​បុរី ​វៀតណាម និង​ម៉ាឡេស៊ី។ PCM បាន​ព្រមព្រៀង​ជាមួយនឹង​ទូរទស្សន៍​ ​បួន​ស្ថានីយ ក្រុមហ៊ុន​ផ្គត់ផ្គង់​អ៊ី​ន​ធើ​ណិ​ត​ចំនួន​បី និង​ក្រុមហ៊ុន​ទូរគមនាគមន៍​ចំនួន​បួន​ទៀត ទាក់ទង​នឹង​ការលក់​អាជ្ញាប័ណ្ណ​ស៊ីហ្គេម​​បន្ត ប៉ុន្តែ​ពេលនេះ​គ្រប់យ៉ាង​ត្រូវ​ខកខាន។

ប្រធាន PCM លោក Megat D Shahriman Zaharudin

«យើង​ពិតជា​​មាន​ការ​អន់ចិត្ត និង​អស់សង្ឃឹម​ខ្លាំងណាស់» លោក Shahriman Zaharudin​ និយាយ​ដូច្នេះ និង​បន្ថែមថា «គម្រោង​ដំបូង​គឺ​ការប្រើប្រាស់​ខ្ទង់​ប្រាក់​ដែល​ប្រមូលបាន​ពី​ការលក់​អាជ្ញាប័ណ្ណ​បន្ត​ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​​ការ​ធ្វើ​សកម្មភាព»។

ការសម្រេចចិត្ត​របស់​កម្ពុជា បានធ្វើឱ្យ​ក្ដីសង្ឃឹម​ក្នុង​ការលក់​អាជ្ញាប័ណ្ណ​បន្ត​​របស់​ម៉ាឡេស៊ី ត្រូវ​រង់ចាំ​ដល់​ស៊ី​ហ្គេម​លើក​ទី 33 ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ប្រទេស​ថៃ។

កម្ពុជា​មិន​ត្រឹមតែ​មិន​គិតថ្លៃ​អាជ្ញាប័ណ្ណ​ទូរទស្សន៍​នោះទេ តែ​ក៏​មិន​គិតថ្លៃ​សំបុត្រ​ចូល​ទស្សនាការ​ប្រកួត​នៅ​ស៊ី​ហ្គេម ព្រមទាំង​មិន​គិតថ្លៃ​ហូបចុក ស្នាក់នៅ និង​ការធ្វើដំណើរ​របស់​ប្រតិភូ​កីឡា​នៃ​បណ្ដា​ប្រទេស​ចូលរួម​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី 32 ទៀត​ផង៕

Advertisement